កីឡាជាតិ
ជាតិ
កម្ពុជា​ត្រៀមខ្លួន​សម្រាប់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០១៥ នៅ​សិង្ហ​បុរី ដោយ​គ្មាន​ចំបាប់ និង​វ៉ូ​វី​ណា​ម
19, Dec 2014 , 7:00 pm        
រូបភាព


គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ពុធ​កន្លងមក បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់​សហព័ន្ធ​កីឡា​ជាតិ​នានា ដើម្បី​ពិភាក្សា​កិច្ច​ការដែល​ពាក់ព័ន្ធ​នឹង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅក្នុង​ប្រទេស​សិង្ហ​បុរី នា​ពាក់កណ្តាល​ឆ្នាំ២០១៥ ខាងមុខនេះ។



ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នឹង​ប្រព្រឹត្ត​ទៅនា​អំឡុង​ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ ដោយ​សិង្ហ​បុរី ទទួលបន្ទុក​ធ្វើជា​ម្ចាស់ផ្ទះ។ បើតាម​ការបញ្ជា​ក់រប​ស់លោក ញ៉ា​ន សុខ​វិសាល នាយ​បេសកកម្ម​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កម្ពុ​ជាមាន​ប្រភេទ​កីឡា​ជាបឋម​ចំនួន២៣ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង ប៉ុន្តែ​ប្រភេទ​កីឡា​មួយចំនួន​នឹងត្រូវ​កាត់ចេញ បន្ទាប់ពី​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​បច្ចេកទេស NOCC និង​ក្រសួង​អប់រំ យុវជន និង​កីឡា។

កាលពី​ថ្ងៃ​ពុធ​កន្លងមក លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​កិច្ចពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ទាក់ទង​នឹង​ការត្រៀម​លក្ខណៈ​នានា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​មួយ​នេះ។

អគ្គលេខាធិការ NOCC លោក វ៉ា​ត់ ចំរើន បាន​លើកឡើងថា ម្ចាស់ផ្ទះ​សិង្ហ​បុរី​បានសម្រេច​ដាក់​កីឡា​ចំនួន៣៦ប្រភេទ​ដោយមាន៤០២វិញ្ញាសា​សម្រាប់​ការប្រកួតប្រជែង ហើយ​កម្ពុជា​សម្រេចចិត្ត​បញ្ជូន​បញ្ជី​ប្រតិភូ និង​អត្ត​ព​លិ​ក រួមជាមួយ​ប្រភេទ​កីឡា​ជាបឋម​ចំនួន២។

ចំពោះ​ការត្រៀម​លក្ខណៈ​នេះ លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​អះអាងថា ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី៦ ខែមករា រហូតដល់​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ។ អ្វីដែល​ខុសប្លែក​ពីឆ្នាំមុនៗ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំថ្ងៃ​ដល់​អត្ត​ព​លិ​ក​គ្រប់រូប​ដើម្បី​គ្រប់គ្រង​ការហូបចុក​ដោយ​ខ្លួនឯង ពោលគឺ​មិនមាន​ការរៀបចំ​អាហារ​រួម​នោះឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​ក្រសួង​បានស្នើ​ដល់​សហព័ន្ធ​កីឡា​ទាំងអស់​ឲ្យ​តាមដាន​ពិនិត្យមើល​ការហូបចុក​របស់​កីឡាករ-កីឡាការិនី ពីព្រោះ​វា​អាច​បង្ក​នូវ​ហា​នី​ភ័យ​ខ្ពស់ ប្រសិនបើ​ពួកគេ​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ។

ដើម្បី​ទទួលបាន​នូវ​ធនធាន​ពិតប្រាកដ អគ្គនាយក​កីឡា លោក អ៊ុក សិទ្ធិ​ជាតិ បាន​ណែនាំ​ដល់​សហព័ន្ធ​ទាំងអស់​ធ្វើការ​ជ្រើសរើស​កីឡាករ-កីឡាការិនី ប្រកបដោយ​សុក្រឹត្យភាព និង​តម្លាភាព ជាពិសេស​ជ្រើសរើស​ចេញពី​ក្នុងចំណោម​អ្នក​ដែល​ឆ្លងកាត់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ហើយ​កីឡាករ-កីឡាការិនី ដែលមាន​មូលដ្ឋាន​នៅ​បរទេស ក៏ត្រូវ​ឆ្លងកាត់​ការធ្វើ​តេ​ស្តិ៍​វាស់​ស្ទង់​កម្រិត​សមត្ថភាព​ផងដែរ។

អ្វីដែល​គួរ​ឲ្យ​សោកស្តាយ កីឡា​ដ៏​មាន​សក្តានុពល​ពីរ​ប្រភេទ​របស់​កម្ពុជា គឺ​ចំបាប់ និង​វ៉ូ​វី​ណា​ម មិន​ត្រូវបាន​ម្ចាស់ផ្ទះ​ដាក់បញ្ចូល​សម្រាប់​ការប្រកួតប្រជែង​នាពេលខាងមុខ​នោះឡើយ ដែល​នេះ ជា​បន្ទុក​ដ៏​ធ្ងន់​របស់​កម្ពុជា​ក្នុង​ស្វែងរក​មេដាយ​ឲ្យ​បាន​ច្រើនជាង​មុន។

កាលពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៧ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា នា​ឆ្នាំ២០១៣ កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​ចំនួន៤៧ ក្នុងនោះ មាស៨ ប្រាក់១១ និង​សំរឹទ្ធ២៨ ។ ក្នុងចំណោម​ជ័យលាភី ដែល​កម្ពុជា​ទទួលបាន​នាពេលនោះ កីឡា​ចំបាប់​ឈ្នះ​មេដាយមាស៤ ប្រាក់២ និង​សំរឹទ្ធ៤ ខណៈ​វ៉ូ​វី​ណា​ម បាន​មេដាយមាស២ ប្រាក់១ និង​សំរឹទ្ធ៧ ។

កីឡា​ទាំង២៣ប្រភេទ ដែល​កម្ពុជា គ្រោង​បញ្ជូន​ជាបឋម​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ​រួមមាន​ដូចជា​ហែល​ទឹក អត្តពលកម្ម វាយ​សី បាល់បោះ ប្រដាល់​សាកល ទូក​កា​នូ ប្រណាំង​កង់​ជិះសេះ​គុន​ដាវ បាល់ទាត់ វាយ​កូន​ហ្គោល កាយសម្ព័ន្ធ យូ​ដូ​ប៉េតង់​បាល់អោប សី​ប៉ា​តា​ក្រ វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ វាយ​កូន​បាល់​ទូក​ប្រពៃណី ទ្រី​យ៉ា​ត្លុង បាល់ទះ និង​វូ​ស៊ូ៕



© រក្សាសិទ្ធិដោយ thmeythmey.com