កីឡាអន្តរជាតិ
អន្តរជាតិ
Schmid គ្រូបង្វឹក​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ MLS ស្លាប់​នៅ​អាយុ​៦៥​ឆ្នាំ
27, Dec 2018 , 9:39 pm        
រូបភាព
​លោក Sigi Schmid ដែលជា​គ្រូបង្វឹក​ជោគជ័យ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លី​គ​កីឡាបាល់ទាត់​អាមេរិក Major League Soccer បាន​ស្លាប់​នៅ​អាយុ ៦៥ ឆ្នាំ ដោយសារ​ជំងឺ​បេះដូង​។​


 
​គ្រួសារ​របស់ Schmid បាន​និយាយថា​លោក​បាន​ស្លាប់​កាលពី​ថ្ងៃ​២៥ ខែធ្នូ នៅឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Ronald Reagan UCLA ក្នុង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក​។ លោក Schmid ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​តាំងពី​៣​សប្តាហ៍​មុនពេល​ស្លាប់​ដើម្បី​រង់ចាំ​ការប្តូរ​បេះដូង​។​
 
«​គ្រួសារ​របស់​យើង​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ការស្លាប់​របស់គាត់ ក៏ដូចជា​ការបាត់បង់​ស្វាមី ឪពុក អ្នកដឹកនាំ និង​ជា​អ្នក​ព្រឹក្សា​ដ៏​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់​ក្រុមគ្រួសារ​លោក Schmid រួមជាមួយ​សេចក្តី​ថ្លែង​ការ​របស់​ក្លិប Seattle Sounders ដែល​លោក​ធ្លាប់​ដឹកនាំ​កន្លងមក​។​
 
​អ្នកចាត់ការ​កូនកាត់​អាល្លឺម៉ង​-​អាមេរិក​រូបនេះ មានកំណត់​ត្រា​ដ៏​អស្ចារ្យ​នៅ MLS ចំនួន ២៦៦​ប្រកួត ក្នុងអំឡុង​ការដឹកនាំ​របស់លោក ១៨ រដូវ​កាល​ជាមួយ LA Galaxy, Columbus Crew និង Sounders​។ Schmid បាន​នាំ​ក្រុម LA Galaxy ឈ្នះ​ពានរង្វាន់ MLS ឆ្នាំ​២០០២ និង Columbus Crew ឆ្នាំ ២០០៨​។ លោក​ក៏​ជាប់​ឈ្មោះ​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំ MLS ពីរដង​ផងដែរ​។

នៅពេល​មក​ដឹកនាំ Seattle Sounders លោក​បាន​ជួយ​ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ US Open ចំនួន​៤​លើក​ចន្លោះ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៦​។​
 
​រហូតដល់​ឆ្នាំ​២០១៧ លោក Schmid បាន​ត្រឡប់​ទៅ​ដឹកនាំ LA Galaxy វិញ ប៉ុន្តែ​លោក​បាន​លាឈប់​ពី​តំណែង​កាលពី​ខែកញ្ញា​កន្លងទៅ ទាំង​នៅសល់​ការប្រកួត​ចំនួន ៦ លើក​ទៀត​ក្នុង​លី​គ ដ្បិត​មាន​បញ្ហា​ជំងឺ​៕
 

Tag:
 បាល់ទាត់​
  Sigi Schmid
© រក្សាសិទ្ធិដោយ thmeythmey.com