ជាតិ
«ងើបមួយ ចាប់មួយ»! សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យបង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែង
06, Jun 2024 , 4:58 pm        
រូបភាព
គ្មានការលើកលែង ចំពោះក្មេងទំនើង ដែលប្រព្រឹត្តខុសច្បាប់ឡើយ។ សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសដាច់ណាត់បែបនេះ ដោយឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តអនុវត្តវិធានការបង្ក្រាបក្មេងទាំងនោះ ដោយគ្មានការដកថយ។



សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបង្ក្រាបក្មេងទំនើងនេះ គឺអនុវត្តពេញមួយអាណត្តិ នៃការដឹកនាំរបស់សម្ដេច តែម្ដង។ ប្រមុខរដ្ឋាភិបាល បានបន្ថែមថា ការអនុវត្តវិធានការក្តៅលើក្មេងទំនើង ឬក្រុមប្រើប្រាស់ដាវសាំម៉ូរៃនេះ ត្រូវអនុវត្តឱ្យដូចភ្លៀងរលឹម ពោលគឺមានក្រុមណាមួយបង្កហិង្សា និងអសន្តិសុខក្នុងសង្គម ត្រូវតែបង្ក្រាប និងចាប់មកអនុវត្តច្បាប់ភ្លាមៗ ដោយប្រើវិធីបង្ក្រាប «ងើបមួយសង្កត់មួយ , ងើបមួយក្រុមសង្កត់មួយក្រុម»។ 
 
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត»  នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា នាយករដ្ឋមន្រ្តីអាណត្តិទី៧រូបនេះ បានបញ្ជាក់ដូច្នេះ៖« «អនុវត្តក្តៅហើយរឿងក្រុមកាប់ដាវសាំម៉ូរៃ ដើម្បីជួយឱពុកម្តាយថែទាំបង្ការកុំឱ្យឈានដល់ដាច់ដៃដាច់ជើង ឫស្លាប់ ។ អនុវត្តបទបញ្ជារគ្រប់ខេត្តទាំងអស់ត្រូវអនុវត្ត ឱ្យតែមានមួយងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ មួយអាណត្តិពេញ រាប់អាណត្តិទៅក្រោយៗទៀត អត់មានដាក់មួយឃើញតែមួយអាណត្តិនេះទេ»។
 
សម្តេច ហ៊ុន ម៉ាណែត បានស្នើទៅប្រព័ន្ធតុលាការរួចហើយថា នៅពេលអាជ្ញាធរ ឬសមត្ថកិច្ច ចាប់ក្មេងបានទំនើងហើយ ប្រព័ន្ធតុលាការអនុវត្តតាមវិធានការច្បាប់ និងពិនិត្យទោសកំហុសជាក់ស្ដែង និងមិនត្រូវដោះលែងវិញ ដោយគ្មានមូលហេតុនោះទេ ។ «បើមានមូលហេតុច្បាស់លាស់ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីរួមគ្នាធ្វើ និងជាការព្រមាន(ក្រុមក្មេងទំនើង)»។ សម្ដេច បន្ថែម។ 
 
ករណីសំណុំរឿងក្មេងទំនើង ត្រូវបានរដ្ឋមន្ត្រីយុត្តិធម៌ចាត់ទុកជាសំណុំរឿងអាទិភាព។ នៅ​ក្នុង​កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតុលាការទូទាំងប្រទេស កាលពីថ្ងៃទី៥ មិថុនា លោក កើត រិទ្ធ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ការបង្កើតក្រុមការងារ​តាម​ដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការច្បាប់ នៅក្នុងសំណុំរឿងក្មេងទំនើង ក៏​ដូចជា សំណុំរឿងគ្រឿងញៀន, សំណុំរឿងចរាចរណ៍ និងសំណុំរឿងអត្រានុកូលដ្ឋាន ដែល​សុទ្ធ​សឹងជាសំណុំរឿងអាទិភាព នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញ​និងពន្លឿន​ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ​និងដោះស្រាយភាព​មិនប្រក្រតីនៅតាមតុលាការ»។ 
 
រយៈពេល៦ខែនេះ សមត្ថកិច្ចបានបង្ក្រាបសកម្មភាព​ក្មេងទំនើង ប្រមាណ ៨០០ករណី ពោលគឺកើនឡើង២០០ករណី បើធៀបនឹងឆ្នាំ២០២៣។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ប្រមាណ២ ០០០នាក់ ក្នុងនោះ១ ៥០០នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ធ្វើកិច្ចសន្យា និងប្រគល់ទៅអាណាព្យាបាល​វិញ។ យ៉ាងណាក៏ដោយ មានក្មេងទំនើងជាង៤០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដោយសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ៕ 
 

Tag:
 ហ៊ុន ម៉ាណែត
  ក្មេងទំនើង
© រក្សាសិទ្ធិដោយ thmeythmey.com