ជាតិ
ទូរទស្សន៍​អប្សរា​ប្រគល់​ពាន​ដល់​តារា​ប្រុស​ស្រី១៨នាក់​ក្នុង​កម្មវិធី អប្សរា Award
25, Dec 2014 , 12:35 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុងពិធី​ប្រគល់ពាន​។ រូបថតហ្វេសប៊ុក Pov Lida
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុងពិធី​ប្រគល់ពាន​។ រូបថតហ្វេសប៊ុក Pov Lida
ដោយ: រួបរួម
ទូរទស្សន៍​អ​ប្សា​រា​បានរៀបចំ​ពិធី​ប្រគល់​ពាន​ដល់​តារា​សម្តែង​ប្រុស៩រូប និង​ស្រី៩រូប​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​នៅក្នុង​កម្មវិធី «អប្សរា Award» ឆ្នាំ២០១៤ ។ ពាន​សរុប​ចំនួន២៥ ដែលមាន៦ប្រភេទផ្សេងៗគ្នា ត្រូវបាន​ផ្តល់ជូន​ក្នុង​ពិធី​ផ្លូវ​ការដែល​រៀបចំ​នៅ​សាល​មហោស្រព​ចតុមុខ​កាលពី​រាត្រី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។



កម្មវិធី «អប្សរា Award» ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន ដោយ​លោក ហ្វៃ សំអាង ដែលជា​អ្នកនិពន្ធ និង​ជា​អ្នករៀបចំ​កម្មវិធី​សិល្បៈ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​សំណាក់​លោក ស៊ាន វិសុទ្ធ អគ្គនាយក​ស្ថានីយ៍ទូរទស្សន៍​អប្សរា។

ដំបូង​ឡើយ សិល្បករ-ការិនី២០នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី «អប្សរា Award» រដូវ​កាល​ទី​ពីរ​នេះ ប៉ុន្តែ​ក្រោយមក តារា​សម្តែង​ពីរ​នាក់​បាន​ដកខ្លួន គឺ​កញ្ញា លី ច័ន្ទ​សីហា និង លោក អង់ ឆាយ​ទី។ អស់​រយៈពេល​ជាច្រើន​ខែ តារា​ដែល​ចូលរួម​ប្រកួតប្រជែង​ត្រូវ​បញ្ចេញ​សមត្ថភាព​ខ្លួន​លើ​សិ​ល្បះ​ចំរុះ រួមមាន​ដូចជា ការសំដែង ចម្រៀង​ប្រពៃណី បុរាណ សម័យ សៀក​រហស្សកម្ម ក្បាច់គុន​បុរាណ​ខ្មែរ ជាដើម ក្រោម​ការត្រួតពិនិត្យរ​បស់​តារា​សម្តែង​ជើងចាស់ លោកស្រី ឌី សា​វ៉េ​ត និង​លោក សំ សំអាង តន្ត្រីករ និង​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

តារា​ចំនួន៩រូប​បាន​ទទួលពាន​ពីរ ដែល​ក្នុងនោះ​ផ្នែក​បុរស​រួមមាន លោក អ៊ុន សិទ្ធា (ពាន​ជា​តារា​សម្ដែង​បាន​គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់  Super Star និង ពាន​ជាតា​រាមា​ន​ប្រជាប្រិយភាព)  លោក សាយ រតនៈ (ពាន​ជាតា​រា​គោរព​ពេលវេលា​ល្អឥតខ្ចោះ និង ពាន​ជា​តារា​សម្ដែង​បាន​គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់ Super Star) លោក បញ្ញា សិទ្ធិ (ពាន​ជា​តារា​សម្ដែង​គោរព​ពេលវេលា​ល្អឥតខ្ចោះ និង ពាន​តារា​សម្ដែង​បាន​គ្រប់​ទម្រង់​សិល្បៈ Super Star) លោក សុខ សេរី​វ​ឌ្ឍ​នា (ពាន​ជា​តារា​សម្ដែង មនោសញ្ចេតនា និង​កម្សត់​បានល្អ និង​ពាន​ជា​តារា​គោរព​ពេលវេលា​ល្អឥតខ្ចោះ) លោក យ៉​ន សុភ័ក្ត្រ  (ពាន​ជា​តារា​សម្ដែង មនោសញ្ចេតនា និង កម្សត់​បានល្អ និង ពាន​ជា​តារា​សម្ដែង​គោរព​ពេលវេលា​ល្អឥតខ្ចោះ)។

