ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានអត្ថប្រយោជន៍ តែត្រូវប្រើឱ្យចំគោលដៅ
07, Jun 2024 , 11:06 am        
រូបភាព
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំទិសដៅអនាគត ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងជំនួបស្វាគម៍គណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ មិថុនា។

 
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែត្រូវប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ឱ្យចំគោលដៅត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើង ដោយមនុស្ស។
 
«ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់»។ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់បែបនេះ។
 
សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មានសារៈសំខាន់ណាស់ សម្រាប់អនុញ្ញាតឱ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការចូលរួមពីបច្ចេកវិទ្យា។ ជាមួយគ្នានេះ សម្ដេច បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់ រួបរួមគ្នាជាធ្លុងមួយ ចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីជំរុញឱ្យបច្ចេកវិទ្យា អាចបំពេញតួនាទីបានល្អប្រសើរ។ 
 
វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរីកចម្រើនខ្លាំង នៅក្នុងសហគមន៍អាស៊ាន។ ក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតជាមូលដ្ឋានគ្រឹះលើគ្រប់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផែនការអនុវត្តសកម្មភាពអាស៊ានស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ។ ផែនការនេះបង្ហាញពីជំហាន និងគោលដៅសំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវការបង្កើតអាស៊ានរីកចម្រើន អាស្រ័យលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ 
 
នាពេលបច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្នា ដើម្បីបង្កើតផែនការយុទ្ធសាស្ត្របន្ទាប់ សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ ២០២៦-២០៣៥។ ផែនការយុទ្ធសាស្រ្តនេះ ត្រូវការសហការរវាងរដ្ឋជាសមាជិក និងដៃគូសន្ទនាទាំងអស់ ដើម្បីបង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ឈានដល់កម្រិតថ្មីមួយ នៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់មួយទៀត។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលរបស់គណៈកម្មាធិការអាស៊ានស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជ្រើសរើសទិសដៅអាទិភាព ដែលបន្ទាប់មកត្រូវបានអនុម័តដោយរដ្ឋមន្ត្រីអាស៊ានផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

Tag:
 ហ៊ុន ម៉ាណែត
  បច្ចេកវិទ្យា
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com