ជាតិ
ប្រទះឃើញផ្សោតប្រភេទថ្មីមួយក្បាលងាប់ នៅសហគមន៍នេសាទត្រពាំងរពៅ ខេត្ដកំពត
10, Jun 2024 , 5:29 pm        
រូបភាព
រូបភាព៖ អង្គការ MCC
រូបភាព៖ អង្គការ MCC
ផ្សោតគ្មានព្រុយខ្នងមួយក្បាល ត្រូវបានគេប្រទះឃើញងាប់ នៅសហគមន៍នេសាទត្រពាំងរពៅ ស្ថិតក្នុងសង្កាត់ព្រែភត្នោត ស្រុកទឹកឈូ ខេត្ដកំពត។



អ្នកស្រី សាដះ អនុប្រធានសហគមន៍នេសាទត្រពាំងរពៅ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១០ មិថុនានេះថា ផ្សោតញីវ័យជំទង់មួយក្បាលនេះមានប្រវែង១,៣ម៉ែត្រ បានងាប់កាលពីយប់ថ្ងៃទី៩ ខែមិថុនា។ យ៉ាងណា គេមិនទាន់អាចសន្និដ្ឋានថា វាងាប់ដោយសារអ្វីនោះទេ ប៉ុន្តែ សាកសពរបស់វាត្រូវបានឃើញជាប់នឹងមងប្រជានេសាទ។ អ្នកស្រី​ ដូច្នេះថា៖«ផ្សោតនេះយើងមិនដឹងថាងាប់ដោយសារអ្វីនោះទេ ប៉ុន្តែ ឃើញវាជាប់នៅនឹងមងរបស់ប្រជានេសាទ តាំងពីម៉ោង៩យប់ ម្សិលមិញ»។ 
 
បើតាម ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការ MCC​ នៅថ្ងៃទី១០ ខែមិថុនា ការប្រទះឃើញសត្វផ្សោតគ្មានព្រុយខ្នងនៅពេលនេះ គឺជាកំណត់ត្រាប្រភេទថ្មី ក្រៅពីប្រភេទផ្សោតក្បាលត្រឡោក និងពណ៌ផ្កាឈូក​ ដែលបានកត់ត្រារួចហើយ នៅក្នុងដែនទឹកសមុទ្រខេត្តកំពត។ វត្ដមានរបស់សត្វកម្រនេះ បានបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រក និងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់ មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា៕ 
 

Tag:
 ផ្សោតគ្មានព្រុយខ្នង
  សហគមន៍នេសាទត្រពាំងរពៅ
  MCC
© រក្សាសិទ្ធិដោយ thmeythmey.com