កីឡាអន្តរជាតិ
អន្តរជាតិ
Bayern ឈ្នះ Bundesliga ៥​ឆ្នាំ​ជាប់​គ្នា រីឯ Sunderland ធ្លាក់​ចេញពី Premier League ​
30, Apr 2017 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
Bayern Munich បាន​ក្លាយជា​ម្ចាស់​ជើងឯក Bundesliga របស់​អាល្លឺម៉ង់ លើក​ទី​៥​ជាប់ៗ​គ្នា បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ៦-០ នៅ​ទឹកដី​របស់ Wolfsburg​។ នា​ថ្ងៃ​សៅរ៍​ដូចគ្នា Sunderland ក្លាយជា​ក្រុម​ទីមួយ​ដែល​ត្រូវ​ធ្លាក់​ពី​ក្របខណ្ឌ Premier League របស់​អង់គ្លេស ក្រោយ​ចាញ់ Bournemouth ១-០ នៅ​ចុង​ម៉ោង រីឯ Granada ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស Arsenal លោក Tony Adam បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ La Liga ផងដែរ​។​



Bayern Munich ដែល​ដឹកនាំ​ដោយ​លោក Carlo Ancelotti ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​លើ​ម្ចាស់ផ្ទះ Wolfsburg ក្នុង​លទ្ធផល ៦-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ David Alaba, Robert Lewandowski (២​គ្រាប់​), Arjen Robben, Thomas Muller និង Josh Kimmich​។

​ការនាំ​មុខដាច់​រហូត​ដល់​ទៅ​១០​គ្រាប់​លើ​ក្រុម​លេខ​២ RB Leipzig ពី​ការប្រកួត​៣១​លើក នាំ​ឲ្យ Bayern Munich ក្លាយជា​ម្ចាស់​ជើងឯក Bundesliga ៥​សម័យកាល​ជាប់ៗ​គ្នា ដែល​នេះ​ជា​កំណត់ត្រា​មិន​ធ្លាប់មាន​ពីមុន ហើយ​វា​ក៏​ជាការ​ឈ្នះ​ជើងឯក​សរុប​២៧​លើក​ផងដែរ​។​

​នៅ​អង់គ្លេស​ឯណោះ​វិញ ការរង​បរាជ័យ​លើក​ទី​២៣​ក្នុងចំណោម​ការប្រកួត​៣៤​លើក នាំ​ឲ្យ Sunderland ក្រោម​ការដឹកនាំ​របស់​លោក David Moyes មានតែ​២១​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ក្លាយជា​ក្រុម​ទីមួយ​ដែល​ធ្លាក់​ទៅលេង​ក្របខណ្ឌ Championship ។ រីឯ Brighton & Hove Albion និង Newcastle United នឹង​លេង​មកលេង​ក្របខណ្ឌ​កំពូល​នៅ​រដូវ​កាល​ក្រោយ ស្រប​ពេលដែល Wigan Athletic និង Rotherham United បន្ត​ធ្លាក់ចុះ​ទៅកាន់ League One​។ បច្ចុប្បន្ន Chelsea និង Tottenham Hotspur ជា​គូប្រជែង​ដ៏​មុត​ស្រួច​ក្នុង​ការដណ្តើម​ជើងឯក Premier League ខណៈ​តោ​ខៀវ​កំពុង​មានប្រៀប​៤​ពិន្ទុ​។​

នៅក្នុង​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ Barcelona និង Real Madrid នៅតែ​ប្រដេញ​គ្នា​សម្រាប់​តំណែង​ជើងឯក ដោយ​ពួកគេ​មាន​៨១​ពិន្ទុ​ស្មើគ្នា ខណៈ Barcelona ប្រកួត​បាន​៣៥​លើក រីឯ Real បាន​៣៤​លើក​។ ក្រុម​ដែល​ធ្លាក់​ចេញ​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់ Segunda Divison មាន Granada និង Osasuna​។​

នៅ​ក្របខណ្ឌ Serie A អ៊ីតាលី Juventus កំពុងមាន​ប្រៀប ដោយមាន​៨៤​ពិន្ទុ​ពី​ការប្រកួត​៣៤​លើក ដែល​ប្រដេញ​តាម​ពីក្រោយ​ដោយ Roma ដែលមាន​៧៥​ពិន្ទុ​ពី​ការប្រកួត​៣៣​លើក​។ Pescara ជា​ក្រុម​ទីមួយ​ដែល​ធ្លាក់​ទៅកាន់ Serie B នា​រដូវ​កាល​ក្រោយ​។​

រីឯ​នៅ Ligue 1 របស់​បារាំង Paris Saint Germain បន្ត​ប្រដេញ​តាម​ពីក្រោយ Monaco ដើម្បី​ប្រជែង​យក​ជើងឯក​។ ពី​ការប្រកួត​៣៤​លើក Monaco មាន​៨៣​ពិន្ទុ PSG មាន​៨០​ពិន្ទុ​៕



© រក្សាសិទ្ធិដោយ thmeythmey.com