ជាតិ
សមត្ថភាព​បញ្ចូល​សំឡេង​របស់ ឋាន​រិ​ទ្ធ និង​ម៉ា​រី​ណែ​ត ទទួលបាន​ប៊ូ​តុង​មាស​ពី ខាត់ សុ​ឃីម
22, Dec 2014 , 12:37 pm        
រូបភាព
ដោយ: រួបរួម
នា​សប្តាហ៍​ចុងក្រោយ​នៃ​វគ្គ Judge Audition ក្នុង​​កម្មវិធី Cambodia’s Got Talent របស់​ទូរទស្សន៍​ហង្ស​មាស តារាចម្រៀង ខាត់ សុ​ឃីម បាន​ចុច​ប៊ូ​តង់​ពណ៌​មាស​ដល់​បេក្ខជន អេ ឋាន​រិ​ទ្ធ និង​បេ​ក្ខ​នារី ឈុន ម៉ា​រី​ណែ​ត ដែល​បាន​បញ្ចេញ​សមត្ថភាព​លើ​ការបញ្ចូល​សំឡេង​ក្នុង​ឈុត​នៃ​រឿង​ដ៏​កំសត់​មួយ។



អេ ឋាន​រិ​ទ្ធ និង ឈុន ម៉ា​រី​ណែ​ត គឺជា​មិត្ត​ភក្ត្រ​រួមការ​ងារ​ផ្នែក​ពិធីករ-ពិធី​ការិនី ដែល​បម្រើការ​នៅ​វិទ្យុ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ម៉ា​រី​ណែ​ត បាន​បញ្ជាក់ថា ពួកគាត់​មិនដែល​ធ្លាប់​បានទទួល​ការបណ្តុះបណ្តាល​ផ្នែក​បញ្ចូល​សំឡេង​ឡើយ ប៉ុន្តែ​ជំនាញ​ដែល​នេះ កើតឡើង​តាមរយៈ​ការងារ​ដែល​ខ្លួន​បំពេញ​ជា​រៀងរាល់ថ្ងៃ។

ក្នុង​រយៈពេល​តែ២នាទី​នៃ​កម្មវិធី Cambodia’s Got Talent ឋាន​រិ​ទ្ធ និង​ម៉ា​រី​ណែ​ត បាន​បញ្ចូល​សំឡេង​ទាក់ទង​នឹង​ឈុត​រឿង​មួយ​ដែល​តួ​ប្រុស​កំពុងស្ថិត​មុខ​ច​ង្គូ​ម​ម​ច្ចរាជ។ នា​ជីវិតចុងក្រោយ​រប​ស់បុ​រស​ដែលមាន​ឈ្មោះថា «ភូ» មានការ​ទួញ​សោក​ពី​មនុស្ស​ជាច្រើន ជាពិសេស​ភរិយា និងកូនៗជាទី​ស្រឡាញ់។

បើ​ផ្អែកលើ​បច្ចេកទេស​នៃ​ការបញ្ចូល​សំឡេង​របស់​អ្នក​ទាំងពីរ គេ​ស្រមៃ​ឃើញ​រូបភាព​មនុស្ស​ជាច្រើន​ទៀត​ដូចជា​ឪពុកម្តាយ ជីដូន​ជីតា អ្នកបម្រើ​ប្រុស​ស្រី រួមទាំង​សំនៀង​ខ្មែរ-ចិន​ប៉ៃឡាំ និង​លាយឡំ​ដោយ​សម្តី​កំប្លុកកំប្លែង​របស់​អ្នកបម្រើ​នៅ​វិនាទី​ចុងក្រោយ​ផងដែរ។

តារាចម្រៀង ខាត់ សុ​ឃីម ដែល​បាន​ចុច​ប៊ូ​តុង​ពណ៌​មាស​ដើម្បី​ឲ្យ​អ្នក​ទាំងពីរ​ឈានដល់​វគ្គ LiveShow ដោយ​មិនចាំបាច់​ប្រកួត​ជម្រុះ បាន​លើកឡើងថា តាមរយៈ​ការ​ផ្ចង់​ស្តាប់​តែ​សំឡេង គាត់​មាន​អារម្មណ៍​ហាក់ដូច​ជាមាន​មនុស្ស​ពី២០ទៅ៣០នាក់។ លោក ព្រាប សុវត្ថិ និង​តារា​កំប្លែង​នាយ កុយ ក៏​ទទួលស្គាល់​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com