កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ រូម៉ានីជួបអ៊ុយក្រែន មុន បែលហ្ស៊ិកប៉ះស្លូវ៉ាគី និងអូទ្រីស តទល់បារាំង
17, Jun 2024 , 5:39 pm        
រូបភាព
ការប្រកួត ៣គូ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 ថ្ងៃទី១៧ ខែមិថុនានេះ ក្រុមជម្រើសជាតិរូម៉ានី ជួបអ៊ុយក្រែន វេលាម៉ោង ៨យប់ មុនពេលដែល បែលហ្ស៊ិក ត្រូវប៉ះជាមួយស្លូវ៉ាគី វេលាម៉ោង ១១យប់ នៅក្នុងជំនួបពូល E ដូចគ្នា។ ចំណែកអូទ្រីស នឹងត្រូវតទល់ជាមួយបារាំង នៅវេលាម៉ោង ២យប់រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា)នៅក្នុងជំនួបពូល D។



ជំនួបគូបើកឆាកពូល E ស្ថិតក្នុងកីឡដ្ឋាន Allianz Arena របស់ម្ចាស់ផ្ទះអាល្លឺម៉ង់ វេលាម៉ោង ៨យប់ ក្រុមរូម៉ានី ដែលបានបញ្ចប់កំពូលតារាងកាលពីវគ្គជម្រុះស្ថិតក្នុងពូល I នឹងឈរនៅក្នុងនាមជាក្រុមមិនដែលចាញ់ការប្រកួតជម្រុះ ពេលនេះនឹងត្រូវចាប់ផ្តើមការប្រកួតជុំចុងក្រោយ Euro 2024 ដោយត្រូវតទល់នឹងអ៊ុយក្រែន។ អ៊ុយក្រែនកាលពីវគ្គជម្រុះតំបន់ ពួកគេបានត្រឹមជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ស្ថិតក្នុងពូល C កាលនោះ ហើយត្រូវបន្តប្រជែងកៅអីវគ្គ Playoffs រហូតអាចឈ្នះវិលត្រឡប់មកកាន់ជុំចុងក្រោយនេះវិញ។
 
រូម៉ានី បង្ហាញខ្លួននៅព្រឹត្តិការណ៍ Euro ជាលើកទី៦ ខណៈដែលអ៊ុយក្រែនទើបតែបង្ហាញខ្លួនជាលើកទី៤ ប៉ុណ្ណោះ។ កន្លងមករវាងក្រុមទាំងពីរ ធ្លាប់បានប៉ះគ្នា ៦លើក រួចមកហើយ ដោយម្នាក់ៗគឺរកបានជ័យជម្នះ ៣លើក ដូចៗគ្នា តែយ៉ាងណា ការប៉ះគ្នា ៣លើកចុងក្រោយអ៊ុយក្រែនជាក្រុមមានកំណត់ត្រាឈ្នះ។
  


បែលហ្ស៊ិក ប៉ះ ស្លូវ៉ាគី

ទៅកាន់កីឡដ្ឋាន Deutsche Bank Park ជាជំនួបពូល E មួយគូទៀតវេលាម៉ោង ១១យប់ ក្រុមខ្លាំងបែលហ្ស៊ិក ក៏នឹងត្រូវចាប់ផ្តើមការប្រកួតរបស់ខ្លួនទល់នឹងក្រុមស្លូវ៉ាគី ដែលទើបបានវិលត្រឡប់មកកាន់ការប្រកួត Euro វិញលើកនេះ។ បែលហ្ស៊ិក ជាក្រុមដែលមិនអាចមើលរំលងបាន​ស្ថិតក្នុងការប្រកួត Euro 2024 លើកនេះ។
 
