កីឡាអន្តរជាតិ
អន្តរជាតិ
«​ទំនួល​ខុសត្រូវ​» ជា​មូលហេតុ​នាំ​ឲ្យ Honda ចេញពី Vitesse ក្រោយ​លេង​បាន​៤​ប្រកួត​
24, Dec 2019 , 11:05 am        
រូបភាព
​ខ្សែបម្រើ keisuke Honda និង​ជា​អ្នកចាត់ការ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បានសម្រេច​ចាក​ចេញពី​ក្រុម Vitesse Arnhem នៃ​លី​គ​ក្របខណ្ឌ​កំពូល​ហូ​ឡង់​ហើយ ក្រោយ​ចូលរួម​ជាមួយ​ក្រុម​នេះ​បាន​រយៈពេល​៦​សប្តាហ៍​។ មូលហេតុ​ចម្បង​នៃ​ការចាកចេញ​នេះ ដោយសារ Honda មើលឃើញថា​ខ្លួន មិនអាច​រួមចំណែក​ជួយ​ក្រុម​ឲ្យ​ប្រសើរ​ជាង​នេះឡើយ​។​


 
​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​ទៅ​ចូលរួម​ក្រុម Vitesse កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា​។ រយៈពេល​មួយខែ​កន្លះ Honda បង្ហាញខ្លួន​ឲ្យ​ក្រុម​បាន​ចំនួន​៤​ប្រកួត ដោយ​មិនមាន​គ្រាប់​ស៊ុត និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​ឡើយ​។​
 
Honda បានប្រកាស​ជា​វីដេអូ​តាមរយៈ​បណ្តាញ​សង្គម Instagram ផ្ទាល់​របស់ខ្លួន​ពី​ការចាកចេញ​ថា​៖«​នៅពេល​ខ្ញុំ​មក​ទីនេះ [Vitesse] បេសកកម្ម​របស់ខ្ញុំ​គឺ​ផ្លាស់ប្តូរ​ស្ថានភាព​អាក្រក់​របស់​ក្រុម ប៉ុន្តែ​ខ្ញុំ​មិនបាន​ជោគជ័យ​ទេ​។ នៅពេល​អ្នកចាត់ការ​ទូ​ទៅ​លោក Leonid Slutsky ចុះ​ចេញពី​តំណែង ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​ដែរ​»​។​
​ដោយសារ Vitesse ធ្លាក់​ទម្រង់​លេង​ទើប​អ្នកចាត់ការ Slutsky លាលែង​ពី​តំណែង​អ្នកចាត់ការ​តែម្តង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
 
​អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម AC Milan, CSKA Moscow, Melbourne Victory បញ្ជាក់បន្ថែម​ពី​ជំហរ​ចាកចេញ​ខាងលើ​ថា​៖«​ទាំងអស់នោះ​ហើយ​ជា​មូល​ហេតុដែល​ខ្ញុំ​គិតថា​ខ្ញុំ​គួរតែ​ចាក​ចេញពី​ទីនេះ​បន្ទាប់ពី​រដូវរងារ​។ ខ្ញុំ​សូម​គោរព​និង​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែលជា​មិត្ត​រួម​ក្រុម និង​អ្នកគាំទ្រ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​រូបខ្ញុំ​»​។​
 
Vitesse ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង​ចំណាត់ថ្នាក់​នៃ​លី​គ Eredivisie បណ្តោះអាសន្ន ក្រោយ​រកបាន​៣០​ពិន្ទុ ពី​ការប្រកួត​១៨​លើក ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Ajax Amsterdam ចំនួន​១៤​ពិន្ទុ​៕


Tag:
 keisuke Honda
  Vitesse
© រក្សាសិទ្ធិដោយ thmeythmey.com