ជាតិ
អាជ្ញាធរខេត្តកំពង់ចាម ចេញវិធានការ​ទប់ស្កាត់​សិស្សប្រមូលផ្តុំ​លេងហ្គេម និងជក់​​​បារី​
11, Jun 2024 , 1:59 pm        
រូបភាព
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ (រូបភាព៖ ទំព័រហ្វេសប៊ុក៖ លោក អ៊ុន ចាន់ដា)
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ (រូបភាព៖ ទំព័រហ្វេសប៊ុក៖ លោក អ៊ុន ចាន់ដា)
​លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញចំណាត់ការ​ទប់ស្កាត់សកម្មភាព ​ជក់​បារី ​លេងហ្គេមតាមអ៊ីនធឺណិត ​និងភាពអសកម្មនានា​នៅ​ក្នុង​សង្គម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

 
ចំណាត់ការនេះ កើតឡើងបន្ទាប់ពីអាជ្ញាធរសង្កេតឃើញថា ​យុវជន និងសិស្សានុសិស្សមួយ​ចំ​នួន បានគេចសាលាមិនចូលរៀន ហើយទៅប្រ​មូល​ផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ,  ក្លិប​ហាត់​​​​ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បី​​ប្រើប្រាស់ទូរសព្ទ លេង​ហ្គេមតាមអ៊ីនធឺណិត ជក់បារី និងបារីអេឡិចត្រូនិក បង្ក​ជម្លោះ បង្កបក្សពួកក្មេងទំនើង និងឈានទៅ​ប្រើប្រាស់គ្រឿងញៀន​​ថែម​ទៀត។ 
 
នៅក្នុងសេចក្តីជូនដំណឹងដែលចុះ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិ​បាលខេត្តកំពង់ចាម បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ចុះអប់រំផ្សព្វផ្សាយ​ដល់​​ម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេភេសជ្ជៈ, ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិប​បាល់​ទាត់, អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ និងមិនត្រូវអនុញ្ញាតឱ្យសិស្សនុ​សិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ, លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិច​ត្រូនិកជាដើម នៅ​ទីតាំងអាជីវកម្មរបស់ខ្លួន។
 
លោកអភិបាលខេត្ត ក៏បានប្រាប់ទៅគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ បន្តចុះអប់រំផ្សព្វផ្សាយគោល​នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅគ្រប់សាលា​រៀន និង​ម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បី​ទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា, លុប​បំ​បាត់​ក្មេងទំ​នើង​, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន​​របស់ខ្លួន។ «ត្រូវចាត់វិធានការយ៉ាង​ម៉ឺង​ម៉ាត់តាមច្បាប់ ចំពោះម្ចាស់អាជីវកម្មណាដែលមិនសហការ ឬបន្តលាក់បាំង ឬ​បង្ក​លក្ខណៈ​ឱ្យបន្ត ការប្រព្រឹត្តសកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្ម​របស់ខ្លួន»​។ នេះជាចំណាត់ការរបស់អភិបាលខេត្តកំពង់ចាម ដែលណែនាំទៅគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ឱ្យអនុត្តន៍។ 
 
លោក អ៊ុន ចាន់ដា ក៏បានប្រាប់ឱ្យនាយកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន​ បន្តធ្វើការងារជា​មួយអាជ្ញាធរមូលដ្ឋាន អា​ណា​ព្យាបាលសិស្ស និងសហគមន៍ ក្នុងការចូលរួមទប់ស្កាត់ អវត្តមានសិស្ស​ និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាព​ប្រមូលផ្តុំលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី, បារី​អេឡិច​ត្រូនិក និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនរបស់សិស្ស។
 
​​ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏អំពាវនាវដល់ម្ចាស់​អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ, ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ​ក្នុងការផ្តល់ព័ត៌មាន​ក្នុងករណីមានការប្រមូលផ្តុំរបស់សិស្ស​ ឬយុវជន លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី និងប្រព្រឹត្តសកម្មភាព​អសកម្ម​នានា នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ក្នុងករណី ម្ចាស់អាជីវកម្មមិនសហការ ហើយនៅបណ្តែតបណ្តោយឱ្យមានភាពអសកម្ម​នា​នាអាជ្ញាធរមានសមត្ថកិច្ច នឹងបិទអាជីវកម្មព្រមទាំងដាក់ទោសទណ្ឌតាមផ្លូវច្បាប់​ជា​ធរមាន​។ នេះបើតាមការណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម៕

© រក្សាសិទ្ធិដោយ thmeythmey.com