កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថា Inter Miami នឹងក្លាយជាក្លិបចុងក្រោយក្នុងអាជីព
13, Jun 2024 , 8:29 pm        
រូបភាព
Inter Miami នឹងក្លាយជាក្លិបចុងក្រោយបង្អស់សម្រាប់របស់ Lionel Messi ក្នុងអាជីពជាកីឡាករបាល់ទាត់។ នេះជាការអះអាងរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ស្របពេលខ្សែបម្រើឆ្នើម វ័យ៣៦ឆ្នាំ រអាអំពីការសម្រេចចិត្តចូលនិវត្តន៍របស់ខ្លួន។



កីឡាករម្ចាស់ពាន World Cup 2022 ជាមួយនឹងក្រុមអាហ្សង់ទីន មានកិច្ចសន្យាជាមួយនឹងក្រុម Inter Miami ស្ថិតក្នុងលីគកំពូលប្រទេសអាមេរិក រហូតដល់ឆ្នាំ ២០២៥។ Messi ចូលរួមជាមួយនឹងក្រុម Inter Mimai កាលពីរដូវកាលមុន បន្ទាប់ពីគេបានចាកចេញពីក្រុមជើងឯកបារាំង Paris Saint Germain។
 
មានវ័យ ៣៦ឆ្នាំ ក៏ពិតមែន ប៉ុន្តែ Messi នៅតែមានសមត្ថភាពខ្លាំងពូកែក្នុងការលេងបាល់ទាត់ដដែល ដោយរូបគេនៅតែត្រូវបានក្រុមជម្រើសជាតិអាហ្សង់ទីន ជឿជាក់និងឱ្យបន្ដដឹកនាំជាប្រធានក្រុម ខណៈរូបគេក៏តែងតែរកបានគ្រាប់បាល់នៅក្លិប Miami ដូចគ្នា។ យ៉ាងណា Messi ពេលនេះបានអះអាងថាក្លិប Inter Miami នឹងក្លាយជាក្លិបចុងក្រោយដែលរូបគេលេងឱ្យ ដែលនេះទំនងជាខ្សែប្រយុទ្ធអាហ្សង់ទីន ចង់បង្ហាញបំណងចូលនិវត្តន៍ពីបាល់ទាត់។
  


​ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៨សម័យ បាននិយាយប្រាប់ទូរទស្សន៍ ESPN ដូច្នេះថា«Inter Miami នឹងក្លាយជាក្លិបចុងក្រោយរបស់ខ្ញុំ។ ខ្ញុំស្រលាញ់ការលេងបាល់ទាត់ ខ្ញុំពិតជារីករាយគ្រប់យ៉ាងច្រើនជាងនេះ ព្រោះតែខ្ញុំដឹងថាពេលវេលានៅសល់តិចទៅហើយ។ ខ្ញុំមិនទាន់ត្រៀមរួចរាល់ឡើយក្នុងការចាកចេញពីបាល់ទាត់ ដែលខ្ញុំបានសម្រេចសមិទ្ធិផលបានពេញមួយជីវិតខ្ញុំ ខ្ញុំពិតជាស្រលាញ់បាល់ទាត់ ខ្ញុំរីករាយជាមួយការហ្វឹកហាត់ ពីមួយថ្ងៃទៅមួយថ្ងៃ ការប្រកួត។ ពិតណាស់ខ្ញុំតែមានភាពភ័យខ្លាចបន្តិចបន្តួចចំពោះរឿងទាំងនេះ។»។
 
Messi បច្ចុប្បន្នកំពុងតែហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់ ដើម្បីត្រៀមខ្លួនការពារជើងឯកពានរង្វាន់ Copa America ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា នៅក្នុងប្រទេសអាមេរិក។
 
អាហ្សង់ទីន នឹងចាប់ផ្តើមការប្រកួតទល់នឹងក្រុមកាណាដា ថ្ងៃប្រកួតបើកឆាក មុនពេលទៅជួបក្រុមគូប្រជែងស៊ីលី នៅថ្ងៃទី២៥ ហើយនៅ ៤ថ្ងៃ បន្ទាប់ជួបក្រុមប៉េរូ ស្ថិតក្នុងពូល A ជាមួយគ្នា៕

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com