ជាតិ
សង្គមជាតិ
លោក ឡុង ឌីម៉ង់៖ ថ្មដែលចាក់លុបឆ្នេរអូរត្រេះ ត្រូវបានរើចេញហើយ!
12, Jun 2024 , 2:03 pm        
រូបភាព
ការដ្ឋានសាងសង់និងថ្មដែលបានចាក់ចូលឆ្នេរអូរត្រេះ។ ប្រភពរូបពី ហ្វេសប៊ុកលោក Sorm Phearktra News
ការដ្ឋានសាងសង់និងថ្មដែលបានចាក់ចូលឆ្នេរអូរត្រេះ។ ប្រភពរូបពី ហ្វេសប៊ុកលោក Sorm Phearktra News
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អះអាងថា ថ្មដែលចាក់ចូលក្នុងឆ្នេរអូរត្រេះ ត្រូវបានរើចេញនិងរៀបចំឱ្យមានស​ណ្ដាប់ធ្នាប់ឡើងវិញហើយ។

 
នៅពេលថ្មីៗនេះ មហាជនបានរិះគន់ជាបន្តបន្ទាប់លើបណ្ដាញសង្គម ក្រោយមានការចែកចាយរូបភាព ចាក់ថ្មចូលក្នុងឆ្នេរអូរត្រេះ។ ករណីនេះ លោក ឡុង ឌីម៉ង់ បានបកស្រាយប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃនេះថា មានក្រុមហ៊ុនមួយដែលមានទីតាំងនៅទល់មុខឆ្នេរអូរត្រេះ ធ្លាប់បានដាក់សំណើជាច្រើនដង ដើម្បីបង្កើតសួនបាញ់ទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរ។ 
 
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានណែនាំឱ្យក្រុមហ៊ុននោះ ស្នើសុំគោលការណ៍ពីរដ្ឋាភិបាលសិន មុននឹងធ្វើសួន។ ភាគីក្រុមហ៊ុន បានដាក់លិខិតស្នើសុំសាងសង់ជាហូរហែទៅក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម រួមទាំងស្ថាប័នពាក់ព័ន្ធ។ ក្រោយមក ក្រសួងរៀបចំដែនដី បានណែនាំឱ្យក្រុមហ៊ុន ស្នើទៅរាជរដ្ឋាភិបាលដោយផ្ទាល់ ប៉ុន្តែភាគីក្រុមហ៊ុនទំនងជាយល់ខុស ស្មានតែជាលិខិតអនុញ្ញាតឱ្យសាងសង់ ទើបចាប់ផ្ដើមគម្រោងសង់សួននោះឡើង។ នេះបើតាមអភិបាលរងខេត្តព្រះសីហនុ ។
 
លោក ឌីម៉ង់ បានបញ្ជាក់ថា៖ «អាជ្ញាធរខេត្តបានចាត់មន្ត្រីជំនាញ ឱ្យចុះទៅណែនាំនិងធ្វើកិច្ចសន្យាជាមួយភាគីក្រុមហ៊ុនហើយ! ការធ្វើសួននេះ គឺរង់ចាំសុំគោលការណ៍ពីរាជរដ្ឋាភិបាលជាមុនសិន យើងអត់មានសិទ្ធិសម្រេចទេ ក្នុងករណីនេះ»។ 
 
ជាមួយគ្នាដែរ មន្ត្រីជំនាញ បានណែនាំឱ្យភាគីក្រុមហ៊ុនោះ រុះរើការដ្ឋានសាងសង់ និងកាយថ្មដែលបានចាក់ចូលឆ្នេរឱ្យទៅសភាពដើមវិញហើយ។ នេះបើតាមការលើកឡើងរបស់លោក លោក ឡុង ឌីម៉ង់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com