ជាតិ
សាលាត្រកៀត ជំរុញការអប់រំសម្រាប់កុមារគ្រប់រូប
11, Jun 2024 , 9:29 am        
រូបភាព
កុមារកាន់បដាមួយ និយាយពីការអប់រំ ក្នុងពិធីទិវាកុមារអន្តរជាតិ នៅសាលាបឋមសិក្សាត្រកៀត ស្រុកពួក ខេត្តសៀមរាប។
កុមារកាន់បដាមួយ និយាយពីការអប់រំ ក្នុងពិធីទិវាកុមារអន្តរជាតិ នៅសាលាបឋមសិក្សាត្រកៀត ស្រុកពួក ខេត្តសៀមរាប។
សៀមរាប៖ សាលាបឋមសិក្សាត្រកៀត នៅក្នុងស្រុកពួក ខេត្តសៀមរាប បានរៀបចំកម្មវិធីអបអរទិវាកុមារអន្តរជាតិកាលពីថ្ងៃទី៧ មិថុនាកន្លងទៅ ក្នុងគោលបំណងចូលរួមលើកកម្ពស់ការអប់រំសម្រាប់កុមារគ្រប់រូប ពិសេសកុមារជួបការលំបាក។ ទិវានេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនធនធាន មនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 



នៅក្នុងថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ នាថ្ងៃទី៧មិថុនាកន្លងទៅ សិស្សានុសិស្សសាលាបឋមសិក្សាត្រកៀត បានកាន់បដាពាក្យស្លោកជាច្រើនដែលមានខ្លឹមសារជំរុញ និងកម្ពស់ការអប់រំកុមារ។ ខ្លឹមសារពាក្យស្លោកទាំងនោះ មានដូចជា«តស៊ូជម្នះ ដើម្បីការអប់រំ» «រួមគ្នាលើកកម្ពស់ការងារសមរម្យ ដើម្បីលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ» «ផ្ដាស់ប្ដូរពិភពលោក តាមរយៈការអប់រំ» ជាដើម។ 
 
នេះជាលើកទី១ហើយ ដែលសាលាបឋមសិក្សាត្រកៀត ក្នុងឃុំមុខម៉ែន រៀបចំទិវាកុមារអន្តរជាតិនេះឡើង និងដោយមានការចូលរួមពីអង្គការដៃគូ, តំណាងមន្ទីរអប់រំ អាជ្ញាធរ និងពលរដ្ឋ ប្រមាណ៣៤០នាក់។  ទិវានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ៣ គឺលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ឱកាសឱ្យកុមារគ្រប់រូបទទួលបានការសិក្សា ពិសេសកុមារជួបការលំបាកនៅក្រៅសាលា, បង្កើនលទ្ធភាពទទួលបានទឹកស្អាត និងសុខភាពអនាម័យនៅតាមសាលារៀន និងការបង្កើនស្មារតីចូលរួម ថែរក្សាការពារបរិស្ថាន និងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមក្នុងបង្កើនលទ្ធភាពទទួលបានអាហារូបត្ថម្ភដល់កុមារ ជាពិសេសកុមារ តូចនៅកម្រិតមត្តេយ្យសិក្សា។ 
 
នៅក្នុងកម្មវិធីនេះ ក៏មានការសម្ដែងសិល្បៈជាច្រើនទម្រង់ ទាំងរបាំ, ការប្រគំតន្រ្តី និងការសម្ដែងរឿងខ្លី ពីសិស្សានុសិស្សផងដែរ។
 
លោក កុល វណ្ឌី ប្រធានគម្រោង Foste នៃអង្គការKAPE ដែលជាដៃគូមួយរបស់អង្គការអេដ អេ អាកស្យុង បានលើកឡើងថា ក្រៅពីចូលរួមលើកកម្ពស់សិទ្ធិកុមារ កម្មវិធីនេះក៏នឹងចូលរួមចំណែកជំរុញការបញ្ចូនកូនចូលរៀន  បញ្ជ្រាបការយល់ដឹង នៃតម្លៃអប់រំ និងការប្រើប្រាស់កម្លាំងពលកម្មលើកុមារ។ លោក កុល វណ្ឌី បញ្ជាក់ពីតម្លៃនៃការអប់រំដូច្នេះ៖ «ពិតជាមានសារៈសំខាន់ណាស់ ដែលអាណាព្យាបាលគ្រប់រូប ត្រូវបញ្ចូនកូនទៅសាលារៀន ដោយសារថាមានតែការអប់រំ តែមួយមុខទេ ដែលអាចកែប្រែជោគវាសនា របស់កុមារកម្ពុជា និងពិភពលោក»។
 
គួរជម្រាបផងដែរថា ចាប់ពីឆ្នាំ១៩៥០មក ប្រទេសលើពិភពលោកជាច្រើន ក្នុងនោះក៏មានកម្ពុជា បានប្រារព្ធទិវាកុមារកុមារអន្តរជាតិ ១មិថុនា និង ១២មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ៕ 

Tag:
 ThmeyThmey
  ការអប់រំ
  សាលាត្រកៀត
  ស្រុកពួក
  សៀមរាប
  ទិវាកុមារអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com