ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនហ្វតតេ ឡាយហ៍្វ ដាក់សម្ពោធជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលប្រើប្រាស់សេវាកម្មរបស់ ហ្វតតេ ឡាយហ្វ៍
07, Jun 2024 , 4:35 pm        
រូបភាព
ភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានរៀបចំកម្មវិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ «Forte Life Customer App» ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលប្រើប្រាស់សេវារបស់ហ្វតតេ ឡាយហ្វ៍ និងជំរុញដល់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យធានារ៉ាប់រង (InsurTech) ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រដ្ឋាភិបាល។

កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ, លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងក្រុមការងារគ្រប់ជាន់ថ្នាក់។
 
លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ ក្នុងដំណើរឆ្ពោះទៅមុខឥតដែនកំណត់របស់ក្រុមហ៊ុន។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបជាពន់ពេក ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នូវកម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន។ គោលបំណងនៃការបង្កើតកម្មវិធីលើទូរសព្ទដៃនេះ គឺដើម្បីផ្តល់ជូននូវបទពិសោធថ្មី ផ្តល់ភាពងាយស្រួល រហ័ស និងសាមញ្ញជាទីបំផុត ទៅកាន់អ្នកប្រើប្រាស់ជាអតិថិជន។»



កម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ «Forte Life Customer App» ផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់អតិថិជនដូចជា គ្រប់គ្រងបណ្ណសន្យារ៉ាប់រង, ពិនិត្យមើលព័ត៌មានលម្អិតអំពីបណ្ណសន្យារ៉ាប់រង, ទាញយកឯកសារបណ្ណសន្យារ៉ាប់រង, មើលកាលកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ និងធ្វើការទូទាត់ដោយផ្ទាល់ក្នុងកម្មវិធីទូរសព្ទដៃ រួមទាំងមើលប្រវត្តិនៃការទូទាត់, មើលព័ត៌មានលម្អិត និងលក្ខណៈពិសេសរបស់ផលិតផលធានារ៉ាប់រងផ្សេងៗ។ អ្វីដែលពិសេសសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ គឺងាយស្រួលស្នើសុំផ្លាស់ប្តូរព័ត៌មានបណ្ណសន្យារ៉ាប់រង និងការស្នើសុំទាមទារសំណងទៅតាមដំណាក់កាលដ៏សាមញ្ញ មិនស្មុគស្មាញ និងរហ័សទាន់ចិត្ត។
 
«កត្ដាធំៗចំនួនពីរ ដែលក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ បង្កើតកម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ «Forte Life Customer App» ទីមួយគឺជាយុទ្ធសាស្រ្ដពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន និងទំនើបកម្មនៃដំណើរការអាជីវកម្មរបស់ ហ្វតតេ ឡាយហ្វ៍ ដែលបានគិតគូរ និងតែងតែប្រើប្រាស់បច្ចេកទេសថ្មីៗដើម្បីជួយសម្រួលដោះស្រាយបញ្ហា ក៏ដូចជាធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ទី២ ស្របតាមយុទ្ធសាស្រ្ដនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការជំរុញដល់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យធានារ៉ាប់រងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រដ្ឋាភិបាល»។ នេះបើតាមការលើកឡើងបន្ថែមរបស់ លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍។
  


គួរបញ្ជាក់ផងដែរថា កម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ «Forte Life Customer App» បានដាក់ឱ្យអតិថិជនប្រើប្រាស់សាកល្បងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយទទួលបានការសារទរ និងកោតសរសើរពីអតិថិជនរបស់ហ្វតតេផ្ទាល់តែម្ដង ដែលកម្មវិធីមួយនេះបានផ្ដល់ភាពងាយស្រួលដល់ពួកគាត់ជាងមុនបន្ថែមទៀត។ 
 
អតិថិជនរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អាចទាញយកកម្មវិធីលើទូរសព្ទដៃ «Forte Life Customer App» តាមរយៈ៖
 
កម្មវិធីលើទូរសព្ទដៃ IOS ៖ https://apps.apple.com
កម្មវិធីលើទូរសព្ទដៃ Android ៖ https://play.google.com
 
(អត្ថបទពាណិជ្ជកម្ម)











© រក្សាសិទ្ធិដោយ thmeythmey.com