ជាតិ
អគ្គលេខាធិការដ្ឋានកំណែទម្រងច្បាប់ នឹងមាននាយកដ្ឋាន៤ ដើម្បីជួយរៀបចំគោលនយោបាយ និងច្បាប់
07, Jun 2024 , 6:59 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព Samdech Thipadei Hun Manet
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព Samdech Thipadei Hun Manet
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចឱ្យអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់(គ.ក.ច) មាននាយកដ្ឋានចំនួន៤ ដើម្បីពិនិត្យលើការរៀបចំតាក់តែងគោលនយោបាយ និងច្បាប់។ នេះបើតាមអនុក្រឹត្យ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច។

 
អនុក្រឹត្យ ស្ដីពី ការការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច គ.ក.ច. មាន៤ជំពូក និង១៥មាត្រា ដែលចេញដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងអនុក្រឹត្យនេះ ចែងថា អគ្គលេខាធិការដ្ឋាន គ.ក.ច. មានតួនាទីជាសេនាធិការឱ្យ គ.ក.ច. ហើយត្រូវសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពសម្រាប់ការងារកែទម្រង់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ អគ្គលេខាធិការដ្ឋាន គ.ក.ច ជាអ្នកត្រួតពិនិត្យ វាយតម្លៃ រួមទាំងលើកសំណើអំពីដំណោះស្រាយ ដើម្បីកែលម្អច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ 
 
អគ្គលេខាធិការដ្ឋាន គ.ក.ច. គឺមាននាយកដ្ខានចំនួន៤ គឺនាយកដ្ឋានគោលនយោបាយនិងផែនការ, នាយកដ្ឋានប្រឹក្សាច្បាប់និងតាមដានការអនុវត្តច្បាប់, នាយកដ្ឋានផ្សព្វផ្សាយ ទំនាក់ទំនងសាធារណៈនិងកិច្ចសហប្រតិបត្តិការ និងនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញកិច្ច។ 
 
ចំពោះនាយកដ្ឋានគោលនយោបាយនិងផែនការ ជាអ្នកសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ការងារកែទម្រង់ច្បាប់។ រីឯនាយកដ្ឋានប្រឹក្សាច្បាប់ និងតាមដានការអនុវត្តច្បាប់ ជាអ្នកសិក្សានិងប្រឹក្សាលើតម្រូវការនៃការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់គោលនយោបាយ
និងច្បាប់នានា។ ចំណែក នាយកដ្ឋានផ្សព្វផ្សាយ ទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការ ជាសម្របសម្រួលការងារទំនាក់ទំនងសាធារណៈនិងកិច្ចការនាំពាក្យ។ ដោយឡែក នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញកិច្ច ជាអ្នកគ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់ គ.ក.ច. រួមទាំងរៀបចំផែនការយុទ្ធសាស្ត្រថវិកានិងគម្រោងថវិកាប្រចាំឆ្នាំរបស់ គ.ក.ច.៕ 

Tag:
 ការកែទម្រង់ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com