ស្លូវ៉ាគី ឆ្លងកាត់ការប្រកួតវគ្គជម្រុះមកយ៉ាងតានតឹងជាច្រើន រួមទាំងវគ្គ Playoffs ដើម្បីអាចស្វែងរកកៅអីឡើងមកកាន់ជុំចុងក្រោយនៃ Euro 2024។ ប៉ុន្តែបែលហ្ស៊ិក ជាក្រុមស្ថិតក្នុងចំណោមក្រុមខ្លាំងដទៃផ្សេងទៀត ដែលឈ្នះកៅអីស្វ័យប្រវត្តិពីការប្រកួតជម្រុះតាមពូល។ កន្លងមកបែលហ្ស៊ិក ធ្លាប់ប៉ះ ស្លូវ៉ាគី ចំនួន ៣ដង ដោយពួកគេបានយកឈ្នះតែមួយលើកប៉ុណ្ណោះ ខណៈ ២ប្រកួតទៀត ស្លូវ៉ាគីទោះមិនអាចយកឈ្នះ តែពួកគេអាចទប់ទល់ជាប់ការសម្រុកពីបែលហ្ស៊ិក។
 
អូទ្រីស ប៉ះ បារាំង



វិលត្រឡប់ទៅកាន់ជំនួបពូល D ក្រុមកំពុងមានទម្រង់លេងល្អប្រសើរអូទ្រីស នឹងត្រូវតទល់ក្រុមជើងខ្លាំងបារាំង ដែលស្រែកឃ្លានដណ្តើមពាន Euro 2024 ឱ្យបានលើកនេះ។ ការប្រកួតក្រុមទាំងពីរធ្វើឡើងក្នុងកីឡដ្ឋាន Merkur Spiel វេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
 
ក្រុមអូទ្រីសក្រោមការដឹកនាំរបស់លោក Ralf Rangnick ត្រូវបានគេមើលឃើញថាមានការកើតឡើងកម្រិតសមត្ថភាព ព្រមទាំងការសហការជាក្រុម ប៉ុន្តែក្រុមមួយនេះចង់បានបទពិសោធន៍ក្នុងការប្រកួតពានរង្វាន់អន្តរជាតិកាន់តែច្រើនបន្ថែមទៀត។ ចំណែកបារាំង ជាក្រុមកំពូលមួយប្រចាំការប្រកួត នឹងត្រូវបានគេរំពឹងថាអាចជាក្រុមនឹងលើកពាន​ Euro 2024 ហើយក៏នឹងជាគូប្រកួតដ៏តានតឹងមួយរបស់អូទ្រីស។
  


រវាងក្រុមទាំងពីរនេះ បានជួបគ្នាច្រើនលើករួចមកហើយ ដោយចំណោមការប្រកួតរាល់ពានរង្វាន់នានា និងមិត្តភាព ២៥លើក បារាំង មានកំណត់ត្រាល្អជាងអូទ្រីស​ ដោយពួកគេបានយកឈ្នះការប្រកួត ១៣លើក ចំណែកអូទ្រីសក៏មិនធម្មតា ធ្លាប់យកបានជ័យជម្នះ ៩លើក មកវិញផងដែរ។ ការជួបគ្នាចុងក្រោយឆ្នាំ ២០២២ បារាំងបញ្ចប់ការប្រកួតដោយលទ្ធផលឈ្នះ ២-០។ 
ស្ថិតការប្រកួត ៥លើកចុងក្រោយមកនេះ អូទ្រីសហាក់បីជាបង្ហាញការលេងបានយ៉ាងល្អ ដ្បិតទម្រង់លេងកន្លងមកមិនល្អគ្រប់គ្រាន់ ដែលពួកគេត្រូវបានបង្ហាញក្នុងការប្រកួតរាត្រីនេះទល់បារាំង ហើយកន្លងមកការឈ្នះ ៤លើកជាប់គ្នា និងស្មើ១ ជំរុញកម្លាំងចិត្តដល់អូទ្រីស។ បារាំង ៥ប្រកួតចុងក្រោយ ឈ្នះបានត្រឹមតែ ២លើក ស្មើ ២ និងចាញ់ ១ ខណៈក្រុមក៏មានការផ្លាស់ប្តូរកីឡាករថ្មីមួយចំនួនចូលក្នុងក្រុម ចាប់តាំងពី World Cup 2022 រួចមក៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com