ជាតិ
រយៈពេលជាង៥ខែ មាន​កម្មករជាង ៧ពាន់នាក់ដែលជួបគ្រោះថ្នាក់ការងារ បានប្រើ ប.ស.ស ​
10, Jun 2024 , 11:25 am        
រូបភាព
កម្មកររោងចក្រ។ រូបពីលោក វណ្ណា
កម្មកររោងចក្រ។ រូបពីលោក វណ្ណា
ភ្នំពេញ៖ គិតពីដើមខែមករា មកដល់ដើម ខែមិថុនា ក្នុងឆ្នាំ២០២៤នេះ បេឡាជាតិ​សន្តិសុខ សង្គម (ប.ស.ស) ​ បាន​ផ្ដល់​ការគាំពារដោយឥតគិតថ្លៃ ឬតាវកាលិក ផ្នែកហានិភ័យការងារដល់កម្មករ និយោជិត ដែល​ជា​សមាជិក ប.ស.ស. បាន ៧២៤៨នាក់។

 
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់​សារព័ត៌មានថ្មីៗ​​ថា កម្មករជាង៧ពាន់នាក់​នោះ បានរងគ្រោះថ្នាក់ការងារ អំឡុង​ពេល​បំ​ពេញ​ការងារ និងគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកកន្លែងការងារ។ ក្នុងចំណោមកម្មករ​ទាំងនោះ លោកអះអាងថា ប.ស.ស បានចំណាយថវិកាសរុបចំនួនជាង ៨ ៤០៦លានរៀល លើថ្លៃព្យាបាល រួមទាំងតាវកាលិកជាសាច់ប្រាក់ដែលជាអត្ថប្រយោជន៍ផ្សេងៗទៀត។ 
 
ជាមួយគ្នាដែរ ក្នុងចំណោម កម្មករជាង៧ពាន់នាក់ខាងលើ មានកម្មករ៥៦៤នាក់ ដោយ​ក្នុង​នោះ​មានស្រី ២២៧នាក់ បានស្នើសុំវាយតម្លៃពីការបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ ហើយ​ទទួល​បានធនលាភបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍។ 
 
កម្មករគួរយល់ដឹងអំពីវិធានការបង្ការហានិភ័យការងារ ដែលអាចកើតមានឡើងជាយថា​ហេតុនានា ទោះបីពួកគេ មានប័ណ្ណ ប.ស.ស.ក៏ដោយ។
 
«ចំពោះបញ្ហាគ្រោះថ្នាក់ការងារ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បាននិងកំពុងជំរុញការផ្សព្វផ្សាយអប់រំ​ឱ្យពួកគេ​(កម្មករ)​យល់ដឹង​អំពី​អត្ថប្រយោជន៍របបសន្តិសុខសង្គម…»។
 
អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមបែបនេះ ហើយ​លោកបន្ថែមថា ​យន្តការបង្ការហានិភ័យការងារនេះ ក្រសួងកំពុងជំរុញឱ្យមានការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ក្នុងការដឹកជញ្ជូន និងការធ្វើដំណើរ របស់កម្មករនិយោជិត, លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ, វិធានការទប់ស្កាត់ករណីសន្លប់របស់កម្មករនិយោជិត, ការអនុវត្តរបបសន្តិសុខសង្គមផ្នែក ហានិភ័យការងារ, អំពីវិជ្ជាសង្គ្រោះបឋម និងការទប់ស្កាត់ករណីបង្ការអគ្គិភ័យនៅកន្លែង ធ្វើការជាដើម។
 
សូមជម្រាបថា នៅពេលសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ នឹងទទួលបានសេវា សង្គ្រោះបន្ទាន់, សេវាព្យាបាលនិងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នក និងអ្នកថែទាំ។ លើសពីនេះ ពួកគេនឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយនៃប្រាក់ឈ្នួលជាប់ ភាគទានប្រចាំ ថ្ងៃ ពេលដែលឈឺមិនអាចទៅធ្វើការបាន និងឧបករណ៍ជំនួយផ្សេងៗប្រសិនរបួស ឬពិការ ។ ជាមួយគ្នាដែរ ពួកគេក៏អាចស្នើសុំវាយតម្លៃពីការបាត់បង់សមត្ថភាព ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ។ ចំណែក គ្រួសារសមាជិក ប.ស.ស នឹងទទួលបានប្រាក់ ឧបត្ថម្ភ ប្រសិនបើសមាជិក ប.ស.ស មានគ្រោះថ្នាក់ដល់ជីវិត៕ 

Tag:
 កម្មករ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com