ជាតិ
លោក រឿង រើន ធ្លាក់ឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រី មកត្រឹមពលបាលត្រី ដោយសារអវត្តមានការងារច្រើន
10, Jun 2024 , 8:59 pm        
រូបភាព
លោក រឿង រើន មន្ត្រីនៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ រូបពីបណ្ដាញសង្គម
លោក រឿង រើន មន្ត្រីនៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ រូបពីបណ្ដាញសង្គម
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី រឿង រើន ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្នុងក្របខណ្ឌនគរបាលជាតិ។

 
ក្នុងព្រះរាជក្រឹត្យចេញថ្ងៃទី៨មិថុនា ពុំបានបញ្ជាក់ពី មូលហេតុក្នុងការបន្ថយឋានន្តរស័ក្តិឡើយ។ តែយ៉ាងណាក៏ដោយ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានថ្មីៗថា ការបន្ថយឋានន្តរស័ក្តិនេះ ដោយសារ លោក រឿង រើន មន្ត្រីនៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អវត្តមានច្រើនដងក្នុងអង្គភាព។ លោកសង្កត់ធ្ងន់ថា៖ «គាត់ហាក់បីដូចជាបោះបង់ការងារចោល មិនមកធ្វើការរយៈពេលយូរ។ ជារួមគាត់ធ្វើផ្ទុយបទពិន័យកងកម្លាំង»។ 
 
លោក រឿង រើន ប្រឈមការដកឋានន្តរស័ក្តិ ហើយអាចឈានដល់ការបណ្ដេញចេញពីក្របខណ្ឌផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ទូច សុឃៈ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com