កីឡាអន្តរជាតិ
អន្តរជាតិ
ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍ តែ​ខុសច្បាប់​កីឡា នាំ​ឲ្យ Muntari រង​ពិន័យ​១​ប្រកួត​
03, May 2017 , 3:12 pm        
រូបភាព
Sulley Muntari រង​ពិន័យ​មិន​ឲ្យ​ប្រកួត​១​លើក ដោយសារ​ដើរចេញ​ពី​ទីលាន នា​អំឡុង​ការប្រកួត​ក្របខណ្ឌ​លី​ក​កំពូល​អ៊ីតាលី Serie A កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។ ខ្សែបម្រើ​ក្រុម Pescara រូបនេះ បានទទួល​កាត​លឿង បន្ទាប់ពី​រូបគេ​ប្រាប់​អាជ្ញាកណ្ដាល​ឲ្យ​បញ្ឈប់​ការប្រកួត ដោយសារតែ​មានការ​រើសអើង​ជាតិ​សាសន៍​មកលើ​ខ្លួន ពី​សំណាក់​អ្នកគាំទ្រ​របស់​ក្រុម Cagliari ។



​គណៈកម្មាធិការ​វិន័យ​នៃ​ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A បានសម្រេច​ដាក់ពិន័យ Muntari ១​ប្រកួត ដោយសារ​ខ្សែបម្រើ​ក្រុម Pescara រូបនេះ បានទាមទារ​ឲ្យ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត ព្រោះ​មានការ​រើសអើង​មកលើ​ខ្លួន នា​ការប្រកួត​រវាង Cagliari និង Pescara​។ ប៉ុន្តែ​ការស្នើ​របស់ កីឡាករ​សញ្ជាតិ​ហ្គា​ណា វ័យ​៣២​ឆ្នាំ​រូបនេះ ត្រូវបាន​អាជ្ញាកណ្ដាល​សញ្ជាតិ​អ៊ីតាលី ផ្តល់​កាត​លឿង​ឲ្យ​រូបគេ​ទៅវិញ ដែល​ធ្វើ​ឲ្យ Muntari សម្រេចចិត្ត​ដើរចេញ​ពី​ទីលាន​ប្រកួត​ភ្លាមៗ​តែម្តង​។​

​ការសម្រេច​ដាក់ពិន័យ​១​ប្រកួត​នេះ ដោយសារ​គណៈកម្មាធិកា​រ​យល់ឃើញថា ការដើរ​ចេញពី​ទីលាន និង​ស្នើ​ឲ្យ​បញ្ឈប់​ការប្រកួត កណ្តាល​ទី  រវាង​ក្រុម​ទាំងពីរ របស់ Muntari គឺ​មិន​សក្តិសម​នោះទេ ព្រោះ​មាន​អ្នកគាំទ្រ​ប្រហែល​១០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្រែក​រើសអើង​ជាតិ​សាសន៍ និង​ពណ៌​សម្បុរ​ទៅលើ​រូបគេ​នា​ការប្រកួត​នោះ​។ នេះ​បើតាម Channel News Asia ។



​ទន្ទឹមនឹង​នេះដែរ​ក្រុម Lazio និង Inter Milan ក៏ត្រូវ​បាន​គេ​រកឃើញ​កំហុស នៃ​ឥរិយាបថ​ប្រកាន់​ជាតិ​សាសន៍ ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួកគេ​ផងដែរ​នា​អំឡុងពេល​ការប្រកួត​កន្លងមក ហើយ​ក្លិប​ទាំងពីរ​ក៏ត្រូវ​បាន​ព្រមាន​ថា​នឹង​ប្រឈមមុខ​នឹង​ការបិទ​កីឡដ្ឋាន​ថែមទៀត ប្រសិនបើ​មានការ​រើសអើង​ជាតិ​សាសន៍​របស់​អ្នកគាំទ្រ​នៅក្នុង​ការប្រកួត​ទៀត​នោះ​។​

​សូមបញ្ជាក់ថា ជុំវិញ​ករណី​របស់ អតីត​ខ្សែបម្រើ​ក្រុម Portsmouth និង Inter Milan ខាងលើ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (UNHCR) លោក Zeid Ra'ad al-Hussein បាន​សាទរ​ចំពោះ​ទង្វើ​របស់ Muntari  ។ UNHCR បាន​ហៅ​កីឡាករ​ស្បែក​ខ្មៅ​នេះ​ដូច្នេះ​ថា​៖« Muntari ជា​អ្នក​បំផុសគំនិត​មួយ ដើម្បី​យើងទាំងអស់គ្នា កុំ​ឲ្យ​រើសអើង​ជាតិ​សាសន៍​បន្តទៀត​។  ហើយ​យើង​នឹង​គាំទ្រ និង​ទទួលយក​ជំហរ​មួយ​នេះ​ជានិច្ច​»៕


Tag:
 បាល់ទាត់​
  រើសអើង​ជាតិ​សាសន៍​
  Sulley Muntari
  UN
© រក្សាសិទ្ធិដោយ thmeythmey.com