កីឡាអន្តរជាតិ
អន្តរជាតិ
Cantona ថា Man Utd បច្ចុប្បន្ន មាន​ស្ថានភាព​ដូច​បុរស​ចំណាស់​ម្នាក់​ដែល​រួមភេទ​
26, Dec 2019 , 11:47 am        
រូបភាព
​លោក Eric Cantona បាន​ប្រៀបធៀប​ស្ថានភាព​ក្រុម​ជាទី​ស្រលាញ់​របស់ខ្លួន Manchester United ទៅនឹង​ការរួម​ភេទ​រប​ស់បុរ​ស​ដែលមាន​វ័យ​ចំណាស់​ម្នាក់​។​

 
​ការលើកឡើង​របស់​វីរបុរស Man Utd រូបនេះ បន្ទាប់ពី​ក្រុម​ដែលមាន​លោក Ole Gunnar Solskjaer ជា​អ្នកដឹកនាំ​នេះ​កំពុងតែ​យ៉ាប់​យ៉ើ​ន​ខ្លាំង​។ បិសាច​ក្រហម​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៨ ក្នុង​តារាង Premier League ដោយមាន​គម្លាត​ពី​ក្រុម​កំពូល​តារាង Liverpool ដល់​ទៅ​២៤​ពិន្ទុ ខណៈ​ខ្លួន​ទើប​រកបាន​២៥​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​១៨​លើក​។​
 
​បុរស​សញ្ជាតិ​បារាំង Cantona បាន​ប្រាប់​កម្មវិធី OTRO ដូច្នេះ​ថា​៖«Manchester United ជា​ក្រុម​ពិសេស​មួយ​ក្នុង​បេះដូង​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​មើល​របៀប​លេង​របស់​ពួកគេ​ឥឡូវនេះ គឺ​ដូចជា​បុរស​ចំណាស់​ម្នាក់​ដែល​កំពុង​ព្យាយាម​បង្កើត​ស្នេហា​។ អ្នក​កំពុង​ព្យាយាម​អស់ពី​កម្លាំងកាយ ប៉ុន្តែ​ចុងបញ្ចប់​អ្នក​ទាំងអស់គ្នា​ទទួលបាន​ត្រឹម​ខកចិត្ត​»​។​


 
​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​បារាំង វ័យ​៥៣​ឆ្នាំ​បាន​បន្ថែម​បែប​លេងសើច​ទៀតថា នៅពេល​លោក​និយាយ​រឿង​ធ្វើ​ឲ្យ​មាន​ស្នេហា​ដូច​មនុស្ស​ចាស់​នេះ​លោក​សូមទោស​ផង ហើយ​លោក​មិន​និយាយ​អំពី​ខ្លួនលោក​ទេ ដោយ​គ្រាន់តែ​ជាការ​ប្រៀបធៀប​ប៉ុណ្ណោះ​។​
 
​យ៉ាងណាក៏ដោយ​លោក Cantona នៅតែ​ជឿជាក់​លើ​ក្រុម Man Utd ថា​នឹង​វិលត្រឡប់​ទៅរក​ភាពខ្លាំង​ដូចដើម​នៅពេល​ឆាប់ៗ ពីព្រោះ​ពួកគេ​ជា​ក្លិប​កីឡាបាល់ទាត់​ធំ​បំផុត​លើ​លោក​។ 
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ នឹង​បើកទ្វារ​កីឡដ្ឋាន Old Trafford ដើម្បី​ទទួលភ្ញៀវ Newcastle United​ ​សម្រាប់​ជំនួប Boxing Day នៅ​យប់​ថ្ងៃទី​២៦ ខែធ្នូ វេលា​ម៉ោង​១២ និង ៣០​នាទី​យប់​៕

Tag:
 Eric Cantona
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com