កីឡាអន្តរជាតិ
អន្តរជាតិ
ប្រជាជនថៃ នឹងចំណាយ ១៨៣លានដុល្លារលើល្បែងភ្នាល់បាល់ អំឡុង Euro 2024
12, Jun 2024 , 3:49 pm        
រូបភាព
សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ជឿជាក់ថាអ្នកគាំទ្របាល់ទាត់ថៃនឹងចំណាយប្រាក់ប្រហែល ៦៧ពាន់លានបាត (១៨៣ លានដុល្លារ) លើការភ្នាល់ល្បែងបាល់ អំឡុងការប្រកួតជើងឯកអឺរ៉ុប UEFA Euro 2024។ អ្នកភ្នាល់ បែបកម្សាន្តលើថ្លៃអាហារ ឬ ភេសជ្ជៈ ក៏រាប់បញ្ចូលផងដែរ។



ព្រឹត្តិការណ៍កីឡាបាល់ទាត់អឺរ៉ុប ឆ្នាំ ២០២៤ នៅអាល្លឺម៉ង់ ដែលមាន​រយៈពេល​មួយ​ខែ​ ចាប់​ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ​នឹង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍មួយចំនួននៅទទូទាំងពិភពលោក។
 
លោក Thanawat Polvichai សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ UTCC ជឿថា អ្នកគាំទ្រកីឡាបាល់ទាត់ក្នុងប្រទេសថៃ នឹងចំណាយប្រាក់ ៨៧,៦២ ពាន់លានបាត (២៥០លានដុល្លារ) អំឡុងការប្រកួតរយៈពេលមួយខែ។ នេះបើតាមការផ្សាយរបស់កាសែត The Nation។
  


ការទស្សន៍ទាយនេះ លោក Thanawat ផ្អែកលើការស្ទង់មតិនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសម្រាប់ការព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ចរបស់សាកលវិទ្យាល័យ UTCC ក្នុងចំណោមអ្នកឆ្លើយសំណួរប្រហែល ១ពាន់នាក់ នៅទូទាំងប្រទេសថៃ។
 
ក្រោយការស្ទង់មតិ UTCC វាយតម្លៃថា អ្នកគាំទ្របាល់ទាត់ថៃអាចនឹងចំណាយប្រាក់ប្រហែល ២០,៥៨ ពាន់លានបាត (៤៧លានដុល្លារ) សម្រាប់ការញ៉ាំអាហារ ភេសជ្ជៈ ស្រា ខាងក្រៅ ឬទិញវត្ថុអនុស្សាវរីយ៍ជាដើម ពេលទស្សនាការប្រកួត ពោលគឺកើនឡើង ៥,១ភាគរយ បើធៀបនឹង UEFA Euro ឆ្នាំ២០២០។
 
ដោយឡែក ប្រាក់ប្រមាណ ១៨៣លានដុល្លារផ្សេងទៀត ត្រូវបាន UTCC រំពឹងថានឹងត្រូវចំណាយលើការភ្នាល់ដែលចំនួននេះនឹងកើន ១៧,១០ភាគរយ លើសឆ្នាំ ២០២០ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
 
ផ្អែកលើចម្លើយតាមរយៈការស្ទង់មតិ អ្នកគាំទ្របាល់ទាត់ថៃម្នាក់ អាចនឹងចំណាយ ៦៥០ដុល្លារ លើការភ្នាល់។ UTCC បន្ថែមថាអ្នកភ្នាល់មាន៣ប្រភេទ ក្នុងនោះអ្នកភ្នាល់ ៥៨,៥ភាគរយ នឹងប្រើប្រាស់សាច់ប្រាក់ក្នុងការភ្នាល់ ២១,៥ភាគរយ នឹងភ្នាល់បែបកម្សាន្ត លើថ្លៃអាហារ ឬ ភេសជ្ជៈជាដើម និងអ្នកភ្នាល់ ២០ភាគរយទៀត នឹងភ្នាល់ដោយប្រើទ្រព្យសម្បត្តិផ្សេងៗ៕
 

Tag:
 Euro 2024
  ល្បែងភ្នាល់
© រក្សាសិទ្ធិដោយ thmeythmey.com