កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី ក្រុមអាស៊ីអាគ្នេយ៍តែមួយគត់ ឆ្លងទៅជុំទី៣ វគ្គជម្រុះ World Cup​ 2026
12, Jun 2024 , 9:59 am        
រូបភាព
ក្រោយឆ្លងកាត់ការប្រកួតចុងក្រោយ នៅវគ្គសន្សំពិន្ទុតាមពូលពី A ដល់ I គេរកឃើញ ១៨ក្រុម បានឆ្លងផុតវគ្គជម្រុះ FIFA World Cup 2026 ជុំទី២ តំបន់អាស៊ី។ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ជាក្រុមអាស៊ីអាគ្នេយ៍តែមួយគត់ ដែលទទួលបានកៅអីជុំទី៣ ស្របពេល ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងហ្វីលីពីន អស់ភារកិច្ច។



ឥណ្ឌូណេស៊ី ឆ្លងទៅជុំទី៣លើកដំបូងក្នុងប្រវត្តិសាស្ត្រវគ្គជម្រុះ World Cup ក្រោយយកឈ្នះ ហ្វីលីពីន ២-០ នៅជំនួបចុងក្រោយពូល F នៅយប់ថ្ងៃទី១១ ខែមិថុនា។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Shin Tae-yong ឥណ្ឌូណេស៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ដោយរកបាន១០ពិន្ទុ ខណៈអ៊ីរ៉ាក់ឈរកំពូលតារាងមាន១៨ពិន្ទុពេញ។ អ៊ីរ៉ាក់ បន្តឈ្នះវៀតណាមដែលបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុង ៣-១ នៅជំនួបចុងក្រោយ។
 
ថៃ រងការខកចិត្ត មិនអាចឡើងទៅជុំបន្ត បើទោះឈ្នះសិង្ហបុរីនៅជំនួបចុងក្រោយពូល C ក្នុងលទ្ធផល ៣-១។ ថៃ ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល មាន៨ពិន្ទុ ស្មើក្រុមលេខពីរចិន និងមានសំណល់គ្រាប់បាល់ដូចគ្នាថែមទៀត។ យ៉ាងណា ចិន ដែលចាញ់កូរ៉េខាងត្បូង ១-០ មានប្រៀបលើថៃ ដោយសារចិន ធ្លាប់ឈ្នះថៃ ក្នុងចំណោមការជួបគ្នា២លើក ក្នុងពូល។ ពូល C នេះ កូរ៉េខាងត្បូងឈរលេខ១ ដោយរកបាន១៦ពិន្ទុ ឯសិង្ហបុរី នៅបាតតារាង។



១៨ក្រុមពីតំបន់អាស៊ី ដែលបន្តទៅជុំទី៣ វគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ និងកៅអី AFC  Asian Cup ឆ្នាំ២០២៧ រួមមាន កាតា ជប៉ុន កូរ៉េខាងត្បូង អូម៉ង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អូស្ត្រាលី កូវ៉ែត កូរ៉េខាងជើង ចិន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត បារ៉ែន និងប៉ាឡេស្ទីន។
 
១៨ក្រុមក្រុម អស់ភារកិច្ចត្រឹមវគ្គជម្រុះជុំទី២ និងត្រូវជម្រុះ AFC Asian Cup 2027 ជុំទី៣ រួមមាន ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងហ្វីលីពីន ពីតំបន់អាស៊ីអាគ្នេយ៍រួមជាមួយ ឥណ្ឌា ស៊ីរី អាហ្វហ្កានីស្ថាន ឆាយន្នីសតៃប៉ិ តួកមេនីស្ថាន ហុងកុង តាហ្ស៊ីគីស្ថាន ប៉ាគីស្ថាន នេប៉ាល់ យេម៉ែន លីបង់ និងបង់ក្លាដែស។
 
១៨ក្រុមដែលឆ្លងទៅជុំទី៣ នឹងត្រូវចែកចេញជា៣ពូល ដោយក្នុងមួយពូលមាន៦ក្រុម។ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ តាមពូលទាំងបី នឹងទទួលបានកៅអីទៅ World Cup ឆ្នាំ២០២៦ ស្របពេលក្រុមលេខ៣ និងលេខ៤ ត្រូវបន្តទៅជម្រុះជុំទី៤៕

Tag:
 World Cup
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com