កីឡាអន្តរជាតិ
Floyd ចំណាយ​ជិត២០ម៉ឺន​ដុល្លារ​ជួល​ចុងភៅ​មក​ធ្វើ​អាហារ​មុនពេល​ប្រកួត​ជាមួយ Pacquiao
20, Mar 2015 , 8:00 pm        
រូបភាព
ដោយ:

 
កីឡាករ​ប្រដាល់​សញ្ជាតិ​អាមេរិក Floyd Mayweatherដែលជា​អត្ត​ព​លិ​ក​រកចំណូលបាន​ខ្ពស់បំផុត​នៅលើ​ពិភពលោក​បាន​ជួល​មេ​ចុងភៅ​ផ្ទាល់ខ្លួន​ដើម្បី​មក​ពិនិត្យ​របប​អាហារ​ប្រចាំថ្ងៃ​របស់គាត់​នៅមុន​ពេល​ការប្រកួត​ដ៏​ធំ​មួយ​ក្នុង​អាជីព ជាមួយ​កីឡាករ​សញ្ជាតិ​ហ្វីលីពីន​Manny Pacquiaoនៅ​ខែឧសភា ខាងមុខនេះ។



សារព័ត៌មាន TMZ បាន​ផ្សាយ​ថា កីឡា​Floydបាន​ចំណាយ​ប្រាក់​សរុប ១៨៤ ០០០ ដុល្លារ ដើម្បី​ជួល​មេ​ចុងភៅ​មកពី​ទីក្រុង​ឡាស​វេ​ហ្គាស ដើម្បី​ចម្អិន​អាហារ​ឲ្យ​លោក​ញ៉ាំ ក្នុង​មួយថ្ងៃ ៤ ពេល រហូតដល់​ថ្ងៃ​ប្រ​កូត​ជាមួយ កីឡាករ​Pacquiao។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ចុងភៅ​ដែល​កីឡាករ Floydជួល​មកនេះ គឺមាន​ឈ្មោះ​ហៅ​ក្រៅ​ថា Chef Q ហើយ​នាង​នឹងត្រូវ​ធ្វើការ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ និង ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ធ្វើ​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ សម្រាប់​កីឡាករ Floydឲ្យ​រហូតដល់​ថ្ងៃ​ប្រកួត​មកដល់ នៅ​ថ្ងៃទី២ ខែឧសភា។

បើ​យោងតាម​តម្លៃ​នៃ​ការជួល​ចុងភៅ​នេះ គឺ​មានន័យថា ក្នុង​មួយពេល​កីឡាករ Floydនឹង​បរ​ភោគ​អាហារ​មួយ​ចាន ដែលមាន​តម្លៃ​ជាង ១០០០ ដុល្លារ។ កីឡាករ​ប្រដាល់​រូបនេះ​បាន​និយាយថា៖«អ្នកណា​ក៏ដោយ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក​ប្រសិនបើ​អ្នក​ចង់​ឲ្យ នាង​Chef Qទៅ​ចម្អិន​សម្រាប់​ពួកគេ គឺ​ពួកគេ​ត្រូវ​ចំណាយ​ប្រា​ក់ជាង ១០០០ ដុល្លារ​ក្នុង​មួយ​ចាន។ប៉ុន្តែ​បើ​អ្នក​ស្គាល់​ខ្ញុំ អ្នកនឹង​ទទួលបាន​ការបញ្ចុះ​តំលៃរ»។

ចុងភៅ​Chef Qបាន​ប្រាប់​សារព័ត៌មាន TMZ ថា​របប​អាហារ​ប្រចាំថ្ងៃ​របស់​Floydគឺ​ត្រូវតែមាន​កម្រិត​ប្រូតេអ៊ីន​ខ្ពស់​គ្មាន​ជាតិ​ស្ករ ជាមួយនឹង​សាច់មាន់​សាច់គោ​និង​ត្រី ជាដើម​លាយ​ជាមួយ​គ្រឿងផ្សំ​ស្រស់ ហើយ​មិនត្រូវ​ញ៉ាំ​អាហារ fast food ជាដាច់ខាត។

សូមបញ្ជាក់ថា កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​ទាំងពីរ គឺ Floyd Mayweatherនិង Manny Pacquiao បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ក្នុងការ​ប្រកួត​ដ៏​ធំ​មិន​ធ្លាប់មាន នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ នៅ​សង្វៀន​MGM Grand Garden Arena ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក៕




© រក្សាសិទ្ធិដោយ thmeythmey.com