ដោយ៖ ញ៉ សុខហឿន
ភ្នំពេញ៖ សម្លៀកបំពាក់ជជុះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្ស និស្សិត និងពលរដ្ឋ ដែលមានចំណូលសមរម្យ ខណៈម៉ាកសម្លៀកបំពាក់ល្បីៗ កំពុងឈរជើងនៅក្នុងទីផ្សារប្រទេសកម្ពុជា។
កញ្ញា គិត បុប្ផា ជានិស្សិតនៅសកលវិទ្យាល័យ និងកំពុងបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ ចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ជជុះ ដោយសារមានតម្លៃសមរម្យ។ សម្រាប់ បុប្ផា ការប្រើប្រាស់សម្លៀកបំពាក់ជជុះ ជួយសន្សំសំចៃការចំណាយរបស់នាង ដោយចំណាយថវិកាតិច តែទទួលបានសម្លៀកបំពាក់ច្រើន។
ពលរដ្ឋទិញសម្លៀកបំពាក់ នៅក្នុងផ្សារបឹងកេងកង រាជធានីភ្នំពេញ។ រូបភាពដោយ ញ៉ សុខហឿន
បុប្ផានិយាយសារព័ត៌មានឌីជីថលថ្មីៗថា៖ «ខ្ញុំចូលចិត្តប្រើប្រាស់ខោអាវជជុះ ពីព្រោះវាមានម៉ូតច្រើនហើយប្លែកពីម៉ូតនៅក្នុងស្រុក។ ប៉ុន្តែមុនពេលខ្ញុំទិញខោអាវទាំងនោះ ខ្ញុំក៏ត្រូវប្រាកដចិត្តដែរថាខ្ញុំស្រឡាញ់។ បើខ្ញុំអត់ស្រឡាញ់ខ្ញុំក៏អត់ទិញដែរ ទោះវាមានតម្លៃថោកក៏ដោយ»។
បុប្ផា មិនលាក់លៀម និងមិនខ្មាសអៀន ចំពោះការប្រាប់ពីតម្លៃសម្លៀកបំពាក់ជជុះ ដែលនាងកំពុងស្លៀកនៅលើខ្លួនឡើយ ដោយពេលខ្លះចំណាយមិនដល់៤ម៉ឺន ឬ១០ដុល្លារផងទេ។ សម្រាប់ទីតាំងដែល បុប្ផា ចូលចិត្តទិញខោអាវនោះ គឺនៅផ្សារបឹងកេងកង ដែលស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
«ខោអាវភាគច្រើនដែលខ្ញុំទិញ គឺមានប្រាំពាន់រៀល ហើយជួនកាលមានតម្លៃ ខោវមួយ ឬអាវមួយ មួយមុឺនរៀល គឺវាអាស្រ័យទៅលើគុណភាពសម្លៀកបំពាក់»។ នេះបើតាមយុវតី វ័យជាង២០ឆ្នាំ គិត បុប្ផា។
បន្ថែមពីលើតម្លៃធូរថ្លៃ សម្លៀកបំពាក់ជជុះ ក៏ជួយកាត់បន្ថយកាកសំណល់ និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពនៃការកែច្នៃវត្ថុ ប្រើប្រាស់ឡើងវិញទៀតផង។
ពលរដ្ឋទិញសម្លៀកបំពាក់ នៅក្នុងផ្សារបឹងកេងកង រាជធានីភ្នំពេញ។ រូបភាពដោយ ញ៉ សុខហឿន
សម្លៀកបំពាក់ជជុះ ប្រឹងប្រជែងជាមួយម៉ាកផលិតផលសម្លៀកបំពាក់ល្បីៗ ដែលកំពុងឈរជើងនៅក្នុងទីផ្សារកម្ពុជា រួមមាន Zando, lacoste, Ten11 , Zara , H&M , Calvin Klein ជាដើម។ សម្លៀកបំពាក់មួយទឹក ក៏កំពុងពេញនិយមនៅលើទីផ្សារអនឡាញដូចជា ហ្វេសប៊ុក ទិកតុក(TikTok) និងអ៊ីនស្តាក្រាម(Instagram) ផងដែរ។
ដ្បិតម៉ាកផលិតផលសម្លៀកបំពាក់ល្បីៗ ហូរចូលកម្ពុជាក្តី ប៉ុន្តែសម្លៀកបំពាក់ជជុះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្ស និស្សិត យុវជន និងពលរដ្ឋ មានចំណូលមធ្យម។ កញ្ញា បុិច សាយន្ដ័ ក៏ចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ជជុះដែរ។ សាយន្ត័ បានប្រើប្រាស់ខោអាវជជុះ ជិត១០ឆ្នាំមកហើយ ដោយនាងគិតថា ខោអាវជជុះមានម៉ូតច្រើន ហើយគុណភាពសាច់ក្រណាត់ក៏មិនចាញ់ផលិតផលថ្មី ប៉ុន្មានឡើយ។
