កីឡាអន្តរជាតិ
អន្តរជាតិ
ឪពុកខ្លាំងកូនខ្លាំង! ឪពុក Bellingham ក៏ជាកីឡាករធ្លាប់រកបាន ៤៨គ្រាប់ ក្នុង១រដូវកាល
08, Jun 2024 , 4:39 pm        
រូបភាព
Jude Bellingham មកដល់បច្ចុប្បន្នបានក្លាយជាតារាបាល់ទាត់លំដាប់ពិភពលោកមួយរូប នៅត្រឹមវ័យ ២០ឆ្នាំ ប៉ុន្តែប្រហែលជាមានមនុស្សជាច្រើនមិនធ្លាប់ដឹងឡើយ ថាតារាបាល់ទាត់សញ្ជាតិអង់គ្លេសរូបនេះ បានដើរតាមគន្លងឪពុករបស់ខ្លួន ដែលធ្លាប់ជាអតីតកីឡាករបាល់ទាត់ដ៏ល្អមួយរូប។



ខ្សែបម្រើសញ្ជាតិអង់គ្លេស បានចាប់ផ្តើមអាជីពដំបូងក្នុងនាមជាកីឡាករក្រុមយុវជន របស់ក្លិប ​Birmingham និងចាប់ផ្តើមចូលរួមក្រុមធំក្លិប Birmingham នៅអាយុ ១៦ឆ្នាំ ក្នុងឆ្នាំ ២០១៩។ អំឡុងពេលនៅលេងក្លិប Birmingham កាលនោះកីឡាករវ័យ ២០ឆ្នាំ ត្រូវបានគ្រូបង្វឹកលោក លោក Pep Clotet ដាក់ឱ្យលេងនៅទីតាំងស្លាបឆ្វេង។ 
 
បន្ទាប់ពីលេងជាខ្សែបម្រើស្លាប បានរយៈពេលខ្លី Bellingham ត្រូវបានផ្លាស់ប្តូរទៅជាកីឡាករខ្សែបម្រើកណ្តាលភ្លាមៗ មុនពេលរូបត្រូវបានក្លិប Borussia Dortmund ទិញទៅ។ ទៅលេងឱ្យក្លិបនៅអាល្លឺម៉ង់ បានត្រឹមតែ ១រដូវកាលប៉ុណ្ណោះ Bellingham ត្រូវបានក្រុម Real Madrid ទិញយកទៅចូលរួមក្រុមក្នុងតម្លៃខ្លួនប្រមាណ ១៣០លានដុល្លារ បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Karim Benzema។
 
ទៅកាន់ក្លិប Real Madrid កីឡាករវ័យ ២០ឆ្នាំ ក៏បានបង្កើតកំណត់ត្រាជាច្រើន ដោយរូបគេ នៅត្រឹមរដូវកាលដំបូងប៉ុណ្ណោះ រកបានគ្រាប់បាល់ជាង ២០គ្រាប់ ថែមទាំងជួយដល់ក្លិបយក្សប្រចាំអេស្ប៉ាញឈ្នះពាន La Liga និង Champions League ផងដែរ។ ដើរតួនាទីក្នុងនាមជាខ្សែបម្រើ​ ប៉ុន្តែកីឡាអន្តរជាតិអង់គ្លេស តែឆ្មក់ឱកាសស៊ុតបាល់បញ្ចូលទីជារឿយៗ។
 
តួនាទីជាខ្សែបម្រើប្រយុទ្ធ ហាក់មិនមានភាពខុសគ្នាឆ្ងាយឡើយ ទៅនឹងឪពុករបស់គេផ្ទាល់ លោក Mark Bellingham ដែលធ្លាប់ប្រកបអាជីពជាកីឡាករបាល់ទាត់ នឹងមានតួនាទីជាខ្សែប្រយុទ្ធ។ លោក Mark ធ្លាប់ប្រកបអាជីពនៅក្លិបចំនួន ២០ផ្សេងគ្នា ហើយលោកតែងតែជាកីឡាករដែលស៊ុតបាល់គ្រាប់បាល់បញ្ចូលនៅគ្រប់ការប្រកួត។
 
ត្រឹមវ័យ ៤០ឆ្នាំ លោក Mark រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីប្រមាណ ៧០០គ្រាប់ ដោយកាលនោះលោកបានលេងឱ្យក្លិប Paget Rangers ស្ថិតក្នុងលីគ Midland League លំដាប់ទី២ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់អង់គ្លេស FA។ មកដល់ពេលនេះ ឪពុករបស់កីឡាករ​ Jude Bellingham មានវ័យ ៤៨ឆ្នាំ ហើយ។
 
លោក Mark Bellingham ក៏ធ្វើការងារជាមន្ត្រីប៉ូលិស នៅឯភាគខាងលិចទីក្រុង Midland ស្ថិតក្រោមស្ថាប័ន West Midland Police ទន្ទឹមនឹងការប្រកបអាជីពជាកីឡាករបាល់ទាត់មួយរូប កាលជំនាន់របស់លោកផងដែរ។ លោក Mark បានចូលនិវត្តន៍ពីវិស័យបាល់ទាត់ក្នុងឆ្នាំ ២០១៩ នៅត្រឹមវ័យ ៤៣ឆ្នាំ។
 
កាលឆ្នាំ ២០០៩ លោក Mark បានស៊ុតបាល់បញ្ចូលទី ៤៩គ្រាប់ ប្រចាំរដូវកាល ហើយដែលកាលនោះបានជួយដល់ក្រុម Leamington ឡើងទៅកាន់ការប្រកួតពានរង្វាន់កម្រិតខ្ពសជាង ពានរង្វាន់ Premier League ភាគខាងត្បូង។ លោក Mark Bellingham ជាកីឡាករម្នាក់តែងទទួលបានការសរសើរពីសំណាក់គ្រូបង្វឹក ចំពោះវិន័យដ៏ល្អរបស់លោក។
 
យ៉ាងណាមកដល់ពេលនេះ លោក Mark Bellingham ដែលបានបញ្ចប់អាជីពពីវិស័យបាល់ទាត់រយៈពេល ៥ឆ្នាំ លោកបានមកធ្វើជាភ្នាក់ងារផ្ទាល់របស់កូនប្រុស ដែលកំពុងប្រកបអាជីពនៅប្រទេសអេស្ប៉ាញ៕

Tag:
 Jude Bellingham
© រក្សាសិទ្ធិដោយ thmeythmey.com