កីឡាអន្តរជាតិ
អន្តរជាតិ
ករណីពុករលួយ៖ សហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន បាត់លុយជាង១៤០លានដុល្លារ ![លោក Gianni Infantino ប្រធាន FIFA នាពិធីសមាជរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន](https://image.thmeythmey.com/pictures/2017/04/27/frontpage_.jpg)
លោក Gianni Infantino ប្រធាន FIFA នាពិធីសមាជរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន
×![]()
សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកខាងត្បូង (CONMEBOL) ប្រកាសថា សហព័ន្ធ បានបាត់បង់ប្រាក់ជាង១៤០លានដុល្លារអាមេរិកដែលកើតឡើងដោយសារអំពើពុករលួយ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីនបាននិយាយនៅថ្ងៃទី២៦ មេសា ថា ស្ថាប័ននេះបានបាត់បង់ប្រាក់ច្រើនជាង១៤០លានដុល្លារអាមេរិកក្នុងអំពើពុករលួយក្រោមការដឹកនាំរបស់អតីតអ្នកគ្រប់គ្រងចាស់ ដែលត្រូវចោទប្រកាន់ដោយក្រុមស៊ើបអង្កេតអាមេរិក។
លោក Alejandro Dominguez ប្រធាន CONMEBOL នេះបានប្រាប់ទីភ្នាក់ងារព័ត៌មានAFPថា ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ សហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូង ត្រូវបានគេលួចបន្លំប្រាក់ច្រើនជាង១៤០លានដុល្លារអាមេរិក។ ចំនួនទឹកប្រាក់នេះត្រូវប្រកាសក្នុងសមាជរបស់សហព័ន្ធខាងលើ ក្រោយមានការពិនិត្យបញ្ជីចំណាយក្នុងស្ថាប័ននេះ។
![](https://image.thmeythmey.com/pictures/2017/04/27/thumb2/aj.jpg)
លោក Alejandro Dominguez ប្រធានសហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូង CONMEBOL
ក្នុងករណីពុករលួយនេះ មានមនុស្ស៣នាក់ដែលស្ថិតក្នុងការចោទប្រកាន់ ដែលសុទ្ធិសឹងជាអតីតប្រធានសហព័ន្ធតំបន់ CONMEBOL នេះ។ នាក់ទាំង៣រូបនោះមាន លោក Eugenio Figueredo ជនជាតិអ៊ុយរូហ្គាយ លោក Nicolas Leoz និងលោក Juan Angel Napout ជាជនជាតិប៉ារ៉ាហ្គាយដូចគ្នា។
ក្នុងចំណោមអ្នកទាំង៣ខាងលើមានតែ២នាក់ទេគឺ Figueredo និង Leoz ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនេះ និងរួមទាំមន្ត្រីក្រោមឱវាទ៤០នាក់ផ្សេងទៀតដែលកំពុងឃុំខ្លួននៅក្នុងផ្ទះរង់ចាំការស៊ើបអង្កេតជាបន្តទៀត។
សូមបញ្ជាក់ថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបាត់បង់ក្នុងករណីពុករលួយនេះត្រូវបានបង្ហាញក្នុងពិធីសមាជរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន ដែលធ្វើឡើងនៅថ្ងៃពុធ ទី២៦ ខែមេសា ក្នុងរដ្ឋធានី Santiago ប្រទេសស៊ីលីដោយមានការចូលរួមពីប្រធាន FIFA លោក Gianni Infantino ដែលទទួលតំណែងជំនួសលោក Sepp Blatter កន្លងមក៕
Tag:
បាល់ទាត់
CONMEBOL
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com