ជាតិ
បុណ្យចូលព្រះវស្សាឆ្នាំនេះ នឹងរៀបចំយ៉ាងឱឡារិក
12, Jun 2024 , 10:39 am        
រូបភាព
ថ្ងៃចូលកាន់ព្រះវស្សាព្រះភិក្ខុសង្ឃក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប កាលពីឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុក វត្តរាជបូណ៌៕
ថ្ងៃចូលកាន់ព្រះវស្សាព្រះភិក្ខុសង្ឃក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប កាលពីឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុក វត្តរាជបូណ៌៕
បុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ជាបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា។ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១១ ខែមិថុនានេះ បានចេញសេចក្ដីណែនាំឱ្យរៀបចំពិធីបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា នៅក្នុងឆ្នាំនេះ ឱ្យមានភាពឱឡារិក។



ឆ្នាំនេះបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា នឹងប្រារព្ធឡើងនៅថ្ងៃ១៥កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤។  ចំណែកព្រះសង្ឃតាមព្រះវិន័យ ចូលនៅថ្ងៃ១រោច ខែអាសាឍ។ 
 
នៅក្នុងសេចក្ដីណែនាំ បានសរសេរទៀតថា សាកាគណ រដ្ឋបាលរាជធានី ខេត្ត និងគ្រឹះស្ថានអប់រំ ត្រូវសហការគ្នា ដើម្បីផ្សព្វផ្សាយខ្លឹមសារ អត្ថន័យ ពីពិធីបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា ដល់គ្រប់ពុទ្ធបរិស័ទ និងយុវជន។ ជាពិសេសត្រូវបំផុសគ្រប់ទីអារាម ឱ្យរៀបចំពិធីទាំងពីរនេះ ឱ្យមានភាពឱឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណី និងព្រះពុទ្ធសាសនា។ ចំពោះបណ្ដារាជធានី និងខេត្តនីមួយៗ ត្រូវជ្រើសរើសវត្តណាមួយ ដែលមានលក្ខណៈសមស្រប ដើម្បីប្រារព្ធកិច្ចពិធីនេះផងដែរ។ 
 
ក្រសួងធម្មការបានណែនាំឱ្យគណៈកម្មការគ្រប់វត្ត និងទីតាំងសក្ការៈ ត្រូវតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដាពាក់ព័ន្ធនឹងពិធីបុណ្យ។ ឯអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមការពារសុវត្ថិភាពផងដែរ។ 
 
យោងតាមខ្លឹមសារសេចក្ដីណែនាំខាងលើ បុណ្យចូលព្រះវស្សា ជាបុណ្យមួយក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធបញ្ញតិ​ឱ្យភិក្ខុសង្ឃគង់ចាំព្រះវស្សារយៈពេល៣ខែ ក្នុងរដូវវស្សា។ បញ្ញតិនេះ ក្រោមមូលហេតុ២គឺ ព្រះភិក្ខុទាំងឡាយត្រូវត្រាច់ចរទៅកាន់កន្លែងផ្សេងៗមានគួរខ្លះ និងមិនគួរខ្លះ មាននិមន្តជាន់លើភូតគាម ពិជគាម និងធញជាតិផ្សេងៗ ជាហេតុនាំឱ្យអ្នកស្រុករិះគន់ តិះដៀល និងពោលនូវទោសដល់ព្រះភិក្ខុសង្ឃ។ ទី២ ព្រះពុទ្ធអង្គមានបំណងអនុគ្រោះដល់ភិក្ខុសង្ឃក្នុងសាសនា កុំឱ្យលំបាកក្នុងការធ្វើដំណើរនៅរដូវវស្សា ដែលភ្លៀងជោកជាំ។ 
 
ការចូលព្រះវស្សាមាន២យ៉ាងគឺ បុរិមិកាវស្សា ការចូលវស្សាមុនដំបូង ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់គ្រប់១ត្រីមាស ឬ៣ខែ ទើបចេញវស្សានៅថ្ងៃ១៥កើត ខែអស្សុជ។ តែបើឆ្នាំណាលើកខែអាសាឍពីរដង ត្រូវចូលវស្សានៅថ្ងៃ១រោច ខែទុតិយាសាឍវិញ។ 
 
ទី២ គឺបច្ឆិមិកាវស្សា ការចូលវស្សាលើកក្រោយ ពោលគឺក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន១ខែ ចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ ដល់ថ្ងៃ១៥កើត ខែកត្តិក ទើបត្រូវចេញវស្សា។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់ព្រះភិក្ខុសង្ឃមានកិច្ចរវល់ដោយប្រការណាមួយ ដែលពុំអាចចូលវស្សាទី១បានប៉ុណ្ណោះ។ 
 
ដោយឡែក បុណ្យអាសាឡ្ហបូជាវិញ ជាអភិលក្ខិតសម័យ ដែលត្រូវបានពុទ្ធសាសនិកប្រារព្ធឡើងនៅថ្ងៃ១៥កើត ខែអាសាឍ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗ៥ គឺថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ចុះចាប់បដិសន្ធិ, ចេញសាងអភិនេស្ក្រមណ៍ (ចេញសាងផ្នួស), ថ្ងៃដែលព្រះពុទ្ធបរមគ្រូសម្ដែងធម្មចក្កប្បវត្តនសូត្រ, ថ្ងៃទ្រង់ស្ថាបនាព្រះសង្ឃ និងថ្ងៃទ្រង់សម្ដែងយមកប្បាដិហារ្យ៕ 

Tag:
 ThmeyThmey
  បុណ្យចូលព្រះវស្សា
  អាសាឡ្ហបូជា
  ក្រសួងធម្មការ
© រក្សាសិទ្ធិដោយ thmeythmey.com