កីឡាអន្តរជាតិ
អន្តរជាតិ
ចាញ់អុីស្លង់ លោក Southgate ទទួលស្គាល់អង់គ្លេសលេងអន់
08, Jun 2024 , 9:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ចាញ់ក្រុមអ៊ីស្លង់ ១-០ ក្នុងការប្រកួតកម្តៅសាច់ដុំចុងក្រោយ មុនទៅ Euro 2024។ បរាជ័យនៅ Wembley លោក​ Gareth Southgate ទទួលស្គាល់ក្រុមរហស្សនាមតោកំណាចលេងអន់។



១គ្រាប់របស់ Jon Dagur Thorsteinsson បានជួយអ៊ីស្លង់ឈ្នះអង់គ្លេស ១-០ ក្នុងជំនួបមិត្តភាព នៅរាត្រីថ្ងៃទី៧ ខែមិថុនា។ លោក Southgate ដែលដឹកនាំក្រុមអង់គ្លេសទី៩៥ប្រកួត ស្មើលោក Sir Bobby Robson យល់ច្បាស់ពីការខកចិត្តរបស់អ្នកគាំទ្រអង់គ្លេស ស្របពេល Euro 2024 កាន់តែខិតចូលមកដល់។
 
«ខ្ញុំ​យល់​ចំពោះបរាជ័យនេះ។ ក្រុមរបស់យើងធ្វើមិនបានល្អ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកគាំទ្រ។ ក្រុមរបស់យើងមានឱកាសល្អក្នុងការបញ្ចប់ទីច្រើនលើកដែរ តែធ្វើមិនបានសម្រេច។ យ៉ាងណា ខ្ញុំទទួលស្គាល់ថាក្រុមអង់គ្លេសលេងអន់»។ នេះជាការអះអាងរបស់លោក Southgate នៅចំពោះមុខអ្នកសារព័ត៌មានក្រោយចប់ការប្រកួត។
 
គ្រូបង្វឹកសញ្ជាតិអង់គ្លេស បានប្រកាស់សមាសភាពកីឡាករ២៦រូបចុងក្រោយទៅកាន់ព្រឹត្តិការណ៍អឺរ៉ុបរួចហើយ នៅមួយថ្ងៃមុនអង់គ្លេស ជួបអ៊ីស្លង់នេះ។ ក្នុងចំណោមកីឡាករទាំង២៦រូប លោក Southgate បញ្ចូលឈ្មោះតំបន់ប្រយុទ្ធច្រើន ស្របពេលតំបន់ការពារមានតិច។ Jame Madison Jack Grealish និង Harry Maguire ជាដើម សុទ្ធតែគ្មានឈ្មោះទៅអាល្លឺម៉ង់។
 
បើទោះលោក Southgate​ ចាត់ទុកជំនួបនេះអង់គ្លេសលេងអន់ក្តី ប៉ុន្តែមិនមែនមានន័យថាក្រុមខ្លួនលេងអន់នៅជំនួបបន្តបន្ទាប់នោះដែរ។ គ្រូបង្វឹកវ័យ៥៣ឆ្នាំ រៀបរាប់ថា៖ បរាជ័យនេះ ជួយខ្ញុំកត់ចំណាំអំពីគុណវិបត្តិរបស់ក្រុមបានច្រើន បើទោះមានប្រត្តិកម្មពីអ្នកគាំទ្រ។ ចំណុចខ្ពស់ក្នុងជំនួបនេះ យើងនឹងយកទៅកែកុននៅជំនួបក្រោយៗ។
 
ក្រុមតោកំណាចអង់គ្លេស នឹងត្រូវធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមប្រជែងជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។

អង់គ្លេស ស្ថិតក្នុងពូល C ជាមួយដាណឺម៉ាក ស៊ែប៊ី និងស្លូវេនី។ ជំនួបបើកឆាករបស់អង់គ្លេស ត្រូវប៉ះស៊ែប៊ី នៅរាត្រីថ្ងៃទី១៦ ខែមិថុនា វេលាម៉ោង ២អាធ្រាត្រ [ម៉ោងនៅកម្ពុជា]៕
 

Tag:
 Euro 2024
  Gareth Southgate
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com