ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
២០១៩ ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​របស់ Stamp Fairtex ទាំង​ការប្រកួត​លើស​ង្វៀន និង​ក្ដី​ស្រលាញ់​
28, Dec 2019 , 7:59 am        
រូបភាព
ដោយ​៖ ស៊ី​ធី​
២០១៩ ជា​ឆ្នាំ​ដ៏​ជោគជ័យ​បំផុត​សម្រាប់​កីឡាការិនី Stamp Fairtex តាមរយៈ​ការបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី និង​ជ័យជម្នះ​ហូរហែ​លើ​ការប្រកួត​ក្បាច់គុន​ផ្សេងគ្នា រួមទាំង​ក្ដី​ស្រលាញ់​ទៀតផង​។


 
​កីឡាការិនី​វ័យ​២២​ឆ្នាំ បាន​យកឈ្នះ​កីឡាការិនី​សញ្ជាតិ​អាមេរិក  Janet Todd ដើម្បី​កាន់​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title  ដែល​បើក​ឲ្យ​ប្រកួត​លើកដំបូង​កាល​ខែ កុម្ភៈ ហើយ​រូបគេ​ក៏​ក្លាយជា​កីឡាការិនី​ឈ្នះ​ខ្សែក្រវាត់​ពីរ​ស្ថាប័ន​ផ្សេងគ្នា ONE World Champion​។ បន្ទាប់មកទៀត Stamp ក៏​ឡើង​ការពារ​ខ្សែក្រវាត់​បានសម្រេច​ទល់​នឹង​កីឡាការិនី Alma Juniku  កាល​ខែ មិថុនា​។ ក្នុងឆ្នាំនេះ​ដែរ Stamp បាន​ផ្ដោតលើ​ការប្រកួត​គុន​ចម្រុះ​វិញ​ម្ដង​ដើម្បី​ដាក់​គោលដៅ​ឈ្នះ​ខ្សែក្រវាត់​ក្នុង​ប្រភេទ​កីឡា​ទី​៣​របស់ខ្លួន​។ 
 
​កីឡាការិនី​មកពី​ក្លិប Fairtex បានឈ្នះ​កីឡាការិនី​ឥណ្ឌា Asha Roka ដោយ​ប្រើ​ក្បាច់​ឃ្លេ​កនៅ​ទឹក​ទី​៣​កាល​ខែ សីហា និង ឈ្នះ​កីឡាការិនី​កូនកាត់​វៀតណាម​-​អាមេរិក Bi Nguyen ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ កាល​ខែ វិច្ឆិកា​។ Stamp ក្លាយជា​កីឡាការិនី​ដ៏​ជោគជ័យ​បំផុត​នៅ​សង្វៀន ONE Championship មិន​ធ្លាប់មាន នៅ​ឆ្នាំ​២០១៩ និង​បន្ត​គោលដៅ​ខ្លាំងក្លា​ថែមទៀត​នៅ​ឆ្នាំ ២០២០​។ យ៉ាងណាក្ដី មុន​ឈាន​ជើង​ចូលឆ្នាំ ២០២០ កីឡាការិនី​រូបនេះ​ផ្ដល់​បទសម្ភាសន៍​និយាយ​អំពី​ឆ្នាំ ២០១៩ ដូចខាងក្រោម​។ 
 
 
ONE Championship: វា​ជា​ឆ្នាំ​សឹង​មិនគួរ​ជឿ​របស់ Stamp នៅ​ឆ្នាំ ២០១៩ ពេល​ឈ្នះ​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title តើ​មាន​អារម្មណ៍​បែបណា​ដែរ​? 
Stamp Fairtex: វា​ជា​លើកដំបូង​របស់ខ្ញុំ​ដែល​ប្រកួត​បាន​ខ្សែក្រវាត់ Muay Thai World Title​។ សម្រាប់​ខ្ញុំ ! ខ្ញុំ​មាន​អារម្មណ៍​ថា ជា​ជំហាន​ដំបូង​ដែល​ឈានដល់​កម្រិត​ខ្ពស់​ក្នុងការ​ប្រកួត​។ ឥឡូវនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ទទួលបាន​ជោគជ័យ ប៉ុន្តែ នេះ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​។ 


 
ONE: Stamp បាន​យកឈ្នះ Janet Todd និង Alma Juniku ដែល​មើល​ការប្រកួត​អស្ចារ្យ​មែនទែន​? តើ Stamp គិត​បែបណា​បើសិន​មានការ​ប្រកួត​សងសឹក​ឡើងវិញ​? 
SF: ខ្ញុំ​មិន​បារម្ភ​ទាល់តែសោះ​។ ក្រុម​គ្រូបង្វឹក និង ខ្ញុំ បាន​យល់ច្បាស់​អំពី​ការប្រកួត​។ យើង​ត្រូវតែ​ប្រកួត និង បន្ត​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​។ 
 
