កីឡាអន្តរជាតិ
អន្តរជាតិ
Mandzukic ចេញពី Juventus ទៅ​បន្ត​អាជីព​នៅ​ក្រុម​កាតា Al-Duhail
25, Dec 2019 , 10:39 pm        
រូបភាព
​ខ្សែប្រយុទ្ធ Mario Mandzukic បាន​ចាក​ចេញពី Juventus ទៅ​ចូលរួម​ជាមួយ​ក្រុម Al-Duhail នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​កាតា ដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប Al-Duhail ។​


 
​អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី វ័យ​៣៣​ឆ្នាំ​រូបនេះ ធ្លាប់ជួយ​ក្រុម​រហស្សនាម​សេះបង្កង់​ឈ្នះ​ពាន Serie A ចំនួន​៤​លើក និង Coppa Italia ៣ លើក អំឡុង​រូបគេ​ស្នាក់នៅ​ក្រុម​អ៊ីតាលី​នេះ​រយៈពេល​៤​ឆ្នាំកន្លះ​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ ចាប់តាំងពី Juventus ទទួលបាន​កីឡាករ​ល្អៗ​ច្រើន​បានធ្វើ​ឲ្យ Mandzukic មិនសូវ​បាន​លេង​នៅ​ជម្រើស​១១​នាក់​ដំបូង និង​ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​លើស​តម្រូវការ​សម្រាប់​អ្នកចាត់ការ​ទូទៅ​លោក Maurizio Sarri នៅ​រដូវ​កាល​នេះ​។ 
 
​មុនពេល Mandzukic ទៅ​ចូលរួម​ជាមួយ Al-Duhail ដើម្បី​បន្ត​អាជីព​របស់ខ្លួន អតីត​ខ្សែប្រយុទ្ធ​ក្រុម Bayern Munich រូបនេះ ក៏​ធ្លាប់មាន​ការទាក់ទង​ទៅនឹង​ការផ្លាស់​ទៅ​ក្រុម​បិសាច​ក្រហម Manchester United ផងដែរ​។​
 
​ស្រប​ពេលដែល​ក្លិប​យក្ស​អ៊ីតាលី​មិនបាន​ប្រកាស​ពី​ការចាកចេញ​របស់ Mandzukic ក្លិប Al-Duhail បាន​បង្ហោះ​រូបភាព​របស់​កីឡាករ​រូបនេះ​កំពុង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខ្លួន​។​
Mandzukic គឺជា​កីឡាករ​ដ៏​សំខាន់​ក្នុង​ការនាំ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ រុស្ស៊ី ប៉ុន្តែ​ចាញ់​បារាំង​ដោយ​លទ្ធផល ៤-២៕


Tag:
 Mario Mandzukic
  Al-Duhail
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com