ជាតិ
វត្ថុបុរាណ ដែលធ្វើពីមាស និងសំរឹទ្ធ នឹងតាំងពិព័រណ៍នៅសារមន្ទីរជាតិ រយៈពេល៦ខែ
17, Jun 2024 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុក សារមន្ទីរជាតិកម្ពុជា National Museum of Cambodia
រូបពីហ្វេសប៊ុក សារមន្ទីរជាតិកម្ពុជា National Museum of Cambodia
ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា នឹងបើកពិព័រណ៍មួយស្ដីពី «រូបចម្លាក់ខ្មែរ ដែលប្រគល់ត្រឡប់មក ព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃ​ពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។



លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមន្ទីរ បានប្រាប់សារព័ត៌មានថ្មីៗថា វត្ថុបុរាណដែលនឹងដាក់តាំងពិព័រណ៍នេះ មានចំនួន៩៩វត្ថុ ដោយក្នុងនោះវត្ថុបុរាណធ្វើពីថ្មចំនួន៥ ,ធ្វើពីសំរឹទ្ធចំនួន២២ និងធ្វើពីមាស ដែលជាគ្រឿងអលង្ការ មានចំនួន៧២។
  
 រូបពីហ្វេសប៊ុក សារមន្ទីរជាតិកម្ពុជា National Museum of Cambodia

លោក ច័ន្ទរស្មី បន្ថែមថា វត្ថុបុរាណធ្វើពីថ្ម និងសំរឹទ្ធ នឹងតាំងពេញ៦ខែ។ ដោយឡែកចំពោះគ្រឿងអលង្ការធ្វើពីមាស ត្រូវបានបែងចែកជា៦ក្រុម ដើម្បីដាក់តាំងឆ្លាស់គ្នា ក្នុងមួយក្រុមតាំងរយៈពេល១ខែ។ 
 
«គ្រឿងអលង្ការ មានជាឈុត មានមកុដ ខ្សែព័ទ្ធឆៀង ក្រវិល និងគ្រឿងលម្អផ្សេងៗ។ គ្រឿងអលង្ការទាំងនេះ យើងបែងចែកជា៦ក្រុម។ ហើយយើងដាក់តាំងឆ្លាស់គ្នា​ បានន័យថា ក្នុងមួយក្រុមយើងដាក់តាំង១ខែ។ ខែក្រោយ យើងដាក់តាំង១ក្រុមផ្សេងទៀត»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ច័ន្ទរស្មី។
 
សូមបញ្ជាក់ថា ការតាំងពិព័រណ៍វត្ថុបុរាណទាំង៩៩វត្ថុ រយៈពេល៦ខែនេះ នឹងបើកឱ្យសាធារណជន ចូលទស្សនាជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផងដែរ ៕
 

Tag:
 សិល្បៈ
  សារមន្ទីរ
  វប្បធម៌
  រូបចម្លាក់
  ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com