ONE: ក្នុងនាម​ជា​កីឡាការិនី «​មួយ​ថៃ​» Stamp បាន​ប្រកួត​ក្បាច់គុន​ចម្រុះ​ដែរ​។ តើ Stamp យល់​យ៉ាងណាដែរ​ក្នុងការ​ប្រកួត​គុន​ចម្រុះ ខណៈដែល កីឡាករ​ថៃ​ភាគច្រើន​ប្រកួត​តែ​ក្បាច់ មួយ​ថៃ​? 
SF: ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ដែល​អាច​ប្ដូរ​ទៅ​ប្រកួត​គុន​ចម្រុះ​បាន​ជោគជ័យ ដែល​ខ្ញុំ​មិនដែល​ព្យាយាម​ប្រកួត​កាលពីមុន​។ យើង​បង្កើត​ប្រវត្តិសាស្ត្រ​ផ្សេងទៀត​សម្រាប់​ប្រជាជន​ថៃ​ក្នុង​ក្បាច់គុន​ចម្រុះ​។ ឥឡូវនេះ អន្តរជាតិ​អាច​ឃើញ​ពួកយើង​ក្នុង​ផ្លូវ​ល្អ​លើ​គ្រប់​ប្រភេទ​កីឡា ទោះជា​យើង​មាន​កីឡាករ​តិចតួច​ប្រកួត​គុន​ចម្រុះ​ក៏ដោយ​។ 
 
ONE: ក្នុង​ជីវិត​ឯកជន Stamp បានចាប់ផ្ដើម​ណាត់​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Rodtang Jitmuangnon​។  តើ Stamp អាច​ប្រាប់​បន្តិច​បានទេ​អំពី​ទំនាក់ទំនង​នេះ​? 
SF: Rodtang និង ខ្ញុំ​បាន​ស្គាល់គ្នា​ប្រហែល ៨​ខែ​មកហើយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា អ្វីៗ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។ គាត់​នៅ​ជាមួយ​ម៉ាក់​ប៉ា​ខ្ញុំ និង នៅ​ក្លិប​ហើយ ក៏បាន​ស្វែងយល់​អំពី​ការហ្វឹកហាត់​ផងដែរ​។ Rodtang បំពេញ​ន័យ​បន្ថែម​ដល់​ជីវិត​របស់ខ្ញុំ និង ពាក់ព័ន្ធ​រឿងរ៉ាវ​ជាច្រើន​។ គេ​ជាម​នុស្ស​គួរ​គោរព​សម្រាប់​ក្មេងៗ  និង ផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​ក្មេងៗ​។ 

ONE: តើ​អាចមាន​បញ្ហា​ដល់​ការហ្វឹកហាត់​ទេ បើសិន​មាន​ទំនាក់ទំនង​បែបនេះ​? 
SF: នៅពេល​ហ្វឹកហាត់ វា​គ្មានអ្វី​ចោទ​ជា​បញ្ហា​ទេ​។ នៅ​ប្រទេស​ថៃ មនុស្ស​តែងតែ​គិតថា មាន​សង្សារ​ប្រុស ឬ ស្រី អាច​ប៉ះពាល់​ដល់​ការហ្វឹកហាត់ និង មិន​ផ្ដោត​អារម្មណ៍ល្អ​។  សម្រាប់​ខ្ញុំ ពេល​មាន​សង្សារ​រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ខំប្រឹងប្រែង និង​ផ្ដោតអារម្មណ៍​។ ខ្ញុំ​ចង់​ឲ្យ​គ្រូបង្វឹក និង អ្នកចាត់ការ​របស់ខ្ញុំ​បាន​ឃើញថា​ខ្ញុំ​នៅតែ​ជា​កូនសិស្ស​ល្អ​និង​រឹងមាំ​។ យើង​នៅ​ជាមួយគ្នា  ហើយ​អត់​មាន​បញ្ហា​អ្វី​ទេ​។ Rodtang ជា​កីឡាករ ហើយ​យើង​ហ្វឹកហាត់​ដូចគ្នា​ជាប្រចាំ និង ស្វែងយល់​អំពី​ហ្វឹកហាត់​ធ្វើយ៉ាងណា​ឲ្យ​ល្អ​ទៅ​អនាគត​។ យើង​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក និង​ផ្ដល់​បច្ចេកទេស​ថ្មីៗ​ដល់​គ្នា​។ បើសិន​អ្នកមាន​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់ អ្នក​ត្រូវតែ​តាំងចិត្ត​ធ្វើ​ឲ្យ​បានល្អ​។ 
 
