ជាតិ
លោក សាត ឌិច ​​បន្ត​និពន្ធសៀវភៅកុមារ ដែលផ្តល់ទាំងការកម្សាន្ត និងអត្តសញ្ញាណ​ខ្មែរ ​
08, Jun 2024 , 7:59 am        
រូបភាព
លោក សាត ឌិច ជាមួយស្នាដៃសៀវភៅដែលលោកបាននិពន្ធ។ រូបពី លោក ឌិច
លោក សាត ឌិច ជាមួយស្នាដៃសៀវភៅដែលលោកបាននិពន្ធ។ រូបពី លោក ឌិច
លោក សាត ឌិច បានដើរលើវិថីជាអ្នកនិពន្ធសៀវភៅកុមារ អស់រយៈពេល៨ឆ្នាំហើយ ដោយ​​បាននិពន្ធសៀវភៅប្រមាណ ១០០ចំណងជើង។ ដ្បិតមានអាជីពជាគ្រូបង្រៀនហើយក៏ដោយ លោក សាត ឌិច នៅតែមិនបោះបង់ការងារតែនិពន្ធសៀវភៅកុមារ ព្រោះ​​លោក​​​យល់ថា ការនិពន្ធអាចឱ្យលោក​ឈ្វេងយល់ពីផ្ដល់គំនិតថ្មីៗ ផ្តល់សារអប់រំ​ដល់កុមារតាមរយៈសៀវភៅ និងរួមចំណែកឱ្យកុមារស្រលាញ់​ការ​អាន។

 
​​ឈានជើងចូលក្នុងវិស័យសរសេររឿងខ្លីៗ សម្រាប់​កុមារ ចាប់តាំងពីឆ្នាំ២០១៦ លោក សាត ឌិច មើលឃើញថាសៀវភៅកុមារនៅកម្ពុជា ភាគច្រើន​បកប្រែពីភាសាដទៃ​។ នេះក៏ជាមូលហេតុ​ដែល​ជំរុញ ឱ្យលោក សាត ឌិច ​បន្តនិពន្ធបន្ថែមទៀត ដើម្បីអាចបញ្ជ្រាបអត្តសញ្ញាខ្មែរ និងគំនិតអប់រំល្អៗ ដល់ក្មេងៗ។ អ្នកនិពន្ធសៀវភៅកុមាររូបនេះ ក៏តាំងចិត្តខិតខំបញ្ចូលតម្លៃអប់រំសម្រាប់កុមារ រួមបញ្ចូល​ជាមួយនឹងអត្តសញ្ញា​ខ្មែរផងដែរ ដូចជា​រឿង ឆត្រ​ស្លឹក​ដូង កូនកំប្រុកឃ្លានឆី ពីងពីងអស្ចារ្យជាដើម។ លោក សាត ឌិច អះអាងថា លោកបានរំលេចពីអត្ថប្រយោជន៍នៃដើមដូង ការងារហត្ថកម្ម ផ្លែឈើចម្ប៉ាដាក់ សំ​ឡេង​សត្វជាដើម។
 
លោក សាត ឌិច ចូលរួមលើកកម្ពស់ការអានតាមរយៈស្នាដៃនិពន្ធរបស់ខ្លួននាពេលកន្លងមក។ រូបពី លោក ឌិច

«​ហេតុអ្វីខ្ញុំ នៅតែបន្តសរសេររឿង​កុ​មារ! គឺដោយសារខ្ញុំចង់ឱ្យ ខ្មែរយើងសម្បូរសៀវភៅកុ​មារ​ច្រើន សម្បូរបែប ជាជាងយក​សៀវ​ភៅពីបរទេសមកបកប្រែ ព្រោះពេលយើងបង្កើតសៀវភៅជារបស់យើង យើងបាន​បញ្ចូលអត្តសញ្ញាយើងបាន។ បើបកប្រែពីបរទេសមក វាមានគំនិតអប់រំដែរ តែវាជាប់​អត្តសណញ្ញារបស់បរទេសច្រើន! យើងអត់ចង់បានអ៊ីចឹងទេ!»។ អ្នកនិពន្ធសាត ឌិច ពន្យល់ដូច្នេះ រួមបន្ត​អះអាថា ការសរសេរសៀវភៅកុមារ តម្រូវឱ្យ​មានការ​ប្រុងប្រយ័ត្នខ្ពស់ពិសេសការបរិយាកាសសាច់រឿង ចាប់តាំងពីចំណុចចាប់ផ្ដើម រហូតបញ្ចប់។
 
លោក ឌិច ពន្យល់ថា កុមារត្រូវការអារម្មណ៍កម្សាន្តសប្បាយច្រើន ជាងការបញ្ចូលសារអប់រំ ព្រោះក្មេងអាចលែងមានរីករាយក្នុងការអាន។ ហេតុនេះក្នុងនាមជាអ្នកនិពន្ធមួយរូប លោក​ព្យា​យាមប្រើពាក្យធម្មតាៗ ងាយយល់ ដើម្បីកុមារ​ទទួលបាន​ទាំងការអប់រំ និងកម្សាន្ត​សប្បាយ​ ក្នុងពេល​ជាមួយគ្នា។ 
 
បើតាមអ្នកនិពន្ធវ័យ៣០ឆ្នាំរូបនេះ ក្នុងចំណោមសៀវភៅរឿងកុមារទាំងជាង ​១០០ចំណង​ជើង​ដែលលោកបានសរសេរ មានស្នាដៃ រឿងកញ្ចាញ់ចេកសម្គម ទទួល​ការគាំទ្រខ្លាំងជាងគេ រហូតដល់បង្កើតជាវីដេអូរឿងខ្លីផង​។ លោក សាត ឌិច ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ រឿងកុមារ «ម៉ម៉ បាត់សៀវ​ភៅ​» ដែលជាពានរង្វាន់រឿងកុមារកាលពីឆ្នាំ២០១៩។ លោក សាត ឌិច ធ្លាប់ទទួល​​​​​បាន​ជ័យ​លាភីកិត្តិយសជាច្រើនទៀតដែរ លើផ្នែកកំណាព្យ រឿងខ្លី និងប្រលោមលោក ដូចជារឿង រួម​​គ្នាប្រ​ឆាំងអំពើពុករលួយ, យុវជនកូនកសិករ, ឈាមយុវជន, តំណក់ឈាមមាស​ជា​ដើម៕

សៀវភៅរឿង ពីងពីងអស្ចារ្យ ស្នាដៃរបស់លោក សាត ឌិច។ រូបពីលោក ឌិច

ស្នាដៃសៀវភៅរបស់ លោក សាច ឌិច។ រូបពី លោក ឌិច

Tag:
 អប់រំ
  កុមារ
  សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com