ជាតិ
អត្ថបទពាណិជ្ជកម្ម
សហគ្រាសឱសថ PPM ចាប់ដៃគូពាណិជ្ជកម្មជាមួយ ហ្វាអែស ហ្វាម៉ា(FAES Farma) របស់ប្រទេសអេស្ប៉ាញ
13, Jun 2024 , 11:11 am        
រូបភាព
ក្រុមហ៊ុន PPM ដែលជាសហគ្រាសផលិតឱសថធំបំផុតនៅកម្ពុជា មានសោមនស្សរីករាយប្រកាសជាផ្លូវការក្នុងការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហ្វាអែស ហ្វាម៉ា (FAES Farma) របស់ប្រទេសអេស្ប៉ាញ ជាក្រុមហ៊ុនឱសថល្បីលំដាប់ពិភពលោក។ ការសហការណ៍គ្នានេះ គឺជាចំណុចសំខាន់មួយក្នុងការប្តេជ្ញារបស់យើងក្នុងការផ្តល់ជូននូវផលិតផលឱសថ ដែលមានគុណភាពខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់ទីផ្សារកម្ពុជា។

ពិធីប្រកាសភាពជាដៃគូនេះប្រព្រឹត្តទៅនៅថ្ងៃទី១២ មិថុនា ២០២៤  នៅសណ្ឋាគារ សុខាភ្នំពេញក្រោមអធិបតីភាពរបស់ ឱសថបណ្ឌិត  ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុនផលិតឱសថ PPM និងលោក Alberto Montero នាយករងអន្តរជាតិ ក្រុមហ៊ុន FAES Farma និងមានការចូលរួមពីតំណាងក្រុមហ៊ុន PPM, ក្រុមហ៊ុន FAES Farma, វេជ្ជបណ្ឌិត ឱសថការី ម្ចាស់ឱសថស្ថាន និងដៃគូរពាណិជ្ជកម្មនានាមកពីទូទាំងប្រទេសផងដែរ។
 

ក្រុមហ៊ុន FAES Farma មានវត្តមាននៅកម្ពុជាជាច្រើនឆ្នាំមកហើយ តាមរយៈផលិតផលដូចជា Dynamogen, Labixten, Ferroprotina, Potenciator, Positon និង Venosmil។ កាលពីដើមឆ្នាំ២០២៤ នេះក្រុមហ៊ុន FAES Farma  បានចូលរួមចាប់ដៃគូរយៈពេលវែងជាមួយ PPM Laboratories ដើម្បីពង្រីកទីផ្សាររបស់ពួកគេនៅក្នុងតំបន់។
 
បង្កើតឡើងតាំងពីឆ្នាំ ១៩៣៣ ក្នុងរយៈពេលជាង ៩០ឆ្នាំមកនេះ ក្រុមហ៊ុន FAES Farma បានក្លាយជាស្ថាប័ន ថែទាំសុខភាពសកល ដែលត្រូវបានទទួលស្គាល់ដោយសារតែភាពជឿជាក់ គុណភាព និងភាពច្នៃប្រឌិត។ FAES Farma ផ្តោតសំខាន់ចំពោះការស្រាវជ្រាវ, ការផលិត, ការចែកចាយឱសថ និងវត្ថុធាតុដើមហើយផលិតផលរបស់ FAESត្រូវបានចែកចាយរហូតដល់ ១៣០ប្រទេសនៅជុំវិញពិភពលោក។
 
ក្នុងនាមជាអ្នកផលិត និងចែកចាយឱសថធំបំផុតមួយនៅកម្ពុជា ដែលមានការប្តេជ្ញាខ្ពស់ចំពោះការផ្តល់ផលិតផលឱសថ ដែលមានគុណភាពខ្ពស់ ដោយផ្តោតសំខាន់ទៅលើភាពច្នៃប្រឌិត និងការពេញចិត្តរបស់អតិថិជនសហគ្រាស PPM មានមោទនភាពក្នុងការចូលរួមបង្កើនសុវត្ថិភាពសុខភាពសង្គមកម្ពុជា តាមរយៈការក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន FAES Farma នាពេលនេះ។
 
