កីឡាអន្តរជាតិ
អន្តរជាតិ
ឃើញ​អតីត​ក្លិប​យ៉ាប់យ៉ឺន Neville ស្នើ​ឲ្យ​អនុ​ប្រតិបត្តិ​ក្លិប Man Utd ចេញពី​តំណែង
21, Jan 2020 , 9:39 pm        
រូបភាព
Gary Neville អតីត​ខ្សែការពារ​ស្តាំ​របស់ Manchester United បាន​រិះគន់​ចំពោះ​ការជ្រើសរើស​កីឡាករ​របស់​ក្រុម​នេះ ដែល​បណ្តាល​ឲ្យ​ស្ថានភាព​ក្រុម​រឹតតែ​យ៉ាប់យ៉ឺន​ខ្លាំង​ទៅៗ​។ Neville ថែមទាំង​ស្នើ​ឲ្យ​អនុប្រធាន​ប្រតិបត្តិ​ក្លិប​បិសាច​ក្រហម​លោក Ed Woodward ចុះ​ចេញពី​តំណែង​នេះ​ទៀតផង​។​


 
Man Utd បាន​ចាញ់ Liverpool នា​ជំនួប​ក្របខណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​ក្នុង​លទ្ធផល ២-០​។ បរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer មាន​គម្លាត​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ដល់​ទៅ​៣០​ពិន្ទុ​ឯណោះ ខណៈ​ការប្រកួត​ឈានចូល​សប្តាហ៍​ទី​២៣​។​
 
​លោក Neville ដែល​បានឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស​រហូតដល់​ទៅ​ចំនួន ៨ លើក​ជាមួយ Man Utd អំឡុង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Sir Alex Ferguson បានបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត និង​ខឹងសម្បារ​ចំពោះ​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​អតីត​ក្រុម​ខ្លួន​ដូច​សព្វថ្ងៃនេះ​។ ដោយសារ​បញ្ហា​នេះ បុរស​សញ្ជាតិ​អង់គ្លេស វ័យ​៤៤​ឆ្នាំ ចង់​ឲ្យ​ម្ចាស់​ក្លិប​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល Glazer ចាប់ផ្តើម​ធ្វើ​សកម្មភាព​ផង​។​
 
«​ពួកគេ​បាន​វិនិយោគ​ដ៏​ធំ​សំបើម​មួយចំនួន​ទាក់ទង​នឹង​ការ​ទិញដូរ និង​ជ្រើសរើស​កីឡាករ នៅក្នុង​រយៈពេល ៦-៧ រដូវ​កាល​ចុងក្រោយ ប៉ុន្តែ​ពួកគេ​នៅតែ​ទទួលបាន​លទ្ធផល​អាក្រក់​។ រយៈពេល​៦​ខែ​ទៅមុខទៀត​ក៏​នៅតែ​ពិបាក​ដដែល​។ នេះ​ជាការ​លើកឡើង​របស់ Neville នៅក្នុង​កម្មវិធី​ទូរ​ទស្ស​កីឡា​របស់លោក​។​
 
​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់លោក Woodward បិសាច​ក្រហម បាន​ទិញ​ខ្សែបម្រើ Paul Pogba ពី Juventus ត្រឡប់មកវិញ​ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ១១៥​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦​។ ពួកគេ​បាន​ទិញ​ខ្សែប្រយុទ្ធ Romelu Lukaku ពី Everton តម្លៃ​៩៧​លាន​ដុល្លារ និង​ចុះ​កិច្ច​ស​ន្យ​នាំយក Alexis Sanchez ពី Arsenal នៅ​ឆ្នាំ​២០១៨ ដោយ​ផ្តល់ប្រាក់​ឈ្នួល​១៨​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ទៀតផង​។​
 
​ប៉ុន្តែ​សព្វថ្ងៃ Lukaku និង Sanchez បាន​ទៅ​ចូលរួម​ជាមួយ Inter Milan ហើយ ក្រោយ​មិនបាន​ជួយ​អ្វី​ដល់​ក្រុម​ឲ្យ​សម​នឹង​តម្លៃ​ខ្លួន​។​
 
​បន្ទាប់មក នៅ​ដើមរដូវ​កាល ២០១៩-២០​នេះ Man Utd បាន​បើក​ខ្ទង់ចំណាយ​ដ៏​ច្រើន​ថែមទៀត​ក្នុង​ចំនួន​១៧០​លាន​ដុល្លារ ដើម្បី​នាំចូល​ខ្សែការពារ Harry Maguire ពី Leicester City និង Aaron Wan-Bissaka ពី Crystal Palace រួមទាំង​ខ្សែបម្រើ​ស្លាប Daniel James ពី Swansea City​។​
 
Neville បាន​រិះគន់​លោក Woodward ជុំវិញ​ការទិញ​កីឡាករ​ចួ​ល​ថ្លៃៗ ប៉ុន្តែ​ក្រុម​នៅតែ​មិនមាន​ការរីក​ច​ម្រើ​ឲ្យ​សម​នឹង​ការចំណាយ​។ Neville ដែល​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​នៅ​ឆ្នាំ​២០១១ បាន​ស្មើ​ឲ្យ​លោក Woodward ចុះ​ចេញពី​តំណែង​អនុប្រធាន​ប្រតិបត្តិ​ក្លិប Man Utd ទៀតផង​។​
 
​ឆ្លងកាត់​ការប្រកួត​២៣​លើក ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ ក្នុង​តារាង Premier League ដោយ​រកបាន​៣៤​ពិន្ទុ តាម​ពីក្រោយ Chelsea ដែល​ឈរ​លេខ​៤ ចំនួន​៤​ពិន្ទុ​។ Man Utd ស្ទើ​តែ​អស់​ឱកាស​ដ​ណើ្ត​ម​ពាន​នេះ​ទៅហើយ ប​ន្តែ​ត្រូវធ្វើ​យ៉ាងណា​ប្រជែង​យក​តំណែង Top4 ឲ្យ​ខាងតែបាន​ដើម្បី​បាន​កៅអី​លេង​នៅ​ក្របខណ្ឌ Champions League រដូវ​កាល​ក្រោយ​៕ 

Tag:
 Gary Neville
  Manchester United
  Ed Woodward
© រក្សាសិទ្ធិដោយ thmeythmey.com