ជាតិ
បទសម្ភាសន៍
វីដេអូ
អាណាព្យាបាលមានតួនាទីសំខាន់ បណ្តុះទម្លាប់ការអានដល់កូន…
17, Jun 2024 , 9:29 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
 
ភ្នំពេញ៖ កុមារតូចៗប្រៀបដូចជាក្រដាសស ឆាប់ទទួលឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញខ្លួនទាំងល្អ និងអាក្រក់។ ឪពុកម្តាយ ជាគ្រូទី១របស់កូនៗ មានតួនាទីបង្រៀនគ្រប់ឥរិយាបថ ដេក ដើរ ឈរ អង្គុយ ការនិយាយស្តី និងចំណេះដឹងមូលដ្ឋាននានា ជាពិសេសទម្លាប់ល្អៗក្នុងការរស់នៅ និងអានសៀវភៅជាដើម។ ការ​បណ្ដុះ​ទម្លាប់​នៃ​ការ​អាន​ដល់​កូនៗ ត្រូវ​ការ​ភាព​ជាគំរូរបស់អាណាព្យាបាល​ ខណៈកុមារបច្ចុប្បន្ន មិនថានៅទីក្រុង ឬជនបទភាគច្រើនចូលចិត្តមើលទូរសព្ទជាជាងសៀវភៅ។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

កប៉ាល់ MV Doulos Hope ដែលជាបណ្ណាគារបណ្តែតទឹកធំជាងគេលើពិភពលោក របស់​អាល្លីម៉ង់បានមកដល់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា និងបន្តចតដល់ថ្ងៃទី៤ ខែកក្កដា ដើម្បីតាំង​ពិព័រណ៍​សៀវភៅ​។ អ្នកចូលរួមការតាំងពិព័រណ៍នេះ មានគ្រប់វ័យ ជាពិសេសអាណាព្យាបាល ​ក៏​បាននាំកូនតូចៗមកជាមួយ ដើម្បីមើលទិដ្ឋភាពប្លែកភ្នែកនៃការតាំងពិព័រណ៍សៀវភៅលើកប៉ាល់នៅភ្នំពេញលើកទី១ ផងដែរ​។ 
 
ជាស្រ្តីមេផ្ទះ រស់នៅម្តុំផ្សារទួលគោក អ្នកស្រី សុខ ពៅ តែងតែនាំកូនទៅចូលរួមការតាំងពិព័រណ៍សៀវភៅនានា ពុំសូវដែលអាក់ខានឡើយ ដោយសារចង់បណ្តុះគំនិតឱ្យកូនចេះស្រឡាញ់សៀវភៅ និងមានទម្លាប់ការអានតាំងពីនៅតូច។ បើតាម​អ្នកស្រី ពៅ  នៅ​ពេល​ឪពុកម្តាយនាំកូនតូចៗទៅចូលរួមការតាំងពិព័រណ៍សៀវភៅ បានធ្វើ​ឱ្យ​កូន​ឃើញសៀវភៅសម្បូរបែប ឃើញអ្នកនិពន្ធ អ្នកទិញសៀវភៅ អ្នកអានសៀវភៅ ដែល​ជាទិដ្ឋភាពមួយជំរុញឱ្យពួកគេចាប់ផ្តើមស្រឡាញ់ការអាន។
 
 អ្នកស្រី សុខ ស្រីពៅ

«ពេលយើងបង្រៀនកូន យើងមិនអាចបង្រៀនអស់បានទេ មិនអាចមានពេលរ៉ាយរ៉ាប់ប្រាប់កូនអស់ទេ មានតែការអានសៀវភៅប៉ុណ្ណោះ ដែលធ្វើឱ្យកូនចេះបានច្រើន»។ នេះជាការយល់ឃើញរបស់ អ្នកស្រី សុខ ពៅ ដោយបន្ថែមថា ដើម្បីឱ្យកូនចូលចិត្តអានសៀវភៅ លុះ​ត្រា​តែឪ​ពុកម្តាយឆ្លៀតពេល​បណ្តុះ​បណ្តាលឱ្យកូនចេះអានសៀវភៅ និងអានជាមួយកូន ជាជាងយកពេលទៅមើលទូរសព្ទតាមដានបណ្តាញសង្គម។
 
និយាយដោយសម្តីមួយៗ ស្ត្រីវ័យ ៤៨ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា ឪពុកម្តាយជាតួអង្គសំខាន់បំផុតសម្រាប់បណ្តុះឱ្យកូនចូលចិត្តអានសៀវភៅ ព្រោះឪពុកម្តាយ មាន​កាតព្វកិច្ច​ប្រៀនប្រដៅ ផ្តល់ភាពកក់ក្តៅ តម្រង់ផ្លូវ និងផ្តល់ជាគំរូដល់កូន​។ តួ​យ៉ាង​ ដូចជា​អ្នកស្រី តែង​ជំរុញកូនឱ្យអាន ដែល​ធ្វើ​ឱ្យ​កូន​ចូលចិត្តអានសៀវភៅតាំងពីនៅតូច។ ទោះបីយ៉ាងនេះក្តី អ្នកស្រី ពៅ នៅតែ​លើកទឹកចិត្តកូនបន្ថែម តាមរយៈជូនកូន​ទៅចូលរួមការតាំងពិព័រណ៍សៀវភៅ និង​ឆ្លៀតពេលទំនេរអានសៀវភៅជាមួយកូនជាដើម។ 
 
