ជាតិ
ព័ត៍មានសុខភាព
សុខភាព
ក្រសួង ហាមមិនឱ្យលក់និងប្រើផលិតផលជំនួយសុខភាព Mentopas ដែលគ្មានលេខបញ្ជិកា
07, Jun 2024 , 12:09 pm        
រូបភាព
ផលិតផលជំនួយសុខភាព Mentopas គ្មានលេខបញ្ញិកា និងមានលេខបញ្ជិកា ដែលក្រសួងយកមកធៀបគ្នា។ រូបពី ក្រសួងសុខាភិបាល
ផលិតផលជំនួយសុខភាព Mentopas គ្មានលេខបញ្ញិកា និងមានលេខបញ្ជិកា ដែលក្រសួងយកមកធៀបគ្នា។ រូបពី ក្រសួងសុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមមិនឱ្យចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopasដោយសារគ្មានលេខបញ្ចិកាពីកសួង ដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៦មិថុនា។

 
ក្រសួងសុខាភិបាល ពិនិត្យឃើញផលិតផលជំនួយសុខភាព Mentopas គ្មានលេខបញ្ញិកាពីក្រសួង កំពុងចរាចរលើទីផ្សារ ដែលមានលក្ខណៈស្រដៀងនឹងផលិតផលជំនួយសុខភាព ដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។ 
 
ហេតុនេះ ក្រសួងបានប្រៀបធៀបគ្នាយ៉ាងលម្អិត ពីការសម្គាល់ផលិតផលជំនួយសុខភាព Mentopas ដែលមានបញ្ជិកា និងគ្មានប្រភពច្បាស់លាស់។ ផលិតផលជំនួយសុខភាព Mentopas ដែលមានលេខបញ្ជិកា លើប្រអប់ផ្នែកខាងលើ លតាបត្របញ្ជិកា ខ្មៅនិងស។ ចំណែក ផលិតផលជំនួយសុខភាព Mentopas ដែលគ្មានប្រភពច្បាស់លាស់ គឺគ្មានលតាបត្របញ្ជិកា និងខ្លះ មាន លតាបត្របញ្ជិកា មានពណ៌សនិងក្រហម។ ចំណែក ប្រអប់ផលិតផលជំនួយសុខភាព Mentopas ដែលមានលេខបញ្ជិកា មានពណ៌ប៉ៃតងរលោង ខណៈ Mentopas ដែលគ្មានលេខបញ្ជិកា គឺមានពណ៌បៃតងចាស់។ 
 


តាមរយៈករណីនេះ ក្រសួងសុខាភិបាលក៏បានណែនាំឱ្យប្រជាពលរដ្ឋ មុននឹងទិញឱសថ ត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ និងលតាបត្រដែលត្រឹមត្រូវ ក្នុងនោះមានពីរផ្នែក គឺខាងលើមានឈ្មោះក្រុមហ៊ុន និងផ្នែកខាងក្រោមមានលេខបញ្ញិកា។ ជាមួយគ្នាដែរ ក្រសួងប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ផលិតផលជំនួយសុខភាព ដែលគ្មានលេខបញ្ញិកាឡើយ ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឡើយ។ លើសពីនេះ វាអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ផងដែរ។
 
ក្រសួងសុខាភិបាល បញ្ជាឱ្យអ្នកចែកចាយ និងអ្នកលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល និងចែកចាយជាបន្ទាន់។ ក្រសួងព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ លើជនណាដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ ។ 
 
យោងតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផល ដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ។ ផលិតផលទាំងនោះ ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល៕ 
 


© រក្សាសិទ្ធិដោយ thmeythmey.com