កីឡាជាតិ
ជាតិ
ជ័យលាភីមេដាយសំរឹទ្ធ Asian Beach Games បានប្រាក់រង្វាន់សរុប១២០០០ដុល្លារ នី សំណាង ទទួលប្រាក់រង្វាន់ពីលោក ថោង ខុន។ រូបថត NOCC
× កីឡាការិនី នី សំណាង និងលោក ធិន វិចិត្រ ដែលជាគ្រូបង្វឹក បានទទួលប្រាក់រង្វាន់ពីរដ្ឋាភិបាល នាពិធីមួយដែលរៀបចំឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ពោលគឺរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់កីឡាការិនីចំបាប់រូបនេះ ដណ្តើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ទ្វីបអាស៊ីលើកទី៤ នៅក្នុងខេត្តភូកេត ប្រទេសថៃ។ សំណាងទទួលបានប្រាក់បន្ថែមពីដៃគូឧបត្ថម្ភនានាផងដែរ។
កីឡាលើឆ្នេរខ្សាច់ទ្វីបអាស៊ី ស្ថិតនៅក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ហើយជ័យលាភីមេដាយពីព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ ត្រូវទទួលបានប្រាក់រង្វាន់ ដោយយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាចុះហត្ថលេខានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំពោះជ័យលាភីមេដាយសំរឹទ្ធ នី សំណាង ត្រូវទទួលបានប្រាក់រង្វាន់ចំនួន២៤លានរៀល (៦០០០ដុល្លារអាមេរិក) រីឯលោក ធិន វិចិត្រ ដែលជាគ្រូបង្វឹក ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងចំនួនដូចគ្នា។
កីឡាការិនី នី សំណាង និងលោក ធិន វិចិត្រ ទទួលបានប្រាក់រង្វាន់ដោយផ្ទាល់ដៃពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានការចូលរួមផងដែរពីថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមពីលើប្រាក់រង្វាន់របស់រដ្ឋាភិបាល កីឡាការិនី នី សំណាង ដែលជាជ័យលាភីមេដាយទីមួយរបស់កម្ពុជាពីព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី ទទួលបានប្រាក់រង្វាន់ផ្សេងទៀត ដូចជា ៣០០០ដុល្លារអាមេរិកពីក្រុមហ៊ុន Cambrew និង៣០០០ដុល្លារអាមេរិកពីសណ្ឋាគារ NagaWorld។ សរុប ការឈ្នះមេដាយសំរឹទ្ធពីកីឡាឆ្នេរខ្សាច់អាស៊ី នាំឲ្យ សំណាង ទទួលបានប្រាក់រង្វាន់ ១២០០០ដុល្លារអាមេរិក។
បើតាមប្រសាសន៍របស់លោក ថោង ខុន ដែលដកស្រង់ដោយគេហទំព័រផ្លូវការ NOCC ក្រោយការចូលរួមអស់រយៈពេល៧ឆ្នាំក្នុងព្រឹត្តិការណ៍ Asian Beach Games កម្ពុជាទើបដណ្តើមបានមេដាយសំរិទ្ធលើកដំបូង និងចាត់ទុកជាប្រវត្តិសាស្ត្រ ដូចក្នុងកីឡាអាស៊ី “Asian Games” ដែលលោកយូ ជិនហុង ដណ្តើម បានមេដាយសំរិទ្ធលើកដំបូងនៅឆ្នាំ១៩៦២ ក្នុងប្រភេទកីឡាប្រដាល់សកលជាប្រវត្តិសាស្ត្រផងដែរ។
លោកបានបញ្ជាក់អោយដឹងទៀតថា កីឡាអាស៊ីតំបន់ឆ្នេរ “Asian Beach Games”គឺជាគោលនយោបាយចលនាអូឡាំពិកអាស៊ី របស់ក្រុមប្រឹក្សា អូឡាំពិកអាស៊ី (OCA) ដើម្បីផ្តល់ឱកាសឲ្យយុវជន កីឡាករ កីឡាការិនី ដែលហ្វឹកហាត់កីឡាលើឆ្នេរខ្សាច់ កីឡាមិន មែន អូឡាំពិក ភាគច្រើនបានជួបជុំគ្នាប្រកួតប្រជែងកីឡាថ្នាក់ទ្វីបដូចកីឡា “Asian Games” ដែរ។
នាព្រឹត្តិការណ៍ Asian Beach Games លើកទី៤នៅក្នុងខេត្តភូកេត ប្រទេស កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងមក កម្ពុជាបានបញ្ជូនកីឡាបីប្រភេទឲ្យទៅចូលរួម ដែលក្នុងនោះមានចំបាប់លើឆ្នេរខ្សាច់ បាល់ទះលើឆ្នេរខ្សាច់ និងកីឡា Footvolley។ នី សំណាង គឺជាអត្តពលិកតែម្នាក់គិតដែលទទួលបានមេដាយ ដោយក្នុងការប្រកួតចំបាប់នារីទម្ងន់៦០គីឡូក្រាម នី សំណាង បានយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ី Rahayu Sri ២-១ ប៉ុន្តែបានចាញ់កីឡាការិនីវៀតណាម Nguyen Thi Nga ២-០ និងចាញ់កីឡាការិនីថៃ Thongkan Kanjana ២-០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com