ទន្ទឹមនឹងនេះ កញ្ញា សោម ស្រីលណ៍ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បាននាំប្អូនៗប្រុសស្រី​ មកមើលការតាំងពិព័រណ៍សៀវភៅនេះផងដែរ។ ស្រីលណ៍ និងប្អូនចំនួន៤នាក់ បានដើរមើលសៀវភៅចម្រុះមុខ នៅលើកប៉ាល់ MV Doulos Hoope ដើម្បីស្វែងយល់ពីចំណងជើងសៀវភៅ នៅក្នុងបណ្ណាគារនេះ។ កញ្ញា យល់ថា តាមរយៈ​ការ​ចូលរួម​ពិព័រណ៍នេះ  នឹងនាំ​ឱ្យ​កុមារ​ទទួលបានបទពិសោធថ្មីៗ ពីមជ្ឈដ្ឋានខាងក្រៅ និង​អាច​ដឹងពីការ​វិវ ត្តន៍របស់​ពិភពលោក ដែល​ងាយស្រួលឱ្យពួកគេត្រៀមខ្លួនពង្រឹងសមត្ថភាព។ 
 
កញ្ញា សោម ស្រីលណ៍ រូបខាងស្តាំ ជាមួយមីង និងប្អូនៗ

នេះមិនមែនជាលើកទី១ទេ ដែលយុវតីសម្បុរស្រអែមរូបនេះ នាំប្អូនតូចៗមកចូលរួមការតាំងពិព័រណ៍សៀវភៅ ពោលគឺឱ្យតែមានការតាំងពិព័រណ៍សៀវភៅ ឬកម្មវិធីទាក់ទងទៅនឹងការសិក្សា កញ្ញាតែងតែនាំប្អូនតូចៗទៅចូលរួមជានិច្ច។ និយាយដល់ចំណុចនេះ កញ្ញា ស្រីលណ៍ បានបន្ថែមថា ប្អូនៗរបស់កញ្ញាចូលចិត្តអានសៀវភៅ ព្រោះកញ្ញាតែងតែធ្វើសកម្មភាពល្អៗ ជាគំរូដល់ដល់ប្អូនៗជានិច្ច។ ស្រីលណ៍ រៀបរាប់​ដូច្នេះ៖​«ពួកគាត់ចូលចិត្តកាន់សៀវភៅ ដោយសារឃើញខ្ញុំឧស្សាហ៍កាន់សៀវភៅអាននៅមុខគាត់ អ៊ីចឹងហើយគាត់ឃើញយើងធ្វើអីគាត់ចង់ធ្វើដូចយើងដែរ»។ 
 
និស្សិតវ័យ​ ២៣ឆ្នាំ រៀនជំនាញគ្រប់គ្រងរូបនេះ បញ្ជាក់ថា ដើម្បី​ចង់ឱ្យកុមារតូចៗចូលចិត្តអានសៀវភៅ លុះត្រាតែអាណាព្យាបាលចូលចិត្ត នឹងមានទម្លាប់អានសៀវភៅ ដើម្បីជាគំរូដល់ពួកគាត់។ « ដូចប្អូនខ្ញុំជាដើម ពួកគាត់មិនចូលចិត្តអានសៀភៅទេ លុះត្រាតែយើងជាបងកាន់សៀវភៅឱ្យគាត់ឃើញ ថាយើងកំពុងធ្វើអ្វី ពេលពួកគាត់មើលឃើញ គាត់ចាប់ផ្តើមឆ្ងល់ និងចង់ធ្វើតាមយើង»។ នេះជាការលើកឡើងរបស់កញ្ញា សោម ស្រីលណ៍។ 
 
តែយ៉ាងណាទាំង កញ្ញា សោម ស្រីលណ៍ និងអ្នកស្រី សុខ ពៅ ចង់ឱ្យអាណាព្យាបាលគ្រប់រូប ធ្វើជាគំរូល្អៗដល់កុមារ ព្រោះគំរូរបស់ពួកគាត់ជាចំណុចចាប់ផ្តើម ដែលផ្តល់ចំណេះដឹង និងទម្លាប់ល្អៗក្នុងការរស់នៅប្រចាំថ្ងៃរបស់កុមារ។ ជាមួយគ្នានេះ ទម្លាប់របស់​អាណាព្យាបាល នឹងផ្តល់ជាជាគំរូដល់កុមារដទៃជំនាន់ក្រោយៗតទៀត៕ 

Tag:
 កុមារ កប៉ាល់ ពិព័រណ៍សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com