កីឡាជាតិ
កីឡាអន្តរជាតិ
AFF Suzuki Cup៖ គ្រូម៉ាឡេស៊ីជឿថា ក្រុមលោកអាចផ្ដួលគ្រប់ក្រុមទាំងអស់ ![គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី លោក Ong Kim Swee (រូបភាពី affsuzukicup.com)](https://image.thmeythmey.com/pictures/2016/11/17/ong_kim_swee.jpg)
គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី លោក Ong Kim Swee (រូបភាពី affsuzukicup.com)
×![]()
គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Ong Kim Swee បានបង្ហាញទំនុកចិត្តខ្ពស់ក្នុងការដណ្ដើមពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែវិច្ឆិកា។ គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ីរូបនេះ ជឿជាក់ថា ការរួបរួមគ្នា និងភាពរឹងមាំរបស់កីឡាករខ្សែប្រយុទ្ធ នឹងនាំជោគជ័យឲ្យក្រុមម៉ាឡេស៊ីមិនខាន។
ការប្រកួតពានរង្វាន់ប្រចាំតំបន់ AFF នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ ដោយមានសហម្ចាស់ផ្ទះពីរ គឺហ្វីលីពីន និងមីយ៉ាន់ម៉ា។ នៅមុនការប្រកួតមកដល់ ក្រុមជម្រើសជាតិទាំង៨ក្រុម សុទ្ធតែបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏ធំនេះ។ ដោយឡែក គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី លោក Ong Kim Swee មានជំនឿចិត្តថា កូនក្រុមរបស់លោក នឹងធ្វើបានល្អ និងអាចផ្ដួលគ្រប់ក្រុមទាំងអស់។
ក្នុងកិច្ចសម្ភាសជាមួយ affsuzukicup.com គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះបានបង្ហាញពីទំនុកចិត្តលើកូនក្រុមរបស់លោក បើទោះជាកីឡាករសំខាន់មួយចំនួន ចូលនិវត្តន៍ក៏ដោយ។ លោក Ong Kim Swee និយាយថា៖ «នេះគឺជាការប្រកួតធំបំផុតសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល។ ខ្ញុំគិតថា គ្រប់ក្រុមទាំងអស់មានកម្រិតលេងស្មើគ្នា លើកលែងទាំងជម្រើសជាតិថៃប៉ុណ្ណោះ ដ្បិតតំបន់ប្រយុទ្ធរបស់គេ ផ្លាស់ទីបានរហ័ស។»
គ្រូបង្វឹករូបនេះ ជឿថា ក្រុមដែលមានការលេងរឹងមាំ នឹងមានឱកាសច្រើនដើម្បីក្លាយជាជើងឯក។ ចំពោះក្រុមជម្រើសជាតិម៉ាឡេស៊ីវិញ លោកសង្ឃឹមថា កីឡាករទាំងអស់នឹងប្រឹងអស់ពីសមត្ថភាព ហើយម៉ាឡេស៊ី ក្លាយជាជើងឯកប្រចាំឆ្នាំ២០១៦ ក្រោយខកខានប្រាំមួយឆ្នាំមកហើយ។
លោក Ong Kim Swee សង្កត់ធ្ងន់ថា៖ «ជាបច្ចេកទេស យើងមានកម្រិតស្មើគ្នាដូចក្រុមដទៃទៀត។ ប៉ុន្តែនៅថ្ងៃប្រកួត ប្រសិនបើយើងមានទិចនិចល្អ ព្រមជាមួយការប្រមូលផ្ដុំអារម្មណ៍បានល្អទៀត យើងអាចផ្ដួលគ្រប់ក្រុមទាំងអស់បាន»។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ាឡេស៊ី ស្ថិតនៅក្នុងពូល B ដែលមានម្ចាស់ផ្ទះមីយ៉ាន់ម៉ា កម្ពុជា និងវៀតណាម។ ក្រុមម៉ាឡេស៊ី នឹងបើកឆាកការប្រកួតនេះ តទល់នឹងក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ក្នុងទីក្រុងយ៉ាំងហ្គោន។ ចំណែកឯពូល A មានសហម្ចាស់ផ្ទះហ្វីលីពីន ថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី៕
Tag:
ម៉ាឡេស៊ី
បាល់ទាត់
AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com