ចំណែក​តារា​សម្តែង​ស្រី​ដែល​ទទួលបាន​ពីរ​រួមមាន កញ្ញា ដួង ម៉ា​ណា (ពាន​ជា​តារា​សម្ដែង​មនោសញ្ចេតនា និង​កម្សត់​បានល្អ និង ពាន​ជា​តារា​សម្ដែង​គោរព​ពេលវេលា​បានល្អ​ឥតខ្ចោះ) កញ្ញា ពៅ លីដា (ពាន​ជា​តារា​សម្ដែង មនោសញ្ចេតនា និង​កម្សត់​បានល្អ និង​ពាន​ជា​តារា​សម្ដែង​គោរព​ពេលវេលា​ល្អឥតខ្ចោះ) កញ្ញា ញឹម ចាន់ថន (ពាន​ជាតា​រា​គោរព​ពេលវេលា​ល្អឥតខ្ចោះ និង ពាន​ជា​តារា​សម្ដែង​បាន​គ្រាប់​ទម្រង់​សិល្បៈ​ទាំងអស់ Super Star) និង កញ្ញា ថន លក្ខិណា (ពាន​ជា​តារា​សម្ដែង មនោសញ្ចេតនា កាច និង​កម្សត់​បានល្អ និង​ពាន​តារា​មាន​ប្រជាប្រិយភាព)។

តារា​ប្រុស៤រូប និង​តារា​ស្រី៥ផ្សេងទៀត​ក៏​ទទួលបាន​ពាន​ម្នាក់​មួយ​ផងដែរ។ តារា​ប្រុស​រួមមាន​លោក ឡាយ អ៊ិន (ពាន​តារា​សម្ដែង មនោសញ្ចេតនា និង​កំប្លែង​បានល្អ) លោក វី ជី​វ័​ន្ត (ពាន​ជា​តារា​សម្ដែង មនោសញ្ចេតនា និង​កំប្លែង​បានល្អ) លោក អេ​ឡិច ហ្សូ​រ៉ា (ពាន​តារា​សម្ដែង មនោសញ្ចេតនា និង​កម្សត់​បានល្អ) លោក ប៉ែន ភ័ក្ត្រ​សុភា​រិ​ទ្ធ (ពាន​តារា​សម្ដែង មនោសញ្ចេតនា និង​កម្សត់​បានល្អ)។

រីឯ​តារា​ស្រី៥រូប​ដែល​ទទួលបាន​ពាន​ម្នា​ក់មួយ​រួមមាន កញ្ញា នៅ សូ​នី​តា (ពាន​តារា​សម្ដែង មនោសញ្ចេតនា កាច និង​កំប្លែង​បានល្អ) កញ្ញា ចាន់ ស្រីរ័ត្ន (ពាន​តារា​សម្ដែង មនោសញ្ចេតនា កម្សត់ និង​កាច​បានល្អ) កញ្ញា អ៊ុន អា​លីហ្សា (ពាន​តារា​មនោសញ្ចេតនា និង​កាច​បានល្អ) កញ្ញា ឡោម លក្ខិណា (ពាន​ជា​តារា​សម្ដែង​បាន​គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់ Super Star) និង អ្នកនាង ព្រីម ម​ន្ថា  (ពាន​តារា​សម្ដែង មនោសញ្ចេតនា កម្សត់ និង​កាច​បានល្អ)៕
 




© រក្សាសិទ្ធិដោយ thmeythmey.com