ជាតិ
ក្រសួងប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្ន ពីការឆ្លងជំងឺផ្ដាសាយ និងកូវីដ-១៩ លក្ខណៈទ្រង់ទ្រាយធំ
13, Jun 2024 , 11:09 am        
រូបភាព
ទិដ្ឋភាពដឹកអ្នកជំងឺកូវីដ-១៩នៅមូលដ្ឋានខណ្ឌដូនពេញកន្លងមក។ រូបថតរដ្ឋបាលខណ្ឌ
ទិដ្ឋភាពដឹកអ្នកជំងឺកូវីដ-១៩នៅមូលដ្ឋានខណ្ឌដូនពេញកន្លងមក។ រូបថតរដ្ឋបាលខណ្ឌ
ភ្នំពេញ៖  ប្រព័ន្ធតាមដានជំងឺផ្ដាសាយ និងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរនៅកម្ពុជា រកឃើញថា ជំងឺផ្ដាសាយនិងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា និងដើមខែមិថុនានេះ មានការកើនឡើង ខណៈដែលបណ្ដាប្រទេសជាច្រើនទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច រួមទាំងប្រទេសជិតខាងក៏កំពុងកើនឡើង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១២មិថុនា។

 
ក្រសួងសុខាភិបាល បានឱ្យដឹងថា វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានធ្វើតេស្តវិភាគតាម PCR Test  ដើម្បីកំណត់អត្តសញ្ញាណវីរុស រកឃើញថាវីរុសកូវីដ-១៩ មានការបំប្លែងខ្លួនជាពីរក្រុមគឺ Variant of Interest និង Variant of Concern។ «សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលលនូវជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណទ្រង់ទ្រាយធំជាយថាហេតុ»។ នេះបើតាមក្រសួងសុខាភិបាល។ 
 
ដើម្បីបង្ការការឆ្លងរាយដាលនេះ ក្រសួងឱ្យមហាជនរួមគ្នាប្រកាន់ខ្ជាប់អនាម័យ ដោយស្អាតដៃឱ្យបានញឹកញាប់, ក្អកត្រូវខ្ទប់មាត់, ចៀសវាងចូលទីប្រជុំជន ឬធ្វើដំណើរ បើសង្កេតឃើញខ្លួនឯងមាអាការៈក្ដៅខ្លួន ឬបញ្ហាសុខភាព និងត្រូវទៅពិនិត្យសុខភាពឱ្យបានឆាប់បើសង្ស័យថា ឆ្លងជំងឺឬបានប៉ះពាល់អ្នកកើតជំងឺកូវីដ-១៩។ ជាមួយគ្នាដែរ ក្រសួងណែនាំឱ្យពលរដ្ឋ បន្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស។ លើសពីនេះ ក្រសួងបានណែនាំឱ្យដាក់ខ្លួននៅដោយឡែកពីសមាជិកគ្រួសារ បើសិនធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩៕ 
 

Tag:
 កូវីដ-១៩
  ផ្ដាសាយ
© រក្សាសិទ្ធិដោយ thmeythmey.com