ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Rodlek តស៊ូ​ជម្នះ​ពេល​គ្រួសារ​ជួប​រឿង​សោកសៅ​ដ៏​អាក្រក់​
26, Jan 2020 , 7:59 am        
រូបភាព
ដោយ​៖ ស៊ី​ធី​

​នៅពេល​រឿង​សោកសៅ​ដ៏​អាក្រក់​មួយ​បោកបក់​មក​ប៉ះ Rodlek P.K. Saenchaimuaythaigym  ប៉ុន្តែ​បែ​ជា​កីឡាករ​ថៃ​រូបនេះ​បាន​ពង្រឹង​ខ្លួន និង​បំពេញ​កាតព្វកិច្ច​ក្នុង​គ្រួ​សារបាន​យ៉ាង​ល្អ​ទៅវិញ​។ កីឡាករ​វ័យ ២៩ ឆ្នាំ​ដែល​ត្រឡប់​ចូល​សង្វៀន​ជាថ្មី ដោយ​ត្រូវ​ជួប Chris Shaw ក្នុង​កម្មវិធី ONE: FIRE AND FURY នា​ថ្ងៃទី​៣១ មករា បាន​បាត់បង់​ម្ដាយ​កាលពី​ថ្មីៗ​នេះ​ដោយសារ​ជំងឺមហារីក​។​


 
​តារា​ប្រចាំ​នៅ​សង្វៀន ONE Super Series រូបនេះ​ទទួលដំណឹង​អាក្រក់​នៅពេល​រូបគេ​កំពុង​ហ្វឹកហាត់​ត្រៀមខ្លួន​ឡើង​ប្រកួត​ដ៏​សំខាន់​។ ក្រោយ​ការបង្ហាញ​ខ្លួន​នៅ​សង្វៀន ONE តាំងពី​ខែ មិថុនា Rodlek កំពុង​រៀបចំខ្លួន​ដើម្បី​ឡើងមក​ប្រកួត​លើស​ង្វៀន​លំដាប់​ពិភពលោក​ជា​លើក​ទី​២​។ 
 
«​ខ្ញុំ​បាន​ជួប​រឿង​អកុសល​មុនពេល​ខ្ញុំ​ឡើង​សង្វៀន​នៅ​ហ្វីលីពីន​។ ដំបូង​ឡើយ​ម្ដាយ​របស់ខ្ញុំ​ទៅ​ពេទ្យ​ដោយសារ​ឈឺក្រពះ​។ ពេទ្យ​បានផ្ដល់​ថ្នាំ​ហើយ​ត្រលប់មក​ផ្ទះ​វិញ​។ ប៉ុន្តែ​ជំងឺ​នៅតែ​ឈឺ ហើយក៏​ចេញដំណើរ​ទៅ​ពេទ្យ​ញឹកញាប់​។ ក្រោយមក​វេជ្ជបណ្ឌិត​ក៏​ធ្វើតេស្ត​រកមើល​រោគសញ្ញា ហើយ​ឃើញ​មាន​ដុំ​សាច់​ចំនួន ៣​ដុំ គឺ ពីរ​ដុំ​នៅក្នុង​ស្បូន និង មួយទៀត​នៅក្នុង​សួត​។ វា​គឺ​ជំងឺមហារីក​»​។ ម្ចាស់​ខ្សែក្រវាត់ Channel 7 Muay Thai World Champion បាន​ប្រាប់​បែបនេះ​។ 
 
​គ្រានោះ Rodlek ចង់​ដកខ្លួន​ពី​ការប្រកួត និង ត្រលប់​ទៅ​មើល​ម្ដាយ​កំពុង​ឈឺ ប៉ុន្តែ​ឳ​ពុក​រួមទាំង​ម្ដាយ​បាន​ប្រាប់ថា កុំ​បារម្ភ និង បន្ត​ផ្ដោតលើ​ការងារ​បន្ថែមទៀត​។ យ៉ាងណាក្ដី ប៉ា​របស់គេ និង បងប្អូន​នៅ​កំដរ​ម៉ាក់​របស់ខ្លួន​មិន​ឲ្យ​ឯកា​នោះឡើយ​។ 
 
Rodlek បានបញ្ជាក់ ៖«​ខ្ញុំ​ចង់ទៅ​ផ្ទះ​ណាស់​ពេលឮ​ដំណឹង​បែបនេះ ប៉ុន្តែ​ប៉ា​របស់ខ្ញុំ​បាន​ប្រាប់ថា គាត់​មើលថែ​ម្ដាយ​ហើយ ...​ចាំ​វ៉ៃ​រួច​ចាំ​មក​មើល​។ គាត់​ប្រាប់ថា ត្រូវ​ឡើង​ប្រកួត​ផង ខំ​ហា​ត់ទៅ​»​។ 
 
​ការ​ចេញទៅ​ប្រកួត​នៅ ONE: DAWN OF HEROES  គឺជា​រឿង​លំបាក​បំផុត​មួយ និង រឿងរ៉ាវ​ស្មុគ​ចិត្ត​ចេះតែ​តាម​រំខាន​ក្នុងការ​ហ្វឹកហាត់​សម្រាប់ Rodlek​។ នៅពេល​ហ្វឹកហាត់​ម្ដងៗ រូបគេ​តែងតែ​នឹកឃើញ​អំពី​ម្ដាយ​ឈឺ​។ .
 
