កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guadiola៖ ត្រូវ​ព្យាយាម​ឲ្យ​ឈ្នះ​ការប្រកួត ជីវិត​នឹង​ផ្លាស់ប្តូរ​ឆាប់រហ័ស​
07, Feb 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City បាន​ឡើងទៅ​កាន់​កំពូល​តារាង Premier League វិញ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ Everton ២-០​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​មេឃ​ខៀវ បាន​ប្រកួត​លើស Liverpool មួយ​ប្រកួត និង​មាន​៦២​ពិន្ទុ​ស្មើគ្នា តែ​លើស​សំណល់​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​។

 
Aymeric Laporte និង Gabriel Jesus បាន​ស៊ុត​បាល់​បញ្ចូល​ទី​រៀងៗ​ខ្លួន​នៅ​ចុង​តង់​ទីមួយ និង​ទី​ពីរ ដើម្បី​នាំ Manchester City បន្ត​ដាក់​សម្ពាធ​លើ Liverpool ខណៈ​ការ​ពី​ខែ​មុន ហង្ស​ក្រហម បាន​នាំមុខ​ពួកគេ​រហូតដល់​ទៅ​៧​ពិន្ទុ​ឯណោះ​។​
 
​លោក Pep Guardiola បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ជ័យជម្នះ​នៅ Goodison Park នា​ពាក់កណ្តាល​សប្តាហ៍​នេះ បង្ហាញ​ពី​មេរៀន​មួយ​ដ៏​អស្ចារ្យ ទាក់ទង​នឹង​ការមិន​បោះបង់​។ អ្នកចាត់ការ​ទូទៅ​រូបនេះ បន្ថែមថា​៖ «​វា​ជា​មេរៀន​សម្រាប់​កីឡាករ​ទាំងអស់គ្នា​។ ត្រូវ​ព្យាយាម​ឲ្យ​ឈ្នះ​ការប្រកួត ជីវិត​នឹង​ផ្លាស់ប្តូរ​ឆាប់រហ័ស​»​។​
 
​លោក​បាន​បញ្ជាក់ថា លោក​មិនដឹង​ពី​ការគិត​របស់​គូប្រជែង​នោះឡើយ ប៉ុន្តែ​លោក​យល់ថា ក្រុម​ដែល​ត្រូវ​ប្រជែង​ពាន Premier League នា​រដូវ​កាល​នេះ នៅ​ច្រើន​នៅឡើយ ហើយ​ការប្រកួត​នីមួយៗ តែងតែមាន​លក្ខណៈ​តឹងតែង​។​
 
​បច្ចុប្បន្ន ក្រុម​លោក​កំពុង​ត្រៀមខ្លួន​ជួប Chelsea ដែលជា​គូប្រជែង​ពាន​ដ៏​ធំ​មួយនា​ថ្ងៃអាទិត្យ​។ សម្រាប់​លោក Guardiola ៣​ពិន្ទុ​បន្ថែមទៀត​ពិតជា​មាន​សារសំខាន់​ខ្លាំង​ក្នុង​ដំណើរ​ទៅ​រក្សា​តំណែង​ជើងឯក​របស់ខ្លួន​៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com