កីឡាជាតិ
ជាតិ
ប៉េ​តង់​រក​បាន​មេដាយ​ប្រាក់​៣​ដើម្បី​លើក​មុខ​កម្ពុជា​ក្នុង​ Asean University Games
22, Dec 2014 , 11:06 am        
រូបភាព
ក្រុម​កីឡាការិនី​ប៉េតង់​កម្ពុជា។ រូបថត​ហ្វេសប៊ុក Ana Pancake
ក្រុម​កីឡាការិនី​ប៉េតង់​កម្ពុជា។ រូបថត​ហ្វេសប៊ុក Ana Pancake
ដោយ: រួបរួម
ប៉េតង់​នៅតែ​ជា​កីឡា​ដែល​មិន​ឲ្យ​កម្ពុជា​បាក់មុខ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅលើ​ឆាក​អន្តរជាតិ។ ក្នុងការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី១៧នៅក្នុង​ទីក្រុង Palembang ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង ប្រទេស​ឥណ្ឌូនេស៊ី ពីថ្ងៃ​ទី១១ ដល់​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ កន្លងមក ប៉េតង់​ដណ្តើមបាន​មេដាយប្រាក់​ចំនួន៣ ខណៈ​កីឡា​ផ្សេងទៀត​រួមមាន តេ​ក្វាន់​ដូ បាល់ទាត់ វាយ​កូនឃ្លី​លើ​តុ និង​គុន​ដាវ មិន​ទទួលបាន​មេដាយ​ណាមួយ​ឡើយ។



កម្ពុជា​មានឈ្មោះ​ក្នុង​តារាង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី១៧ (ASEAN University Games) បន្ទាប់ពី​កីឡា​ប៉េតង់​ចាប់ផ្តើម​សកម្មភាព​ប្រកួត​ពីថ្ងៃ​ទី១៨ ដល់​ថ្ងៃទី២០ ខែធ្នូ។ ក្នុង៥វិញ្ញាសា​នៃ​កីឡា​ប៉េតង់​នេះ កម្ពុជា​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​រហូត​ទៅដល់​បី​វិញ្ញាសា ប៉ុន្តែ​ពួកគេ​សុទ្ធតែ​បាត់បង់​ឱកាស​ក្នុងការ​ឈ្នះ​មេដាយមាស​ជូន​ជាតិ។

លើ​វិញ្ញាសា​ឯកត្តជន​ផ្នែក​នារី កីឡាការិនី ឈិន ស្រី​ពេជ្រ បាន​យកឈ្នះ​ម៉ាឡេស៊ី ១៣-៦ ឈ្នះ​ថៃ ១៣-៩ និង​ចាញ់​ឥណ្ឌូនេស៊ី ១៣-៨ នា​វគ្គ​ជម្រុះ។ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ស្រី​ពេជ្រ បាន​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី Annisa Alfath ដដែល​ក្នុង​លទ្ធផល ១៣-៨ ដោយ​ទទួលបាន​មេដាយប្រាក់ ខណៈ​កីឡាការិនី​ម៉ាឡេស៊ី បាន​មេដាយ​សំរឹទ្ធ​ក្រោយ​ឈ្នះ​កីឡាការិនី​ថៃ។

សម្រាប់​វិញ្ញាសា​វាយ​គូ​នារី កីឡាការិនី ដួង ឌី​ណា និង​ឃួន យ៉ា​រី បាន​ប្រកួត​ឈ្នះ​ឥណ្ឌូនេស៊ី ១៣-០ ឈ្នះ​ម៉ាឡេស៊ី ១៣-៣ និង​ឈ្នះ​ឡាវ ៨-៦ នៅ​វគ្គ​ជម្រុះ។ ប៉ុន្តែ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពួកគេ​បាន​ប្រកួត​ចាញ់​កីឡាការិនី​ថៃ Virakan Radmai និង Amsa Tongkun ១៣-១ ខណៈ​ក្រុម​កីឡាការិនី​ឡាវ​ឈ្នះ​ម៉ាឡេស៊ី នា​ការប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធ។
រីឯ​ការប្រកួត​វិញ្ញាសា​វាយ​ចម្រុះ កីឡាករ សែម ម៉េង​ឡុង និង​កីឡាការិនី ស៊ុន គ​ន្ធា ក៏បាន​ខក​ឱកាស​ក្នុងការ​ទទួលបាន​មេដាយមាស​ផងដែរ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រុម​ឡាវ Xok Anun Fongsanouvong និង Chansamone Vongsavath នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​ថៃ ឈ្នះ​មេដាយ​សំរឹទ្ធ។

ដោយឡែក វិញ្ញាសារ​វាយ​គូ​បុរស​វិញ ពួកគេ​ទទួលរង​នូវ​ការខកចិត្ត​បន្ទាប់ពី​ចាញ់​ក្រុម​ឡាវ នា​ការប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធ។ សម្រាប់​ប្រភេទ​កីឡា​ប៉េតង់​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​នេះ ថៃ​ឈ្នះ​មេដាយមាស៣ សំរឹទ្ធ១ ឡាវ​ឈ្នះ​មេដាយមាស១ ប្រាក់១ និង​សំរឹទ្ធ២ ឥណ្ឌូនេស៊ី​ឈ្នះ​មេដាយមាស១ ប្រាក់១ កម្ពុជា​ឈ្នះ​ប្រាក់៣ និង​ម៉ាឡេស៊ី​ឈ្នះ​សំរឹទ្ធ២ ។

បើ​គិត​លើ​តារាង​មេដាយ​រួម ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ឈរ​នៅ​លំដាប់​លើ​គេ ដោយ​នាំមុខ ថៃ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន។ ឡាវ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៦ សិង្ហ​បុរី​លេខ៧ ។ មី​យ៉ាន់​ម៉ា​ដែល​ទទួលបាន​មេដាយប្រាក់៣ និង​សំរឹទ្ធ៧ ស្ថិតនៅលើ​កម្ពុជា ខណៈ​ទី​ម័​រ​ខាងកើត​បាន​មេដាយ​សំរឹទ្ធ១ ដោយ​ឈរ​នៅលើ​ប្រ៊ុយណេ​ដែល​មិន​ទទួលបាន​អ្វី​សោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com