​កីឡាករ​វ័យ ២៩ ឆ្នាំ​ដដែល​រំលឹក​៖«​ខ្ញុំ​តែងតែ​នឹកឃើញ​ម្ដាយ​របស់ខ្ញុំ​។ ពេលខ្លះ​មិនបាន​ហ្វឹកហាត់​ល្អ ប៉ុន្តែ ខ្ញុំ​ភ្ញាក់ឡើង​រៀងរាល់​ព្រឹក និង ហាត់​ពីរដង​ក្នុង​១​ថ្ងៃជា​ប្រចាំ​។ អារម្មណ៍​របស់ខ្ញុំ​មិន​នៅ​នឹង​ការហ្វឹកហាត់​ឡើយ​។ ខ្ញុំ​នឹកភ្នក​ដល់​ម្ដាយ​របស់ខ្ញុំ​។ ពេលនោះ​ប៉ា​របស់ខ្ញុំ​បាន​លើកទឹកចិត្ត​ដល់​ខ្ញុំ​ជារឿយៗ​។ ខ្ញុំ​មិនមាន​អារម្មណ៍ល្អ​។ ខ្ញុំ​ចង់​នៅក្បែរ​ម្ដាយ​របស់ខ្ញុំ​។ តែ​ប៉ា​របស់ខ្ញុំ​លើកទឹកចិត្ត​រហូត​ឲ្យ​ខ្ញុំ​ផ្ដោតលើ​ការងារ ចាំ​ប្រកួត​ចប់​»​។
 
​អ្នកគាំទ្រ​ជាច្រើន​មិនបាន​ដឹង​ឡើយ​ពេល​រូបគេ​ឡើង​សង្វៀន Mall Of Asia Arena នៅ​ហ្វីលីពីន​កន្លងមក និង​ធ្វើបាន​យ៉ាង​ល្អ​នៅ​ទីនោះ​។ គេ​ប៉ះ Andrew Miller ដែលមាន​កម្ពស់​ខ្ពស់ជាង​រហូតដល់ ១២​សង់ទីម៉ែត្រ​។ យ៉ាងណាក្ដី កីឡាករ​ថៃ​រូបនេះ​អាច​ចូល​កៀក​និង​ផ្ដួល​ដៃគូ​សញ្ជាតិ​ស្កុ​តឡែ​ន​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​៣​ដោយ​ប្រើ​កណ្ដាប់​ដៃស្ដាំ​។ 


 
​វា​ជា​ជ័យជម្នះ​មួយ​មិនអាច​បំភ្លេចបាន​ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE សម្រាប់​កីឡាករ​មកពី​ភាគខាងត្បូង​ប្រទេស​ថៃ​រូបនេះ​។ បន្ទាប់ពី​ប្រកួត​ចប់ រូបគេ​បានធ្វើ​ដំណើរ​មក​ប្រទេស​ថៃ​ដើម្បី​មើល​ម្ដាយ​វិញ​។ ជា​រឿង​កាន់តែ​សង្វេគ នៅពេល​រូបគេ​មកដល់ និង នៅ​ជាមួយ​ម្ដាយ​មិនបាន​ប៉ុន្មាន​ផង ម្ដាយ​របស់គេ​ក៏​លាចាក​លោក​នេះ​ទៅ​។​
 
Rodlek រៀបរាប់​បន្ត ៖«​ជាធម្មតា បន្ទាប់ពី​ការប្រកួត​ខ្ញុំ​ត្រលប់​ទៅផ្ទះ​ដើម្បី​មើល​ឳ​ពុក​ម្ដាយ​របស់ខ្ញុំ ។ ពេល​ទៅណា យើង​ទៅ​ទាំងអស់គ្នា​។ ពេល​ម៉ាក់​របស់ខ្ញុំ​ស្លាប់ អ្វីៗ គឺ​ត្រូវ​ផ្លាស់ប្ដូរ ។ ពីមុន​យើង​ធ្លាប់​ទៅ​ជាមួយគ្នា តែ​ឥឡូវ​ប៉ា​របស់ខ្ញុំ​ទៅណា​មក​ណា​ម្នាក់ឯង​។ វា​ពិតជា​ផ្លាស់ប្ដូរ​ខ្លាំងណាស់​។ ពេល​ម៉ាក់​ខ្ញុំ​ស្លាប់ទៅ ខ្ញុំ​បានរស់នៅ​ក្បែរ​ប៉ា​របស់ខ្ញុំ​ជិត​មួយខែ រហូតដល់​គាត់​មាន​អារម្មណ៍​ប្រសើរឡើង​»​។ 
 
Rodlek ត្រលប់​ទៅ​ហ្វឹកហាត់​នៅ​ក្រុង​បាងកក​ក្នុង​ក្លិប P.K. Saenchaimuaythaigym និង បន្ត​ហ្វឹកហាត់​ត្រៀម​ឡើង​ប្រកួត​នានា​។ បែបណា​ក្ដី Rodlek ឲ្យ​ដឹងថា ប៉ា​របស់ខ្លួន​តែងតែ​នៅក្រោយ​ខ្នង និង លើកទឹកចិត្ត​រូបគេ​ជានិច្ច និង យល់​អំពី​តម្លៃ​នៃ​ការងារ​របស់​រូបគេ​។ 
 
«​បច្ចុប្បន្ន ខ្ញុំ​បានខ​ល​ទៅ​គាត់​រហូត ព្រោះ​ខ្ញុំ​មិនបាន​ឃើញ​គាត់​ញឹកញាប់​ដូច​ពីមុន​ទេ​។ ខ្ញុំ​នៅ​ឡើង​ប្រកួត​ដើម្បី​គ្រួសារ និង​ប៉ា​របស់ខ្ញុំ​។ គាត់​លើកទឹកចិត្ត​ខ្ញុំ​និង​នៅ​ខាង​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​ត្រូវ​មើលថែ​និង​តបស្នង​គាត់​វិញ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​ផ្ដោតលើ​ការងារ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​បាក់​ទឹកចិត្ត​ទេ​»​។ Rodlek គូសបញ្ជាក់​យ៉ាង​ដូច្នេះ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុម​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com