សាយន្ត័និយាយថា៖ «ខ្ញុំអាចទិញខោអាវតាមរដូវរងា និងរដូវត្រជាក់នៅក្នុងតម្លៃមួយដែលល្អ។ កន្លែងដែលខ្ញុំចូលចិត្តគឺមានផ្សារបឹងកេងកង ផ្សារស្ទឹងមានជ័យ និងវិមានឯករាជ្យ II។ ខ្ញុំចូលចិត្តទិញនៅវិមានឯករាជ្យ II ជាងគេ ព្រោះទីនោះមានខោអាវលក់មានតម្លៃធូរថ្លៃ តម្លៃបួនពាន់រៀលអីទេ។ វាធូរថ្លៃ ជាងនៅផ្សារបឹងកេងកង»។
អ្នកស្រី រ៉ាទី ជាអ្នកលក់ខោអារជជុះនៅផ្សារបឹងកេងកង
ផ្សារបឹងកេងកង គឺជាកន្លែងមួយ ដែលមនុស្សភាគច្រើនទៅទិញសម្លៀកបំពាក់ ដែលប្រើប្រាស់រួច និងមានតម្លៃសមរ្យ។ អ្នកស្រី រ៉ាទី មានវ័យ ៣០ ឆ្នាំ ជាអាជីវករលក់សម្លៀកបំពាក់ជជុះនៅផ្សារបឹងកេងកង បាននិយាយថា អ្នកនិយមទិញសម្លៀកបំពាក់ជជុះ ភាគច្រើនជាយុវជន។
«ខ្ញុំលក់សម្លៀកបំពាក់នេះ ចាប់ពីម៉ោង៧ ព្រឹកដល់ម៉ោង៧យប់ ដូចអាជីរករផ្សេងទៀតដែរ។ មានភ្ញៀវចន្លោះពី១០០នាក់ ទៅ២០០នាក់ ក្នុងមួយថ្ងៃមកទិញកន្លែងខ្ញុំ»។ នេះបើតាមអ្នកស្រី រ៉ាទី ដែលលក់ម៉ូតសម្លៀកបំពាក់ភាគច្រើន សម្រាប់តែយុវជនប៉ុណ្ណោះ។
សព្វថ្ងៃនេះ មនុស្សកំពុងមានបញ្ហារឿងសេដ្ឋកិច្ច។ ដូច្នោះពួកគេប្រហែលកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ ការប្រើប្រាស់សម្លៀកបំពាក់មួយទឹកជាដើម គឺជាវិធីសាស្រ្តដ៏ល្អមួយ ក្នុងការសន្សំសំចៃ។ នេះជាការយល់ឃើញរបស់អ្នកស្រី រ៉ាទី។
បើយោងទៅតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជាបាននាំចូលខោអាវជជុះច្រើនជាង ៦២, ០០០ តោន នៅក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ ៥០, ២ លានដុល្លារ។ ក្នុងនោះ មានសម្លៀកបំពាក់ជជុះពីប្រទេសកូរ៉េខាងត្បូង នាំចូលមកកម្ពុជាប្រហែល ១៧, ៤៨៣តោន ដែលមានតម្លៃ ១៤. ១ លានដុល្លារ។ នាំចូលពីចិន ១៤. ៧០៤ តោន ដែលមានតម្លៃ ១១.៨ លានដុល្លារ និងជប៉ុន ១៣, ៦៣៨ តោន ដែលមានតម្លៃ ១១ លានដុល្លារ។
ក្នុងរយៈពេលដូចគ្នានេះ ប្រទេសកម្ពជា ក៏បាននាំចេញសម្លៀកបំពាក់ជជុះទៅក្រៅប្រទេសជិត ៣០០ តោនដែរ ដែលមានតម្លៃប្រហែល ៣.២ លានដុល្លារ។ ប្រទេសហ្ស៊កដានី គឺជាទីផ្សារធំជាងគេដែលបាននាំចូលនាំចេញសម្លៀកបំពាក់ជជុះពីកម្ពុជាចំនួន ៩២៣, ៨ តោន ដែលមានតម្លៃ ១.១៣ លានដុល្លារ។ ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយនាំចូលសម្លៀកបំពាក់ជជុះពីកម្ពុជា ចំនួន ៥៤២,២ តោន មានតម្លៃ ៦១៦, ០៦០ ដុល្លារ។ ខណៈហុងកុងស្ថិតនៅលេខរៀងទី៣ ដែលបាននាំចូល ចំនួន ៣៥៤,៣ តោន មានតម្លៃ ២១៤, ៧៩៣ ដុល្លារ៕