កីឡាជាតិ
ជាតិ
Dave Leduc ទៅជួបលោក ខូវ ឆាយ ដើម្បីដោះស្រាយបញ្ហាប្រទាំងប្រទើសគ្នា
11, Jun 2024 , 2:42 pm        
រូបភាព
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក ខូវ ឆាយ និងកីឡាករប្រដាល់សញ្ជាតិកាណាដា Dave Leduc នឹងជួបដោះស្រាយបញ្ហាជាមួយគ្នា ក្រោយចេញសារឆ្លើយឆ្លងទៅវិញទៅមក លើបញ្ហាមួយចំនួន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

 
«ខ្ញុំនៅតាមផ្លូវឥឡូវនេះ។ ខ្ញុំត្រូវបានគេអញ្ជើញឲ្យចូលរួមប្រជុំឯកជនដើម្បីជួបជាមួយ ខូវ ឆាយ។ ខ្ញុំសប្បាយចិត្តដែលយើងអាចជួបគ្នាដូចសុភាពបុរស ហើយបញ្ឈប់ការបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ»។ Dave Leduc ដែលកំពុងមានបញ្ហាប្រទាំងប្រទើសគ្នា ជាមួយលោក ខូវ ឆាយ បានសរសេរបែបនេះ ដោយសារសម្រួលជាសំណេរភាសាខ្មែរ លើហ្វេសប៊ុកផ្លូវការខ្លួន នៅរសៀលថ្ងៃទី១១ មិថុនា។ 
 
កីឡាករប្រដាល់ Lathwei របស់មីយ៉ាន់ម៉ារូបនេះ ហាក់បង្ហាញអារម្មណ៍សប្បាយចិត្ត ក្នុងការរកដំណោះស្រាយរួមគ្នា លើបញ្ហាឃ្នើសចិត្តគ្នាកន្លងមក។ កីឡាករសញ្ជាតិកាណាដារូបនេះ បានសរសេរដូច្នេះ៖«ខ្ញុំត្រៀមខ្លួនពិភាក្សាដោយបើកចិត្ត។ រឿងតែមួយគត់ដែលខ្ញុំខ្វល់ប្រសិនបើរស់នៅដោយសុខសាន្តក្នុងប្រទេសកម្ពុជា និងលើកតម្កើង ឡេតវៃ និងគុនខ្មែរ។ ខ្ញុំនឹងផ្ដល់ជូនអ្នកនូវបច្ចុប្បន្នភាពបន្ទាប់ពីកិច្ចប្រជុំ។ សូមអរគុណចំពោះការគាំទ្រដ៏មិនគួរឱ្យជឿសម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។
 
កាលពីថ្ងៃទី៩ មិថុនា សហព័ន្ធប្រដាល់គុនខ្មែរ ប្រកាសមិនឱ្យកីឡាករ Dave Leduc ឡើងប្រកួតលើសង្វៀនប្រដាល់គុនខ្មែរឡើយ។ ការប្រកាសមិនឱ្យកីឡាករសញ្ជាតិកាណាដារូបនេះ ឡើងលើសង្វៀនគុនខ្មែរ ធ្វើឡើងក្រោយពីបុគ្គលរូបនេះ បានប្រកាសទាមទារតម្លៃខ្លួនប្រកួត១លានដុល្លារ បើសិនជារៀបចំការប្រកួតរវាងរូបគេ ជាមួយកីឡាករថៃ៕

Tag:
 Dave Leduc
  ខូវ ឆាយ
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com