ឱសថបណ្ឌិត  ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM បានលើកឡើងថា៖ «យើងគឺជាសហគ្រាសផលិតឱសថដែលមានវ័យចំណាស់ដូចគ្នា ព្រោះប៉េប៉េអឹមមានផលិតផលឱសថ «គីណាល់» ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០។ ហើយ FAES FARMA (ហ្វាអែស ហ្វាម៉ា) ក៏ដូចគ្នា គឺសហគ្រាសផលិតឱសថ ដែលមានវត្តមានតាំងពីមុនសង្គ្រាមលោកលើកទី២មកម្ល៉េះ។ ដូចនេះយើងទាំងពីរសុទ្ធតែជាសហគ្រាសផលិតឱសថចាស់ទុំដូចគ្នា ហើយនេះជាការធម្មតាទេ ដែលយើងចាប់ដៃគ្នា ដោយសារតែយើងសុទ្ធតែមានបទពិសោធដ៏សម្បូរបែបនៅក្នុងវិស័យឱសថសាស្រ្តនេះ។
 
 
ម្យ៉ាងវិញទៀតការចាប់ដៃគ្នារវាង PPM និង FAES ដោយសារតែយើងមានទិសដៅដូចគ្នា។ ជាពិសេសយើងមានផលិតផលប្រកបទៅដោយគុណភាពក្នុងការពង្រីកចូលទីផ្សាររួមគ្នា ព្រោះគ្រប់ផលិតផលទាំងអស់របស់ PPM និង FAES ជាផលិតផលដែលអាចឆ្លើយតបគ្នាទៅវិញទៅមកនៅលើទីផ្សារ។
 
យើងសង្ឃឹមថា ការចាប់ដៃគ្នារវាង PPM និង FAES ដែលសុទ្ធសឹងជាសហគ្រាសផលិតឱសថជើងចាស់ទាំងពីរនេះ នឹងធ្វើឱ្យគេកាន់តែស្គាល់ផលិតផលរបស់យើង ក៏ដូចជាការចែករំលែកនូវបទពិសោធល្អៗ រៀងៗខ្លួន ទៅវិញទៅមក ក្នុងការចូលរួមលើកតម្កើងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជារបស់យើង ដោយទទួលបាននូវឱសថដែលមានគុណភាពល្អ និងសុវត្ថិភាពក្នុងការប្រើប្រាស់»។
 
លោក Alberto Montero តំណាង FAES Farma បានបន្ថែមថា៖ «កម្ពុជា គឺជាទីផ្សារសំខាន់ ដែលជាផ្នែកមួយនៃផែនការពង្រីកវត្តមានរបស់យើងនៅអាស៊ីអាគ្នេយ៍ ហើយយើងមានជំនឿយ៉ាងមុតមាំថា PPM ដែលជា ក្រុមហ៊ុនផលិត និងចែកចាយឱសថក្នុងស្រុកដ៏ធំ និងឈានមុខគេ ដែលផ្តោតសំខាន់ទៅលើគុណភាព និងភាពច្នៃប្រឌិតខ្ពស់សម្រាប់ផលិតផលឱសថ គឺជាដៃគូដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន FAES Farma»។
 
 
ព្រឹត្តិការណ៍ «ការពួតដៃគ្នាដើម្បីភាពអស្ចារ្យ» ឬ "Uniting for Excellence" នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបង្ហាញពីភាពស័ក្តិសមឥតខ្ចោះរវាង PPM Pharma និង FAES Farma។ ភាពជាដៃគូនេះមានគោលដៅរួមគ្នាក្នុងការនាំមកនូវផលិតផលឱសថ ដែលមានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍របស់យើង។
 
ការចាប់ដៃគូនេះនឹងនាំមកនូវផលិតផលឱសថ ដែលមានគុណភាពខ្ពស់កាន់តែសម្បូរបែប ដែលរួមបញ្ចូលទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍ច្នៃប្រឌិតរបស់ FAES Farma ជាមួយជំនាញ និងបណ្តាញចែកចាយទូលំទូលាយរបស់សហគ្រាស PPM នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយការចាប់ដៃគូរវាងក្រុមហ៊ុនផលិតឱសថដ៏ធំទាំងពីរនេះរំពឹងថា នឹងចូលរួមចំណែកដល់ការសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតឱកាសការងារ និងលើកកម្ពស់សហគមន៍ ឱ្យមានសុខភាពល្អ និងគាំទ្រដល់គម្រោងគោលដៅអភិវឌ្ឍន៍ជាតិរបស់យើងផងដែរ។
 









 

© រក្សាសិទ្ធិដោយ thmeythmey.com