ONE: ក្នុងនាម​ជា​កីឡាករ​អាច​ប្រកួត​លើ​៣​ប្រភេទ​កីឡា​ផ្សេងគ្នា តើ​អ្នកណា​ដែល Stamp ចង់​ជួប​ក្នុងការ​ប្រកួត​គុន​ចម្រុះ​, kickboxing, និង Muay Thai?
SF: មិន​បញ្ហា​សម្រាប់​ខ្ញុំ តែ​វា​អាស្រ័យ​លើ ONE Championship ដើម្បី​សម្រេច​។ ខ្ញុំ​មិនទាន់​ក្លាហាន​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយ​។ ប៉ុន្តែ បើ​គេ​ចាប់​គូ ឬ គេ​ចង់​ប្រកួត ខ្ញុំ​នឹង​សម្រេច​តាម​បំណង​។ 


 
ONE: តើ Stamp ត្រៀម​ហើយ​ឬ​នៅ​ដើម្បី​ប្រកួត​ខ្សែក្រវាត់ ONE Women’s Atomweight World Title?
SF: ខ្ញុំ​គិតថា ខ្ញុំ​ត្រូវការ​វ៉ៃ ៤ ទៅ​៥​ប្រកួត​ទៀត មុនពេល​ប្រជែង​យក​ខ្សែក្រវាត់​។ ខ្ញុំ​ត្រូវការ​ពេលវេលា និង​បទពិសោធន៍ ដើម្បី​ឲ្យ​កាន់​តែមាន​ទំនុកចិត្ត ជាពិសេស​ការប្រកួត​ក្នុង​ជំហរ​ដេក​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ហើយ​ខ្ញុំ​មិន​បារម្ភ​នោះឡើយ​។ 
 
ONE: បច្ចុប្បន្ននេះ តើ​ការប្រកួត​លើ​ប្រភេទ​កីឡា​អ្វីដែល​ចង់​ប្រកួត​ឲ្យ​បាន​ច្រើន​?
SF:  ខ្ញុំ​ចង់​ប្រកួត​ខ្លាំង គឺ គុន​ចម្រុះ ព្រោះ​ជា​អ្វីដែល​ខ្ញុំ កំពុង​ផ្ដោត​នាពេលនេះ​។ បើសិនជា​យើង​និយាយ​អំពី kickboxing ឬ Muay Thai ខ្ញុំ​ជា​ម្ចាស់​ខ្សែក្រវាត់​រួចទៅហើយ​។ ខ្ញុំ​មិន​ចង់​ប្រកួត​ខ្លាំង​ដូច​កាល​មិនទាន់​ឈ្នះ​ខ្សែក្រវាត់​នោះឡើយ​។  ហើយ​បើសិនជា​គេ​ចង់​ដណ្ដើម​ខ្សែក្រវាត់​ពី​ខ្ញុំ ក៏​វា​រាង​ពិបាក​ដែរ​។ 
 
ONE: Stamp អ្វី​ជា​គោលដៅ​នៅ​ឆ្នាំ ២០២០ ហើយ​តើ​វា​អាច​ខុសប្លែក​ពី​ឆ្នាំ​ចាស់​ដោយ​របៀប​ណា​? 
SF: ការពិត​ណាស់​! គោលដៅ​របស់ខ្ញុំ គឺ ការពារ​ខ្សែក្រវាត់​ពិភពលោក​ចំនួន​ពីរ​របស់ខ្ញុំ​។ ខ្ញុំ​ក៏​ចង់បាន​បទពិសោធ​ន៍ប​ន្ថែ​ម​ពី​គុន​ចម្រុះ​ផងដែរ​។ ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​បទពិសោធន៍​ធំធេង​នៅ​ឆ្នាំ ២០២០​។ ខ្ញុំ​ដាក់ចិត្ត​ដាក់​កាយ​ថា ឆ្នាំ ២០២០ ជា​ឆ្នាំ​ជោគជ័យ​បន្ថែមទៀត​។ បន្ថែម​ពីនេះ​ទៀត ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​ធ្វើបាន​ល្អ​ជាង និង ខ្លាំង​ជាង​ឆ្នាំ ២០១៩​។ 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕

© រក្សាសិទ្ធិដោយ thmeythmey.com