អន្តរជាតិ
Reuters៖ លោក ពូទីន នឹងបំពេញទស្សនកិច្ចនៅវៀតណាមក្នុងសប្តាហ៍នេះ ក្រោយទៅកូរ៉េខាងជើង ![លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP](https://image.thmeythmey.com/pictures/2024/06/17/17620241703b.jpg)
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
×![]()
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងសប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៧ ខែមិថុនា ដោយស្រង់ប្រភពពីមន្រ្តីជាច្រើនរូប។ យ៉ាងណាមិញ មន្រ្តីស្ថានទូតអាម៉េរិកប្រចាំនៅវៀតណាម បានបង្ហាញការមិនពេញចិត្តឡើយ។
ក្រោមគោលនយោបាយការទូតដើមឫស្សី វៀតណាមមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសធំៗដូចជា ចិន រុស្ស៊ី និងអាម៉េរិក។ បន្ទាប់ពីទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជិនភីងកាលពីឆ្នាំ២០២៣ វៀតណាមនឹងទទួលមេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ីម្តង គឺលោកវ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះ។
ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូង ចាប់តាំងពីចូលកាន់អំណាចនៅអាណត្តិទី៥ លោកពូទីន អាចនឹងលើកយកប្រធានបទសំខាន់ៗ និងរសើបទៅជជែកជាមួយមេដឹកនាំវៀតណាម។
«កិច្ចពិភាក្សាទាំងនោះ អាចរួមមានអាវុធ, ថាមពល, និងការទូរទាត់សាច់ប្រាក់»។ ទីភ្នាក់ងារព័ត៌មានReuters បានស្រង់សម្តីមន្រ្តីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបែបនេះ។ រុស្ស៊ី ជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់វៀតណាម ហើយក្រុមហ៊ុនហ្គាសរុស្ស៊ី ក៏កំពុងប្រតិបត្តិការជាមួយវៀតណាម នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកាន់វៀតណាម បានធ្វើឱ្យអាម៉េរិកមិនសប្បាយចិត្តជាខ្លាំង។
«គ្មានប្រទេសណាមួយ គួរផ្តល់ឱកាសឱ្យលោកពូទីន ក្នុងការការពារសកម្មភាពឈ្លានពានឡើយ»។ អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅវៀតណាម បានបញ្ជាក់បែបនេះ ដោយបន្តថា ប្រសិនបើលោកពូទីន អាចធ្វើដំណើរបានដោយសេរី វានឹងធ្វើឱ្យទង្វើបំពានច្បាប់អន្តរជាតិរបស់រុស្ស៊ី មានលក្ខណៈធម្មតា។
បន្ទាប់ពីការឈ្លានពានលើអ៊ុយក្រែន តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាចាប់ខ្លួនលោកពូទីន។ ប៉ុន្តែអាម៉េរិក រុស្ស៊ី រួមទាំងវៀតណាម មិនមែនជាសមាជិកតុលាការអន្តរជាតិមួយនេះនោះទេ។
ទន្ទឹមនេះ លោកពូទីនគ្រោងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com