កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ កីឡាករ Schranz រក ១គ្រាប់នាំជ័យជម្នះឱ្យស្លូវ៉ាគី ឈ្នះលើបែលហ្ស៊ិកដែលគ្មានសំណាង
18, Jun 2024 , 12:55 am        
រូបភាព
ក្រុមជម្រើសជាតិស្លូវ៉ាគី មិនចុះញ៉មជាមួយនឹងក្រុមបែលសហ្ស៊ិក ដោយពួកគេដណ្តើមបាន ៣ពិន្ទុ ពីការប្រកួតក្រោយពេលកីឡាករ Ivan Schranz ស៊ុត ១គ្រាប់នាំជ័យជម្នះ នៅក្នុងជំនួបទី២ ពូល E ព្រឹត្តិាករណ៍ Euro 2024 វគ្គចែកពូល។ ស្លូវ៉ាគីសម្រុកមួយៗ មានប្រសិទ្ធិភាព ខណៈដែលបែលហ្ស៊ិក ខកឱកាសព្រោះតែការមិនយល់ចិត្តគ្នា និងគ្មានសំណាងនៅតំបន់ប្រយុទ្ធ។


នៅការប្រកួតវគ្គទីមួយ ទោះជាបែលហ្ស៊ិកមានការសម្រុក ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេហាក់បីជាគ្មានសំណាង លាយឡំនឹងការមិនយល់ចិត្តនៅត្រង់តំបន់ប្រយុទ្ធ ហើយជាពិសេសខ្សែប្រយុទ្ធ Romelu Lukaku ហាក់មិនមុតស្រួចសម្រាប់ការស៊ុតរកគ្រាប់បាល់។ 
 
ស្លូវ៉ាគី វាយបកសម្រុកតែមួយលើកនៅដើមវគ្គ កីឡករខ្សែប្រយុទ្ធស្លាប Ivan Schranz ក៏រកបានគ្រាប់បាល់ ១គ្រាប់ បើកការនាំមុខលើបែលហ្ស៊ិក តែម្តងនៅវគ្គទីមួយ។
លទ្ធផល ១-០ នៅតែរក្សា មកដល់វគ្គទីពីរ ខណៈដែលក្រុមទាំងសងខាង តែងព្យាយាមវាយសម្រុកគ្នាខ្លាំងទៅវិញទៅមក។ បែលហ្ស៊ិកមិនចង់ចាញ់ព្យាយាមសម្រុករកគ្រាប់បាល់ ប៉ុន្តែភាពមិនយល់ចិត្តគ្នា ធ្វើឱ្យពួកគេខកខានឱកាសច្រើនលើក ទោះមានទម្រង់លេងសម្រុកខ្លាំងក៏ដោយក្តី។ 
 
ស្លូវ៉ាគី ទោះនាំមុខ ក៏ពួកគេនៅតែបន្តវាយសម្រុកខ្លាំង លើបែលហ្ស៊ិក ដើម្បីធានាថាពួកគេនឹងយកបាន ៣ពិន្ទុ ពីការប្រកួត។ បែលហ្ស៊ិកគ្មានសំណាង ទោះរកបានគ្រាប់បាល់ ២គ្រាប់ ដោយ Lukaku ប៉ុន្តែការត្រួតពិនិត្យដោយប្រព័ន្ធ VAR គ្រាប់បាល់ត្រូវបានបដិសេធ ព្រោះតែការបង្កកំហុសជំហ Offside និងបាល់ប៉ះដៃ។
 
ឈ្នះការប្រកួត ស្លូវ៉ាគី រកបានកំណត់ត្រាឈ្នះការប្រកួត ១លើក មកវិញ បន្ទាប់ពីការប៉ះគ្នា ៣លើក ទល់បែលហ្ស៊ិក ពួកគេចាញ់ ១ និងស្មើ២ ប្រកួត។
ក្រោយពីដណ្តើមបាន ៣ពិន្ទុ ស្លូវ៉ាគី ឡើងឈរនៅចំណាត់ថ្នាក់លេខ ២ ប៉ុណ្ណោះអាសន្ត ក្រោមក្រុមរូម៉ានី នៅកំពូលតារាង ចំណែកបែលហ្ស៊ិកនៅចំណាត់ថ្នាក់លេខ៣។ ការប្រកួតបន្ទាប់ស្លូវ៉ាគី នឹងបន្តទៅជួបក្រុមអ៊ុយក្រែន នៅថ្ងៃទី២១ ខែមិថុនា ចំណែកបែលហ្ស៊ិក នឹងបន្តទៅប៉ះក្រុមរូម៉ានី នៅថ្ងៃទី២៣ ខែមិថុនា៕ 
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com