កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថាខ្លួនគ្មានពេលច្រើនឆ្នាំទៀតទេសម្រាប់អាជីពបាល់ទាត់
12, Jun 2024 , 9:29 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យចំណាស់ Cristiano Ronaldo បាននិយាយបើកចំហរពីកត្តាអនាគតរបស់គេថា គ្មានពេលច្រើនទៀតឡើយ សម្រាប់អាជីពបាល់ទាត់។ ក្រោយពីព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 បញ្ចប់ទៅ ការប្រកួតប្រជែងក្នុងវិស័យបាល់ទាត់របស់ Ronaldo អាចនឹងចូលដល់របត់ថ្មី។



បច្ចុប្បន្នស្ថិតក្នុងវ័យ ៣៩ឆ្នាំ Ronaldo នៅតែបង្ហាញទៅកាន់ពិភពលោកថា គេនៅតែជាកីឡាករតំបន់ប្រយុទ្ធដ៏មានសមត្ថភាពខ្លាំងមួយរូប ដោយការរកបានគ្រាប់បាល់ ៤៤គ្រាប់ ពីការលេង ៤៥ប្រកួត ឱ្យក្លិប Al Nassr រដូវកាល ២០២៣-២៤។ នៅថ្ងៃទី១១ ខែមិថុនា Ronaldo ស៊ុតបាល់បញ្ចូលទី ២គ្រាប់ ឱ្យជម្រើសជាតិព័រទុយហ្កាល់ យកឈ្នះការប្រកួតមិត្តភាពទល់នឹងក្រុមអៀរឡង់ កម្តៅសាច់ដុំមុនការប្រកួត Euro 2024 មកដល់។
 
ទោះជាបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ ដែលអាចរកបានគ្រាប់បាល់ និងការបញ្ជូនបាល់​ឱ្យមិត្តរួមក្រុម ប៉ុន្តែ Ronaldo បានលើកឡើងថារូបគេគ្មានពេលវេលាច្រើនទៀតឡើយសម្រាប់អាជីពបាល់ទាត់កម្រិតកំពូល។ Ronaldo ទំនងចង់បង្ហាញពីការចង់ចូលនិវត្តន៍ពីអាជីពបាល់ទាត់នាពេលខាងមុខ ពោលគឺទំនងជានៅក្រោយបញ្ចប់ព្រឹត្តិការណ៍អឺរ៉ុបនៅអាល្លឺម៉ង់។
 
Ronaldo បាននិយាយក្រោយចប់ការប្រកួតដូច្នេះថា៖«ខ្ញុំដឹងថាខ្ញុំគ្មានពេលច្រើនឆ្នាំទៀតឡើយក្នុងបាល់ទាត់។ ដូចដែលពួកគេបាននិយាយនៅក្នុងប្រទេសអេស្ប៉ាញ ជារៀងរាល់ឆ្នាំគឺជាអំណោយ ដែលបានកន្លងផុតទៅ ហើយខ្ញុំអាចបន្តនៅលេងបាន ការលេងក្នុងវ័យ៣៩ឆ្នាំ ប្រៀបបានជាអំណោយដ៏ពិសេសមួយអ៊ីចឹង។[…] ខ្ញុំនៅតែស្រលាញ់បាល់ទាត់ រាល់ការប្រកួតគឺពិតជាពិសេស ស្រមៃមើលជាមួយព័រទុយហ្កាល់ អ្នកនឹងមានមោទកភាព ប្រៀបបានជាក្តីស្រមៃនៅពេលខ្ញុំមានអាយុ ២០ឆ្នាំ អ៊ីចឹងដែរ។»។
 
ក្រុមជម្រើសជាតិព័រទុយហ្កាល់ នឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Euro 2024 ក្នុងពេលដ៏ឆាប់ខាងមុខ ហើយដែរជាការបង្ហាញខ្លួនចុងក្រោយ និងលើកទី៦ របស់ Ronaldo ជាមួយព័រទុយហ្កាល់ក្នុងព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិ។ ព័រទុយហ្កាល់នឹងត្រូវប្រជែងទល់ក្រុម សាធារណរដ្ឋឆែក វគ្គចែកពូល នៅថ្ងៃទី១៨ ខែមិថុនា៕

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com