កីឡាអន្តរជាតិ
អន្តរជាតិ
ចិន​គ្រោង​កែទម្រង់​វិស័យ​បាល់ទាត់​របស់ខ្លួន ដើម្បី​ក្លាយជា​មហាអំណាច​បាល់ទាត់
19, Mar 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ

រដ្ឋាភិបាល​ចិន​បានបង្ហាញ​មហិច្ឆតា​របស់ខ្លួន លើ​វិស័យ​កីឡាបាល់ទាត់ ដោយ​គ្រោង​នឹងធ្វើ​កំណែទម្រង់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការប្រកួត​កីឡា​ប្រភេទ​នេះ នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CCTV ។



គោលដៅ​សំខាន់​ជា​ចំបង​នៃ​គម្រោង​នេះ​គឺត្រូវធ្វើ​យ៉ាងណា​ដើម្បី​ធានាថា​ក្រុមបាល់ទាត់​ស្ត្រី​របស់​ប្រទេស​ចិន ក្លាយជា​ក្រុម​ខ្លាំង​មួយ​នៅលើ​ពិភពលោក​និង​ចំណែកឯ​ក្រុមបាល់ទាត់​បុរស​វិញ ត្រូវតែ​រីកចម្រើន​ក្លាយជា​ក្រុម​ដែលមាន​កម្លាំង​ដ៏​អស្ចារ្យ​មួយ។

ចំពោះ​គោលដៅ​រយៈពេល​វែង​មួយទៀត​គឺ​ប្រទេស​ចិន ចង់​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក WorldCup ដែល​ចិន​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​តែម្ដង​គត់​កាលពី​ឆ្នាំ ២០០២ហើយ​បាន​ធ្លាក់​ចេញពី​ការប្រកួត ៣២ ក្រុម​ចុងក្រោយ ដោយ​ចាញ់​ក្រុម​ទាំងបី នៅក្នុង​ពូ​ល​និង​បាន​បរាជ័យ​ដោយ​រក​គ្រាប់​បាល់​បានតែ ១ គ្រាប់​តែប៉ុណ្ណោះ។

ដើម្បី​រក​មូលនិធិ​សម្រាប់​ទ្រទ្រង់​គម្រោង​នេះ ចិន​បាន​អំពាវនាវ​ឱ្យមាន​ការបើក​ឆ្នោត​កីឡា​ជាតិ ដើម្បី​យកប្រាក់ ទៅ​បង្កើន​ការវិនិយោគ​នៅក្នុង​វិស័យ​កីឡាបាល់ទាត់។

បើតាម​គម្រោង​នេះ ចិន​ក៏បាន​ស្នើសុំ​ឲ្យ​មានការ​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កីឡាបាល់ទាត់ ពីរ​បន្ថែមទៀត​នៅ​ថ្នាក់ជាតិ​រួមជាមួយ​នឹង​ការបង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​កីឡាបាល់ទាត់​នៅ​ទូទាំងប្រទេស​ផងដែរ។
ឧទាហរណ៍​ផែនការ​នេះ ចង់ឱ្យមាន​ការកសាង​អគារ​បណ្តុះបណ្តាល​កីឡាបាល់ទាត់ ២ ម៉ឺន​នៅក្នុង​សាលាបឋមសិក្សា​និង​មធ្យមសិក្សា​នៅត្រឹម​ឆ្នាំ ២០២០នឹងត្រូវ​សាងសង់​អគារ​លើស​នេះ​ពីរដង​នៅត្រឹម​ឆ្នាំ ២០២៥ ។ ជាក់ស្ដែង សាលារៀន​តែ ៥០០០ប៉ុណ្ណោះ​នៅ​ទូទាំងប្រទេស​ចិន ដែលមាន​ផ្តល់​មធ្យោបាយ​ហ្វឹកហាត់​កីឡាបាល់ទាត់៕


© រក្សាសិទ្ធិដោយ thmeythmey.com