កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ប្រេ​ស៊ី​ល​បាន​កៅអី​មុនគេ​ទៅ​រុស្ស៊ី ខណៈ​ថៃ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​
29, Mar 2017 , 5:17 pm        
រូបភាព
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​ក្លាយជា​ក្រុម​ដំបូង​ដែល​អាច​ឈានទៅ​ប្រកួត​ពានរង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​ដោយ​ស្វ័​យប្រ​វត្តិ ខណៈ​ក្រុម​ជម្រើសជាតិ​ថៃ ដែលជា​ក្រុមកីឡា​បាល់ទាត់​តែមួយគត់​របស់​អាស៊ាន ដែល​បាន​លេង​ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ​នេះ បាន​ធ្លាក់​ចេញពី​ពាន​ពិភពលោក​ដោយ​ស្វ័​យប្រ​វត្តិផងដែរ ក្រោយ​ចាញ់​ជប៉ុន ៤-០ នៅ​កីឡដ្ឋាន Saitama  ម្សិលមិញ​។​

 
​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី​លោក Tite បាន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​១​ក្នុង​ពូ​ល​នៃ​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាមេរិក​ឡាទីន ដោយ​ប្រកួត​ឈ្នះ​១០​ដង ចាញ់​១ និង​ស្មើ​៣​ដង មាន​៣៣​ពិន្ទុ នាំមុខ​ក្រុម​ចំណាត់ថ្នាក់​លេខ​២​រហូតដល់​៩​ពិន្ទុ​។ ៣៣​ពិន្ទុ​នេះ​អាច​ឲ្យ​ក្រុមសាំបា​បន្ត​ទៅលេង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន World Cup នៅ​រុស្ស៊ី​បាន​ដោយ​ស្វ័យប្រវត្តិ បើ​ទោះ​សល់​៤​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏ដោយ​។ ៤​ប្រកួត​ចុងក្រោយ ប្រេ​ស៊ី​ល​ត្រូវ​ជួប អេក្វាទ័រ កូ​ឡំ​ប៊ី បូ​លី​វី និង ស៊ី​លី​។​
 
 
​រីឯ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ ក៏​អស់​ឱកាស​ទៅ​រុស្ស៊ី​ដែរ​បន្ទាប់ពី​ចាញ់​ក្រុម​សា​ម៉ូ​រៃ​ជប៉ុន​៤-០​កាលពី​ម្សិលមិញ​។ ថៃ​គឺជា​ក្រុម​តែមួយគត់​របស់​អាស៊ាន​ដែល​បាន​ឈានទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​ពិភពលោក World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​។ ប៉ុន្តែ​បន្ទាប់ពី​ចាញ់​ក្រុម​សា​ម៉ូ​រៃ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល B ថៃ​បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ដោយ​ស្វ័យប្រវត្តិ បើ​ទោះ​សល់​៣​ប្រកួត​ទៀត​ក៏ដោយ​។ 
 
 
​ថៃ​ស្ថិតនៅ​បាត​តារាង​មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ប្រកួត​ស្មើ​១ និង​ចាញ់​៦​ប្រកួត​។ ៣​ប្រកួត​ចុងក្រោយ​របស់​ថៃ​នឹងត្រូវ​ជួប អារ៉ាប់​រួម​អេ​មី​រ៉ា​ត​, អ៊ីរ៉ាក់ និង​ចុងក្រោយ​ជួប អូស្ត្រាលី​៕





Tag:
 បាល់ទាត់​
  World Cup
  ថៃ​
  ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com