កីឡាអន្តរជាតិ
អន្តរជាតិ
ការជម្រុះ World Cup 2026 របស់កូរ៉េខាងជើង លើកទៅប្រកួតនៅប្រទេសឡាវវិញ
06, Jun 2024 , 8:39 am        
រូបភាព
ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ FIFA World Cup 2026 តំបន់អាស៊ី រវាងក្រុមជម្រើសជាតិកូរ៉េខាងជើង ទល់នឹងក្រុមស៊ីរី រួមទាំងមីយ៉ាន់ម៉ា ផ្លាស់ប្តូរពីទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវវិញ។



ដំបូងកាលវិភាគប្រកួត នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Kim Il Sung ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១១ ខែមិថុនា ប៉ុន្តែយ៉ាងណាមិញ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសថា ការប្រកួតទាំងពីរនេះ ត្រូវផ្លាស់ប្តូរមកពហុកីឡដ្ឋានជាតិ Laos ស្ថិតក្នុងប្រទេសឡាវ វិញ។ 
 
ចំពោះការផ្លាស់ប្តូរទីទាំងប្រកួត សហព័ន្ធបាល់ទាត់ស៊ីរី (SFA) មិនទាន់មានមូលហេតុច្បាស់លាស់ឡើយ ។ តែបើតាមការចុះផ្សាយរបស់សារព័ត៌មាន NK News សហព័ន្ធបាល់ទាត់ស៊ីរី បានស្នើសុំប្រកួតក្នុងកីឡដ្ឋានអព្យាក្រិត ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកគេធ្លាប់បានប្រកួតយកឈ្នះលើក្រុមកូរ៉េខាងជើង កាលពីជើងទីមួយដោយលទ្ធផល ១-០។
 
កាលពីថ្ងៃទី១៣ ខែឧសភា AFC បានប្រកាសនៅលើគេហទំព័រផ្លូវការខ្លួនថា ការប្រកួតរវាងកូរ៉េខាងជើង ទល់នឹងក្រុមស៊ីរី និងមីយ៉ាន់ម៉ា ផ្លាស់ទៅធ្វើនៅក្នុងប្រទេសឡាវ។ បន្ថែមពីការផ្លាសប្តូរទីតាំងប្រកួតនេះ AFC ក៏មានក្តីបារម្ភចំពោះការប្តូរចិត្តបោះបង់ការប្រកួតរបស់ក្រុមកូរ៉េខាងជើងសារជាថ្មី ។ កាលខែមីនា កូរ៉េខាងជើង ធ្លាប់លុបចោលការប្រកួតទល់នឹងជប៉ុន ក្នុងវគ្គជម្រុះ World Cup 2026 នេះម្តងរួចមកហើយ ៤ថ្ងៃមុនការប្រកួតមកដល់។
 
បច្ចុប្បន្ន កូរ៉េខាងជើង ស្ថិតក្នុងពូល B ការប្រកួតជម្រុះជុំទី២ ហើយពួកគេជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មានចំនួន ៣ពិន្ទុ ក្នុងដៃ។ ជប៉ុនដែលកកកៅអីនៅការប្រកួតជុំទី៣ រួចស្រេចនោះ ឈរកំពូលតារាងមាន ១២ពិន្ទុ ចំណែកស៊ីរី មាន ៧ពិន្ទុ នៅលេខ២ រីឯ មីយ៉ាន់ម៉ា ឈរបាតតារាងមាន ១ពិន្ទុ៕
 

Tag:
 កូរ៉េខាងជើង
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com