ជាតិ
អត្ថបទពាណិជ្ជកម្ម
ដាយ អ៊ិឈិ ឡាយហ្វ៍ សហការជាមួយមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដើម្បីបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព
07, Jun 2024 , 3:53 pm        
រូបភាព
ដាយ អ៊ិឈិ ឡាយហ្វ៍ ​(ខេមបូឌា) បានបរិច្ចាគ​ថវិកាចំនួន ២៥ ០០០ដុល្លារ រួមជាមួយនឹងអាហារចាំបាច់ទៅកាន់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដើម្បីគាំទ្រមជ្ឈមណ្ឌលក្នុងការផ្តល់ការថែទាំសុខភាព និងព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺកាន់តែច្រើន និងដើម្បីរួមចំណែកសាងសង់អគារមន្ទីរពេទ្យថ្មីនៅខេត្តកណ្តាល។ ការបរិច្ចាគនេះ បានបញ្ជាក់យ៉ាងច្បាស់ ពីការខិតខំរួមចំណែកជួយដល់សង្គម និងការជំរុញកិច្ចសហការឲ្យកាន់តែរឹងមាំ រវាងជប៉ុន-កម្ពុជា តាមរយៈវិស័យថែទាំសុខភាពប្រកបដោយគុណភាព ខណៈក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កំពុងអបអរសាទរខួប៥ឆ្នាំរបស់ខ្លួននៅកម្ពុជា។
 
ពិធីបរិច្ចាគនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទី នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ​ប្រធាន និងសមាជិកក្រុមប្រឹក្សារបស់ក្រុមហ៊ុន​​ ដាយ អ៊ិឈិ ឡាយហ្វ៍ លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន និង​គណៈគ្រប់គ្រងជាន់ខ្ពស់មកពី ដាយ អ៊ិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន។
 
មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន គឺជាមជ្ឈមណ្ឌល​ឯកទេសរបស់ប្រទេសជប៉ុន ដែលបានប្តេជ្ញាផ្តល់សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិតថ្លៃ ជូនដល់ប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មកម៉្លេះ។ នៅឆ្នាំ២០២៣ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺទាំងពេញវ័យ និងកុមារជាង៣ម៉ឺននាក់ រួមទាំងកុមារមានជំងឺមហារីកផងដែរ។ ដាយ អ៊ិឈិ ឡាយហ្វ៍​ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ របស់ប្រទេសជប៉ុន និងជាដៃគូគាំទ្រដំបូងរបស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមបោះជំហានចូលមកប្រទេសកម្ពុជា។ កន្លងមក ដាយ អ៊ិឈិ ឡាយហ្វ៍ បានជួយបរិច្ចាគឧបករណ៍វះកាត់ និងថែទាំអ្នកជំងឺ គាំទ្រការបរិច្ចាគឈាម និងជំនួយសម្ភារសំខាន់ៗផ្សេងទៀត។
 


លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានមានប្រសាសន៍ថា៖ «យើងអរគុណយ៉ាងក្រៃលែងចំពោះការបរិច្ចាគពី ដាយ អ៊ិឈិ ឡាយហ្វ៍។ ការរួមចំណែកនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្ត​ទៀតរបស់យើង ក្នុងការផ្តល់ការថែទាំ ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកាន់តែច្រើនទៀត។ លោកស្រីវេជ្ជបណ្ឌិតបាន បន្ថែមថា៖ «ជាមួយការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះសហគមន៍នៅកម្ពុជា កិច្ចសហការជាមួយក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តដូចជា ដាយ អ៊ិឈិ ឡាយហ្វ៍ ពិតជាសំខាន់ក្នុងការធានាអនាគត និងសុខុមាលភាពកាន់តែប្រសើរសម្រាប់សហគមន៍»។

 


លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍​ បានមានប្រសាសន៍ថា៖ «លើសពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ការការពារអនាគតហិរញ្ញវត្ថុជូនដល់អតិថិជន ដាយ អ៊ិឈិ ឡាយហ្វ៍ តែងតែ​គាំទ្រដល់សុខុមាលភាពរបស់សហគមន៍។ ការបរិច្ចាគនេះ មានបំណងជួយដល់អ្នកជំងឺកាន់តែច្រើន ជាពិសេសកុមារ ក្នុងការទទួលបានការថែទាំ និងព្យាបាលប្រកបដោយគុណភាពដែលពួកគាត់ត្រូវការ ដែលវាគឺជាផ្នែកដ៏សំខាន់មួយ នៃការប្តេជ្ញាចិត្តរបស់យើង។ ខ្ញុំមានមោទកភាព ចំពោះភាពជាដៃគូ​មួយនេះ ជាមួយនឹងគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍»។
 
 


អំពី ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១២១ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិចឆេង (Tokyo Stock Exchange)។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២មក យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ “ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ “អតិថិជនជាចម្បង” ។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្ត តាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់សហគមន៍ក្នុងមូលដ្ឋាន។ ក្នុងនាមជាក្រុមហ៊ុន DLHD យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់ស្រឡាញ់។
 
*ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង អ៊ីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤)៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com